ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា សម្រេចផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៣ ខែសីហា តទៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 60

ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសមួយ សម្រេចផ្អាកជើងយន្តហោះពីប្រទេសហ្វីលីពីន ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ បន្ទាប់ពីមានករណីនាំចូលកូវីដ-១៩ ជាបន្តបន្ទាប់តាមរយៈជើងយន្តហោះមកកាន់ប្រទេសកម្ពុជា ។

ការប្រកាសផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសក្រសួងសុខាភិបាល បានឱ្យដឹងថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលចូលជាធរមានកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ បានរួមចំណែកដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ឃើញថា អត្រាឆ្លងបានហក់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យអត្រាអ្នកផ្ទុកវីរុសកូវីដ-១៩ ខ្ពស់ជាងគេបំផុត នៅក្នុងបណ្តាប្រទេសមាជិកអាស៊ាន។

ក្រសួងបន្តថា ដូច្នេះអ្នកដំណើរមកពីប្រទេសហ្វីលីពីន ក៏ជាការព្រួយបារម្ភផងដែរ ម្យ៉ាងទៀតកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមានអ្នកដំណើងសរុបចំនួន១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ រហូតដល់១៣នាក់ ដែលបានបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានសុខភាពសាធារណៈ។

ដើម្បីសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានរលកទី២ នៃការចម្លងវីរុសកូវីដ-១៩ផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៦៦នាក់ (ស្ត្រី ៥២នាក់ និងបុរស ២១៤នាក់។ អ្នកព្យាបាលជាសះស្បើយមានចំនួន ២២០នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៤នាក់។ ដោយឡែកអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៦នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល៖

អត្ថបទទាក់ទង