ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ វិមានគណបក្សប្រជាជនកម្ពុជាប្រតិស្ថានទ្បើងដើម្បី «សន្ដិភាព»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 35
អ្នកជំនាញអារ្យធម៌ខ្មែរ៖ វិមានគណបក្សប្រជាជនកម្ពុជាប្រតិស្ថានទ្បើងដើម្បី «សន្ដិភាព» អ្នកជំនាញអារ្យធម៌ខ្មែរ៖ វិមានគណបក្សប្រជាជនកម្ពុជាប្រតិស្ថានទ្បើងដើម្បី «សន្ដិភាព»

បើតាមអ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងរៀបរាប់ថា បើនិយាយពីព្រះនគរ គឺយើងឃើញទិវាដ៏មហោទ្បារិកពិធីសម្ពោធវិមានគណបក្សប្រជាជនកម្ពុជាដ៏ស្រស់បំព្រង ដើម្បីអបអរសាទរខួបលើកទី៦៩ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា គឺប្រៀបបានវិមានគណបក្សប្រជាជនកម្ពុជាប្រតិស្ថានទ្បើងដើម្បី«សន្ដិភាព» បន្ទាប់ពីការបែកបាក់ជាតិប្រមាណ៥០០ឆ្នំាមក។ បានន័យថា វិមានដែលមានកម្ពស់៥ជាន់, បណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ, និងកម្ពស់ដល់កំពូលពេជ្រ៤៨ម៉ែត្រ រចនាទ្បើងតាមរចនាបថខ្មែរបុរាណប្រាសាទបន្ទាយស្រី ប្រាសាទអង្គរ និងសម័យកណ្ដាល ជាស្ថាបត្យកម្ម «រួមសម័យ» នេះគឺបង្ហាញអំពីទស្សនវិជ្ជាភាពរុងរឿងនៃចក្រភពខ្មែរផង និងភាពថមថយនៃចក្រភពខ្មែរផង បន្ទាប់ពីការធ្លាក់ចុះនៃអារ្យធម៌អង្គរ។

ក្នុងន័យនេះចំពោះវិមានដោយឈរបង្អួតខ្លួនយ៉ាងស្កឹមស្កៃ ស្រស់ត្រដែតនេះ មានតួនាទីស្វែងរកសន្ដិភាព ផ្សះផ្សាជាតិ និងថែរក្សាផ្សព្វផ្សាយអំពីគុណតម្លៃ ជាសកលក្នុងសម័យទំនើបយើងនេះ។ លោក រត្ន័ សណ្ដាប់ បានបន្ដថាបើយើងពិនិត្យវិមានគណបក្សប្រជាជនកម្ពុជាយើងឃើញប្រាង្គកំពូលបី ផុសអណ្ដែតលើវេហា រចនាអាគារពណ៌ «ស» គឺប្រាប់ខេមរជនខ្មែរក្នុងកម្ពុជរដ្ឋគ្រប់ជំនាន់ថាមានវិមានគណបក្សប្រជាជនកម្ពុជា គឺមានសន្ដិភាព ឯកភាពជាតិដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយដែលជាគ្រឹះនៃអារ្យធម៌អង្គរដ៏ស្រស់បវរនៃយើង។

ម្យ៉ាងទៀតចំពោះវិមានប្រាង្គកំពូលបី រចនាអាគារពណ៌ «ស» នេះទៀតសោតជាការប្រាប់ផងដែរថាការពារដាច់ខាតនូវបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ស្របតាមស្មារតីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលព្រះនគរជារៀងដរាប។ ព្រោះក្នុងប្រព័ន្ធជំនឿខ្មែរលេខបី ឬលេខសេសជាលេខរស់ ឬអមតៈ។ មួយវិញទៀតបើនិយាយអំពីប្រព័ន្ធជំនឿនេះទៀតសោត ប្រាង្គកំពូលបី ផុសអណ្ដែតលើព្ធដ៏វេហាស៍នេះផងដែរ ក៏ជាការទំនាក់ទំនងរវាងឋានសួគ៌និងឋានមនុស្ស ដើម្បីថែរក្សាព្រះនគរជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងតំាងបុរាណរៀងមក។

ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថាបើឈរលើប្រវត្ដិសាស្រ្ដ ចំពោះវិមានគណបក្សប្រជាជនកម្ពុជា បានតភ្ជាប់រវាងអតីត បច្ចុប្បន្ន អនាគត ដោយឈរលើ «សន្ដិភាព» ជាព្រះកន្លោងព្រះនគរ។ ដោយហេតុថាព្រះនគរពេលនេះ បានក្លាយជាមហានគរនៃសុខសន្ដិភាព និងការសប្បាយរីករាយ។ មហានគរនេះបានចាកផុតហើយនូវការបង្ហូរឈាម និងទឹកភ្នែកដែលខេមជនខ្មែរបានពើបប្រទះជាច្រើនសតវត្សកន្លងមក។

ប្រវត្ដិសាស្រ្ដប្រាប់ថាគ្រឹះនៃអារ្យធម៌អង្គរ ក្រោយពីប្រទេសបានបង្រួបបង្រួមជាតិដោយបរិបូណ៍នាឆ្នាំ៨០២ បានពង្រីកឥទ្ធិពលចេញពីលើកំពូលភ្នំគូលេន មាននាមថា រាជធានីមហេន្រ្ទបព៌ត បានធ្វើឲ្យប្រជាជាតិខ្មែរ ក្លាយជាចក្រភពល្បីសុះសាយពេញពិភពលោក។ បច្ចុប្បន្នកុលបុត្រខ្មែរ បានចាប់ផ្ដើមកសាងជាតិនិងពង្រីកឥទ្ធិពលសារជាថ្មី ចេញពីរាជធានីភ្នំពេញ មាននាមថាចតុមុខមង្គលមហានគរ។ បើដូច្នេះ វិមានគណបក្សប្រជាជនកម្ពុជាប្រតិស្ថានទ្បើងដើម្បី«សន្ដិភាព» បានរះទ្បើងចំាងឆ្លុះចេញពីរាជធានីភ្នំពេញ បានបង្ហាញឲ្យពិភពលោកមើលឃើញច្បាស់ថា «កម្ពុជាកំពុងរីកស្រស់បំព្រងទៅកាន់ពិភពលោក» ដូចសម័យអង្គរសារជាថ្មី៕

អត្ថបទទាក់ទង