ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាមានសុទិដ្ឋិនិយមអំពីកំណើននៃទេសចរណ៍កីឡា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 57

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះកំណើនទេសចរណ៍កីឡា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ផ្សេងៗរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជះឥទ្ធិពលវិជ្ជមានដល់វិស័យទេសចរណ៍ជាតិ ពិសេសខេត្តសៀមរាប ដើម្បីរួមចំណែកស្រូបទាញកំណើនទេសចរណ៍ឡើងវិញ ។

ការអះអាងបែបនេះ បានធ្វើឡើងក្នុងពិធីប្រគល់មេដាយជ័យលាភីដល់កីឡាករ-កីឡាការិនី រត់ចម្ងាយ ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ នៃទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅរមណីយដ្ឋានអង្គរ Angkor Ultra Trial លើកទី៥ នៅរសៀលថ្ងៃទី១៨ ខែមករានេះ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏មានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងឯកអគ្គរដ្ឋទូតស្ថានទូតបារាំងប្រចាំកម្ពុជា ។

ឯកឧត្តម បានបញ្ជាក់ថាព្រឹត្តិការណ៍ទេសចរណ៍កីឡាពិតជាមានការទាក់ទាញ ពិសេសតំបន់អង្គរ គឺជាដែកឆក់មួយដើម្បីទាក់ទាញទេសចរណ៍អន្ដរជាតិ ។ ដូច្នេះការយករមណីយដ្ឋានអង្គរជាកន្លែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍កីឡាពិតជាទាញផលចំណេញពីការចូលរួម ដ្បិតវត្តមានរបស់អ្នកកីឡាទាំងនោះ ត្រូវចំណាយទាំងពេលវេលា និងធនធានច្រើននៅកម្ពុជា ។

ឯកឧត្តម បន្ដថា «ខ្ញុំគិតថា ការកើនឡើង អ្នកចូលរួមលក្ខណៈកីឡានេះ នឹងក្លាយជាផលល្អ សម្រាប់ទេសចរណ៍ស្រុកយើង ។ ទន្ទឹមជាមួយគ្នា ដើម្បីចូលរួមទាក់ទាញទេសចរណ៍មកស្រុកខ្មែរឲ្យច្រើងជាងមុន អាជ្ញាធរអប្សរារបស់យើង ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើនដែរ ជាក់ស្ដែងផែនការឆ្នាំ២០២០ មានការស្ថាបនាផ្លូវ និងការធ្វើតំបន់មុខអង្គរវត្តឲ្យបៃតង់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំទៀត បន្ទាប់ពីមានផែនការ ៤ឆ្នាំកន្លងទៅ ហើយឆ្នាំនេះ យើងនឹងសម្រេចលទ្ធផលឲ្យបាន ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសឲ្យបានច្រើនឡើងវិញ»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមករានេះ វិញ្ញាសាចំនួន ៤ បានបញ្ចប់ហើយ រួមមានវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ។ នៅឡើយតែវិញ្ញាសារត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ ដែលត្រូវបន្ដរត់ រហូតដល់រសៀលថ្ងៃទី១៩ ខែមករាស្អែក បន្ទាប់ពីពួកគេ បានចេញដំណើរពីទីលានប្រជល់ដំរី កាលពីវេលាម៉ោង ៤ទាបភ្លឺនៅព្រឹកថ្ងៃសៅរ៍នេះ៕

អត្ថបទទាក់ទង