ខ្មែរប៉ុស្ដិ៍ Close

អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្តបន្តរុះរើតូបលក់ដូរដោយស្ម័គ្រចិត្តហើយត្រៀមទៅលក់នៅកន្លែងថ្មី

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ មុខរបរ 19
អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្តបន្តរុះរើតូបលក់ដូរដោយស្ម័គ្រចិត្តហើយត្រៀមទៅលក់នៅកន្លែងថ្មី អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្តបន្តរុះរើតូបលក់ដូរដោយស្ម័គ្រចិត្តហើយត្រៀមទៅលក់នៅកន្លែងថ្មី

សៀមរាប៖អាជីវករលក់ដូរសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារនៅជុំវិញត្រពាំងសេស បាននាំគ្នារុះរើតូបលក់ដូររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីត្រៀមទៅកាន់កន្លែងថ្មីដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យ។ អ្នកស្រី ស៊ាង ស៊ត់ អាជីវករលក់បាយ មាន់អាំង និងម្ហូបកុម្ម៉ង់ តាំងពីឆ្នាំ១៩៩១ បានលើកឡើងថា កន្លែងនេះ អ្នកស្រីមានអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយភ្ញៀវជាតិ-អន្តរជាតិដែលមកពិសាអាហារនៅទីនេះ។

កន្លែងនេះក៏បានផ្តល់នូវភាពធូរធារដល់ជីវភាពគ្រួសារគាត់ ចិញ្ចឹមកូនៗបានរៀនសូត្រខ្ពង់ខ្ពស់។ អ្នកស្រីសប្បាយរីករាយក្នុងការរុះរើសំណង់ទាំងនេះដោយស្ម័គ្រចិត្ត ព្រោះអាជ្ញាធរជាតិអប្សរាបានផ្តល់ទីតាំងថ្មីសម្រាប់លក់ដូរបន្ត ដែលថ្មី ស្អាត ហើយមានអនាម័យជាងកន្លែងចាស់។ អ្នកស្រី ស៊ត់បានគាំទ្រចំពោះវិធានការរបស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំបរិវេណជុំវិញត្រពាំងសេសឱ្យស្អាតដើម្បីអង្គរមានសណ្ដាប់ធ្នាប់ មានភាពបៃតង ឱ្យភ្ញៀវទេសចរមកលេងកាន់តែច្រើន លក់ដូរក៏កាន់តែដាច់។

អ្នកស្រី មាស សាគុណ ម្ចាស់តូបចំនួន៤ខ្នង លក់វត្ថុអនុស្សាវរីយ៍បោះដុំ និងរាយនៅខាងកើតត្រពាំងសេស បានចាប់ប្រកបរបរនេះតាំងពីឆ្នាំ១៩៩០ជាងនោះ ក៏ពុំបានជំទាស់នឹងវិធានការអភិវឌ្ឍបរិវេណមុខប្រាសាទអង្គរវត្តឡើយ ព្រោះអ្នកស្រីដឹងថា ទីនេះជាដីកម្មសិទ្ធិរបស់រដ្ឋ រដ្ឋយកវិញពេលណាក៏នឹងព្រមប្រគល់ជូនដោយស្ម័គ្រចិត្តដូចជាការរុះរើនៅថ្ងៃនេះស្រាប់។ ដំបូងឡើយ អ្នកស្រីក៏មានការបារម្ភណាស់ដែរ តែលុះបានទទួលព័ត៌មានពីអាជ្ញាធរជាតិអប្សរា បានឃើញកន្លែងលក់ដូរថ្មីក៏មានចិត្តសប្បាយរីករាយទទួលយក ព្រោះគ្រប់គ្នាត្រូវតែរុះរើចេញពីទីតាំងត្រពាំងសេសនេះដូចគ្នាទាំងអស់។

ក្នុងស្មារតីស្រឡាញ់អង្គរ ហើយក៏ជាអ្នកទទួលបានផលយ៉ាងច្រើនពីប្រាសាទនេះលោក យ៉ាង សុភាព ជាអ្នកលក់ម្ហូបអាហារបានប្រាប់ បានគាំទ្រចំពោះការរុះរើនេះ គឺរដ្ឋបានផ្តល់សំណងឱ្យ ហើយរដ្ឋអនុវត្តការងារនេះស្មើភាពគ្នា ដូច្នេះលោកគ្មានអ្វីដែលជំទាស់ទេដើម្បី កែប្រែកន្លែងនេះឱ្យមានសោភ័ណភាពស្អាតទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ លោក សុភាពសង្ឃឹមថា ការទៅលក់នៅទីតាំងថ្មីនឹងទទួលបានអតិថិជនច្រើនៗព្រោះទីនោះស្អាត មានអនាម័យ មានទឹកភ្លើង ងាយស្រួលជាងកន្លែងចាស់៕

អត្ថបទទាក់ទង