អាជ្ញាធរជាតិអប្សរា ជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុលកំពង់ទឹក ដែលស្ថិតនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ជាដំណាក់កាលទី២ ដោយនឹងត្រូវចំណាយពេលមួយឆ្នាំ ចាប់ផ្តើមពីដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ។
បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័នលោក ជា សារិទ្ធ ឱ្យដឹងថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ដែលមានកាំជណ្តើរចំនួន៥កាំ។ មុននឹងឈានដល់ការជួសជុល ក្រុមការងារបានស្វែងរកឯកសារចាស់ៗមកសិក្សា ព្រមទាំងកំណាយបុរាណវិទ្យា សម្អាតកំណកដី ធ្វើសម្រង់ប្លង់ ការកត់ត្រា ការថតរូបដើម្បីបង្ហាញពីស្ថានភាពអភិរក្សមុនពេលជួសជុលដោយប្រៀបធៀបស្ថានភាពក្រោយពេលជួសជុលផង។ លោក ជា សារិទ្ធ ឱ្យដឹងទៀតថា បច្ចេកទេសនៃការជួសជុលកំពង់ទឹកផ្នែកខាងកើតនេះ អ្វីដែលបានសិក្សារកឃើញនៅទីនេះ គឺត្រូវយកមកប្រើក្នុងវិធីសាស្ត្រជួសជុលពង្រឹងខឿននេះទាំងស្រុង គឺជួសជុលតាមបច្ចេកទេសបុរាណ។ បច្ចុប្បន្ននេះ សម្រេចបាន៣០ទៅ៤០ភាគរយហើយ ដោយបានបញ្ចប់ការរៀបចំផ្គុំកាំជណ្តើរផ្នែកខាងជើង និងខឿនជាន់ទី១ ហើយបន្តទៅខឿនជាន់ទី២។ រីឯ ជណ្តើរខាងកើត ក្រុមការងារកំពុងរៀបចំបាន៥០ភាគរយ ដោយបានរៀបចំបានជណ្ដើរចំនួន៤កាំ នៅសល់កាំទី៥ និងខឿនជាន់ទី១ និងទី២ប៉ុណ្ណោះ។ កាលពីឆ្នាំ២០២២កន្លងទៅ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលខឿនកណ្តាលមានទំហំបណ្តោយប្រវែង២១.៦០ម៉ែត្រ គុណនិង២១.៦០ម៉ែត្រនិងរចនាសម្ពន្ធកាំជណ្តើរចុះទៅកាន់ប្រាសាទព្រះខ័នក្នុងដំណាក់កាលទី១។
កំពង់ទឹកផ្នែកខាងកើតនៃប្រាសាទព្រះខ័ន មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារខឿនផ្នែកនេះ កាលពីសម័យសាងសង់ក្នុងដំណាក់កាលទី១ ប្រហាក់ប្រហែលគ្នា និងសម័យកាលនៃការកសាងប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងប្រាសាទតាសោមនោះ ដោយការរៀបចំរាជធានីជ័យស្រី មានប្រព័ន្ធធារាសាស្រ្តដែលកសាងក្នុងដំណាក់កាលជាមួយគ្នា ហើយខឿនជណ្តើរនៃតួកំពង់ទឹក ធ្វើអំពីថ្មភក់រៀបជាជញ្ជាំងពីខាងក្រៅមានឆ្លាក់ចម្លាក់ជាសត្វហង្ស និងនាគស្រដៀងគ្នាទៅនិងស្ពានហាលឆ្លងកាត់ទៅកាន់ប្រាសាទព្រះខ័ន។ ប៉ុន្តែ ក្រោយពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ ផ្នែកខ្លះនៃកំពុងទឹកនេះ ត្រូវបានគេដកយកថ្មភក់ ទៅប្រើនៅកន្លែងផ្សេង។
ក្រុមអ្នកបុរាណវិទូ បានសិក្សាឃើញថាការប្រើប្រាស់ថ្មចាស់ឬក៏ថ្មបុរាណឃើញមានជាហូរហែរាប់ចាប់តាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ រហូតមកដល់ក្រោយសម័យអង្គរ។ ដូច្នេះ ក្រោយពីការដកយកថ្មភក់ជញ្ជាំងជុំវិញរបស់ខឿនខាងកើតចេញធ្វើឱ្យខឿនផ្នែកនេះរងនូវការបាក់ស្រុត ដោយសារទឹកហូរច្រោះដីខាងក្នុងធ្វើឱ្យថ្មបាយក្រៀមដែលនៅសល់បានស្រុតចុះក្រោមស្ទើរតែបាត់រូបរាងទាំងស្រុង។
នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ កំពង់ទឹកនេះ ធ្លាប់មានការកែប្រែម្តងរួចមកហើយ បន្ទាប់ពីការសាងសង់ហើយភ្លាមៗនៅក្នុងរាជ្យរបស់ព្រះអង្គ។ យោងទៅតាមព័ត៌មាននៅលើសិលាចារឹកប្រាសាទព្រះខ័ន ឱ្យដឹងថា ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងបារាយជ័យតដាក ត្រូវបានកែប្រែនៅក្នុងដំណាក់កាលទី២ មានន័យថាបារាយត្រូវបានគេលើកឱ្យខ្ពស់ជាងមុន ដើម្បីបន្ថែមបរិមាណទឹកឱ្យបានច្រើន សម្រាប់យកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពប្រចាំថ្ងៃនៅរាជធានី។ ខឿននៃកំពង់ទឹកនេះ ក៏ត្រូវបានគេលើកឱ្យខ្ពស់ជាងមុនដែរ ដើម្បីជៀសផុតពីជំនន់ ពីព្រោះទឹកបារាយត្រូវបានគេបន្ថែមឱ្យច្រើន ហើយខឿននេះប្រហែលមានការជួសជុល ឬកែប្រែធ្វើឱ្យខ្ពស់ជាងដំណាក់កាលទី១។ ក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៧ កំពង់ទឹកនេះ ត្រូវបានទុកចោលមួយអន្លើរ ហើយប្រហែលជានៅក្រោយសម័យអង្គរ ឬមុននេះបន្តិច ឃើញមានស្លាកស្នាមជួសជុលដើម្បីប្រើប្រាស់បន្ត។
អ្នកគ្រប់គ្រងការដ្ឋានជួសជុលកំពង់ទឹកនាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ឱ្យដឹងទៀតថា ការជួសជុលកំពង់ទឹកនេះ គឺជួសជុលអន្តរាគមន៍ក្នុងកម្រិតមួយអតិបរមា ធ្វើយ៉ាងណារៀបចំជណ្តើរ រៀបចំថ្មកម្រាល រៀបចំជញ្ជាំងនៃខឿនឱ្យរឹងឡើងវិញ ដើម្បីបង្ហាញអំពីតួនាទីរបស់កំពង់ទឹក និងទំនាក់ទំនងរវាងប្រាសាទព្រះខ័ន ជាមួយបារាយជ័យតដាក និងប្រាសាទនាគព័ន្ធ។ គោលបំណងនៃការជួសជុល គឺពង្រឹងតែផ្នែកខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំ ដើម្បីបង្ហាញឱ្យឃើញនូវគ្រប់ស្រទាប់ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ: យី សុថា
រូបភាព: សាលាបារាំងចុងបូព៌ា. ជា សារិទ្ធ. យី សុថា