ខ្មែរប៉ុស្ដិ៍ Close

ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្ដីកំពុងទទួលបានការជួសជុលដោយអ្នកជំនាញជាស្រ្ដី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 41

មានសភាពដូចប្រាសាទដទៃទៀតដែរ ប្រាសាទបន្ទាយក្ដីរងការខូចខាត ដួលរលំ និងទីតាំងខ្លះមានសភាពទ្រុឌទ្រោមខ្លាំង។ ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការជួសជុលខ្លោងទ្វារខាងលិចប្រាសាទដោយក្រុមអ្នកជំនាញជាស្រ្ដី។

បុរាណវិទូ អ្នកស្រី នេត ស៊ីមន នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលកំពុងបំពេញការងារនៅការដ្ឋានខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដីឱ្យដឹងថា ស្ថានភាពជាក់ស្ដែងនៃខ្លោងទ្វារនេះ គឺថ្មរំកិលចេញពីទីតាំងដើម រីឯផ្នែកជញ្ជាំងមានភាពរហែកពីខាងក្រោមទៅលើ។ អ្នកស្រីពន្យល់ពីហានិភ័យនៅការដ្ឋាននោះទៀតថា សភាពថ្មនៅផ្នែកខ្លះស្ទើររបេះធ្លាក់ ដែលអាចមានហានិភ័យខ្ពស់ដល់ទេសចរណ៍ និងទាមទារឱ្យមានការជួសជុលជាបន្ទាន់។

កញ្ញា ហាន សុច្ចរី ស្ថាបត្យករ នៃគម្រោងជួសជុលខាងលើបានសិក្សាលម្អិតលើស្ថានភាពថ្មពុកផុយនៅទីនេះ។ តាមការសិក្សារបស់ស្ថាបត្យកររូបនេះ ការដួលរលំនៃខ្លោងទ្វារនេះមានកត្តាច្រើនដូចជា អាយុកាលនៃថ្ម អាកាសធាតុ និងការបំផ្លាញពីឫសឈើ។ តាមការវាយតម្លៃពីអ្នកជំនាញ ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដីដែលកំពុងស្ថិតក្នុងគម្រោងកំណាយឆ្នាំដំបូង មានស្ថានភាពខូចខាតប្រហាក់ប្រហែល៧០ភាគរយ។

រីឯវិស្វករ កញ្ញា ដយ ពេជ្រជីរ៉ា បានបង្ហើបពីវិធីសាស្រ្ដចំនួន២ដែលក្រុមការងារកំពុងពិចារណានិងរង់ចាំការសម្រេចពីអ្នកជំនាញការជាតិ-អន្តរជាតិ។ វិធីទី១ គឺការរើថ្មផ្នែកខ្លះដែលមានហានិភ័យខ្ពស់ រៀបចំតម្រៀបឡើងវិញ ទី២គឺការរើថ្មចោលទាំងស្រុង ដើម្បីរៀបចំឡើងវិញ។

ទាក់ទងនឹងប្រវត្តិនៃការជួសជុលវិញ បុរាណវិទូអ្នកស្រី នេត ស៊ីមន លើកឡើងថា ខ្លោងទ្វារខាងលិចនេះមិនធ្លាប់ទទួលការជួសជុលទេកន្លងមក តែធ្លាប់មានការចុះសម្អាត និងទល់ទ្រដោយប្រើធ្នឹមបេតុងនៅសម័យបារាំងនាឆ្នាំ១៩២០ ហើយក្រោយមកអាជ្ញាធរជាតិអប្សរាជានិច្ចកាលតែងថែទាំ ពង្រឹងទាល់ទ្រ ដើម្បីការពារហានិភ័យផ្សេងៗ។ ចំណុចហានិភ័យដែលមានសភាពថ្មរំកិលញែកចេញពីគ្នា និងកន្លែងខ្លះរបេះធ្លាក់ផងនោះ ទើបអ្នកជំនាញបង្កើនសមត្ថភាពការងារ និងរំពឹងថាអាចផ្តើមជួសជុលឡើងវិញនៅឆ្នាំក្រោយ បន្ទាប់ពីការងារកំណាយសិក្សាស្រាវជ្រាវបានបិទបញ្ចប់៕