អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួង ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជនបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងសុខាភិបាល គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញនិងស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី(LOLC)បានបើកយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋដែលមកទស្សនាររាជធានីភ្នំពេញ ។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលរខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យដ៏មហោឡារឹកនេះឆ្នាំ២០១៨បានផ្តោតលើប្រធានបទ “ទាំងអស់គ្នាដើម្បីការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍”ក្នុងន័យនេះរាជរដ្ឋាភិបាលបានគាំទ្រ លើកទឹកចិត្ត និងជម្រុញដល់ការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍បង្ហាញពី ឆន្ទះ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ និងកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ គោរពសិទ្ធិមនុស្ស។
ជាមួយគ្នានេះដែរ លោក លឹម តុងហួត បានបន្ថែមថា ការព្យាបាលអ្នកញៀនគ្រឿងញៀនមានភាពស្មុគ្រស្មាញដែលទាមទារឱ្យមានការចូលរួមពហុវិស័យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសុខាភិបាល ស្ថាប័នអនុវត្តច្បាប់ និងអង្គការមិនមែនរដ្ឋាភិបាល ខិតខំរួមគ្នានិង សហការគ្នាយ៉ាងជិតស្និទ្ធចាំបាច់ដែលមិនអាចខ្វះបានក្នុងការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ទន្ទឹមនឹងនេះមន្រ្តីអនុវត្តច្បាប់មានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនអ្នកញៀនគ្រឿងញៀនទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាព “មន្រ្តីអនុវត្តច្បាប់ម្នាក់ជាអ្នកផ្តល់ប្រឹក្សាម្នាក់ក្នុងការជួយព្យាបាលអ្នកញៀនគ្រឿងញៀនក្នុងសហគមន៍ “ ធ្វើឱ្យភូមិឃុំ សង្កាត់ មានសុវត្ថិភាព។
សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនរយ:កាលដើរជាក្បួនមហាជនត្រើយខាងលិចទន្លេសាបចតុមុខ និងការប្រគំតន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀន ទស្សនាការតាំងពិព័ណរូបភាពអប់រំ សម្តែងរឿងអប់រំខ្លី ចែកខិត្តបណ្ណ័ ឆ្លើយសំណួរយករង្វាន់ជាអាវយឺត ឆត្រ័ សាប៊ូ ប៊ិច សៀវភៅ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំពេញរយះពេលបីថ្ងៃពេញ ២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង១១ថ្ងៃត្រង់តទៅ។