ខ្មែរប៉ុស្ដិ៍ Close

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការសាងសង់សំណង់នៅក្នុងរមណីយដ្ឋានអង្គរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 65
ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការសាងសង់សំណង់នៅក្នុងរមណីយដ្ឋានអង្គរ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការសាងសង់សំណង់នៅក្នុងរមណីយដ្ឋានអង្គរ

យោងតាមសេចក្តីសម្រេចលេខ៧០ សសរ ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ បានកំណត់ថា ប្រជាពលរដ្ឋដែលមានលំនៅឋាន និងរស់នៅយូរលង់ណាស់មកហើយ អាចបន្តរស់នៅតទៅទៀត ដោយមិនតម្រូវឱ្យចាកចេញពីភូមិដ្ឋានឡើយ។ អ្នកភូមិទាំងនោះ អាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីអាជ្ញាធរអប្សរា។ ក៏ប៉ុន្តែ រាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត។

លោកឡូយ អ៊ាត អាយុ៦២ឆ្នាំ រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាបបានឱ្យដឹងថា លោករស់នៅក្នុងមូលដ្ឋាននេះជាច្រើនឆ្នាំមកហើយ ពោលគឺនៅមុនឆ្នាំ១៩៩៣ ដោយទទួលបានកេរ្តិ៍មរតកជាដីធ្លីទាំងនេះពីដូនតាមក។ លោកបន្តថា ដើមឡើយលំនៅឋានរបស់លោក មានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង តែលោកមិនហានដាក់ពាក្យស្នើសុំជួសជុលឡើយ ព្រោះយល់ថាអាជ្ញាធរជាតិអប្សរាមិនអនុញ្ញាត។ តែក្រោយមកលោកក៏ទទួលបានព័ត៌មានតាមការផ្សព្វផ្សាយពីក្រុមការងារសហគមន៍ថា ប្រជាពលរដ្ឋដែលរស់នៅយូរលង់ណាស់មកហើយ អាចស្នើសុំជួសជួលផ្ទះចាស់ទ្រុឌទ្រោមបាន ទើបលោកសម្រេចចិត្តដាក់ពាក្យស្នើសុំជាបន្តបន្ទាប់រហូតអាចជួសជុលលំនៅឋានរបស់លោក បានល្អប្រសើដូចសព្វថ្ងៃ។

លោកបន្តទៀតថា ថ្មីៗនេះលោកទើបទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា បន្ទាប់ពីលោកបានដាក់ពាក្យស្នើសុំ ដើម្បីតសំយាបប្រវែង៣ម៉ែត្ររៀបចំជាពីរបន្ទប់ និងចាក់សាបខាងក្រោមផ្ទះ ដើម្បីសម្រួលដល់ការរស់នៅ ព្រោះថាកូនៗដែលមានចំនួន៨នាក់ កាន់តែធំ ក៏ត្រូវរៀបចំបន្ទប់សម្រាប់ពួកគេ។
បុរសវ័យ៦២ឆ្នាំខាងលើ បានរៀបរាប់ទាំងក្តីសប្បាយរីករាយទៀតថា លោកពិតជាមានមោទនភាពយ៉ាងខ្លំាងដែលបានរស់នៅនិងអាស្រ័យផលក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថារមណីយដ្ឋានអង្គរទាំងមូលបានផ្តល់ឱ្យរូបលោក និងប្រជាពលរដ្ឋដទៃទៀត នូវប្រាក់ចំណូលពីវិស័យទេសចរមិនចេះរីងស្ងួត។

ចំណែកលោកស្រី ឈិន បូលីន អាយុ ៧១ឆ្នាំ រស់នៅ ភូមិគោកតាចាន់ សង្កាត់គោកចក បានរៀបរាប់ថា លោកស្រីបានរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាយូរឆ្នាំណាស់មកហើយ។ ចំណែកការសុំច្បាប់សាងសង់ឬជួសជុលផ្ទះ មានភាពងាយស្រួល មិនមានភាពស្មុគស្មាញអ្វីឡើយ ដោយធ្វើឡើងតាមរយៈភូមិ ឃុំ និងបន្តទៅអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះ និងមានក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ចុះមកពិនិត្យទៅតាមអ្វីដែលយើងបានស្នើសុំ។

លោក នង សុវណ្ណារិទ្ធ អនុប្រធានលេខាធិការដ្ឋានសហគមន៍បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរជាយូរលង់ណាស់មកហើយ អាជ្ញាធរជាតិអប្សរា មិនបានហាមឃាត់ការជួសជុលផ្ទះសម្បែង បន្ទប់ទឹក ចង្រ្គានបាយ ឬរោងចិញ្ចឹមសត្វរបស់ពួកគាត់ឡើយ តែនៅពេលត្រូវការសាងសង់ឬជួសជួលលំនៅស្ថានរបស់ខ្លួន ពួកគាត់ត្រូវតែដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា តាមរយៈអាជ្ញាធរភូមិ ឃុំដែលនៅជិតបំផុត។ លោកបន្តថា រាល់ការដាក់ពាក្យស្នើសុំរបស់ប្រជាពលរដ្ឋមិនតម្រូវឱ្យបង់ប្រាក់ឡើយ តែពួកគាត់ត្រូវភ្ជាប់មកជាមួយនូវ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីដែលមានការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់។

សូមបញ្ជាក់ថា៖ ៦ខែដើមឆ្នាំ២០២២នេះ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុល និងសាងសង់តូចតាច ចំនួន៩២៧សំណើ ក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៦៨៣សំណើ។

សូមជម្រាបផងដែរថា យោងខ្លឹមសារសំខាន់ៗនៃបទបញ្ជាលេខ០២ ប.ប ស្តីពីការទប់ស្កាត់ និងលុបបំបាត់ អំពើអនាធិបតេយ្យនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប បានកំណត់ថា៖ អាជ្ញាធរជាតិអប្សរា ជាស្ថាប័នផ្តាច់មុខក្នុងការចេញលិខិតអនុញ្ញាតសាងសង់សម្រាប់ការស្ថាបនាទាំងឡាយក្នុងរង្វង់តំបន់រមណីយដ្ឋានអង្គរ។ សំណង់ដែលបានសាងសង់រួច ដោយគ្មានច្បាប់អនុញ្ញាត ត្រូវរុះរើចេញវិញ។
អាជ្ញាធរជាតិអប្សរា ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់ការអនុវត្តជាបន្ទាន់បំផុត នូវការចុះស្រង់ស្ថិតិឈ្មោះជនល្មើស និងទីតាំងនីយមួយៗឱ្យបានច្បាស់លាស់ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ជាធរមាន និងត្រូវទប់ស្កាត់មិនឱ្យមានអំពើអនាធិបតេយ្យ កើតឡើងជាថ្មីនៅតំបន់ទាំងពីរនេះតទៅទៀតឡើយ។
នោះដែរដើម្បីសំដែននូវការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានចូលរួមគោរពច្បាប់ ក្នុងការស្នើសុំច្បាប់ជួសជុល និងសាងសង់ផ្ទះ កន្លងមកអាជ្ញាធរជាតិអប្សរា ក៏ធ្លាប់បានផ្តល់ប័ណ្ណសរសើរ ដល់ប្រជាពលរដ្ឋដែលបានសាងសង់ផ្ទះខ្មែរស្របទៅតាមប្លង់ស្ថាបត្យកម្មដែលអាជ្ញាធរជាតិអប្សរាប្រគល់ជូន៕

អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោក យី សុថា

អត្ថបទទាក់ទង