ខ្មែរប៉ុស្ដិ៍ Close

ពលរដ្ឋសាទរចំពោះការរៀបចំសួនច្បារថ្មីនៅបរិវេណមុខប្រាសាទអង្គរវត្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 21
ពលរដ្ឋសាទរចំពោះការរៀបចំសួនច្បារថ្មីនៅបរិវេណមុខប្រាសាទអង្គរវត្ត ពលរដ្ឋសាទរចំពោះការរៀបចំសួនច្បារថ្មីនៅបរិវេណមុខប្រាសាទអង្គរវត្ត

បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខ មាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននិងកំពុងរៀបចំជាបន្ត បន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍ បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។

លោក រ៉ែល អ្នកបើករថយន្តដឹកភ្ញៀវទេសចរណ៍របស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយ បាននិយាយថា មុខប្រាសាទអង្គរវត្តមានការផ្លាស់ប្ដូរច្រើននារយៈពេលចុងក្រោយនេះ ពិសេសក្រោយវត្តមានសួនច្បារបានកើតឡើង។ កំពុងអង្គុយក្រោមម្លប់ឈើលើសួនច្បារថ្មីដែលមានភាពបៃតង លោក រ៉ែល បាននឹកទៅអតីតកាលដែលទីធ្លានេះជាចំណតរថយន្តនិងមានបរិស្ថានមិនសូវស្អាត ស័ក្ដិសមជារមណីយដ្ឋានទេសចរណ៍វប្បធម៌ឡើយ។ ក្រោយរៀបចំដាំស្មៅ និងដើមឈើតូចធំជាច្រើនហើយនោះ អ្នកបើករថយន្តរូបនេះយល់ថា គួរតែមានការរៀបចំបន្តទៀត ដើម្បីឱ្យបរិស្ថានជុំវិញមានភាពស្រស់ បំព្រង និងជាទីទាក់ទាញដល់ទេសចរទូទៅ។

មិនឆ្ងាយប៉ុន្មានពីលោក រ៉ែល រំលងប្រមាណ២០ម៉ែត្រ ទីនោះគឺលោក ហូ ដែលកំពុងរង់ចាំភ្ញៀវនៅលើរ៉ឺម៉កកង់បី។ ឆ្លើយតបទៅនឹងសំណួរ លោក ហូ ប្រាប់ថា គាំទ្រចំពោះការរៀបចំបរិស្ថានមុខអង្គរ ដើម្បីបង្កើនសោភ័ណ ភាពដល់ប្រាសាទដ៏អច្ឆរិយៈរបស់ខ្មែរមួយនេះ។ ​ជាមួយ​គ្នានោះ លោក ហូ ក៏ចង់ឱ្យអាជ្ញាធរជាតិអប្សរាបន្តការ រៀបចំជាបន្តទៀត ក្នុងនោះក្រៅពីរៀបចំដាំស្មៅ លោកក៏ចង់ឱ្យគិតគូរពីបញ្ហាដីហុយតាមផ្លូវមុខអង្គរវត្តរហូតដល់ស្ពានហាលផងដែរ ដ្បិតថា ស្ថានភាពសព្វថ្ងៃបង្កផលប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរជាខ្លាំង។

ជាងថតរូបម្នាក់ដែលនៅមុខប្រាសាទអង្គរវត្តក៏មិនជំទា​ស់ចំពោះការរៀបចំខាងលើនេះដែរ។ លោកមានសុទិដ្ឋិ​និយមថាការអភិវឌ្ឍទាំងនេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលនៅតំបន់មុខប្រាសាទអង្គរវត្តនាថ្ងៃអនាគតយ៉ាងពិតប្រាកដ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទទាក់ទង