ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន តម្កល់ផលប្រយោជន៍ជាតិលើភូមិសាស្រ្តសេដ្ឋកិច្ចប៉ុណ្ណោះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 32
រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន តម្កល់ផលប្រយោជន៍ជាតិលើភូមិសាស្រ្តសេដ្ឋកិច្ចប៉ុណ្ណោះ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន តម្កល់ផលប្រយោជន៍ជាតិលើភូមិសាស្រ្តសេដ្ឋកិច្ចប៉ុណ្ណោះ

នៅលើទំព័រហ្វេស៊ុករបស់ខ្លួន ថ្ងៃទី១២ កុម្ភៈ ២០១៩ ទណ្ឌិត សម រង្ស៊ី បានអួតអាងថា ខ្លួនបានសរសេរក្នុងសារព័ត៌មានអន្តរជាតិឈ្មោះថា The Geopolitics (ភូមិសាស្ត្រនយោបាយ) វាយប្រហារមកលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ក្នុងសេចក្តីសង្ខេបនៃការចុះផ្សាយក្នុងចំណុចទី៩ថា របបផ្តាច់ការ ហ៊ុន សែន សព្វថ្ងៃ រំលោភទាំងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ របប ហ៊ុន សែន នេះ មិនមែនគ្រាន់តែជាគ្រោះថ្នាក់សម្រាប់ប្រទេសកម្ពុជាតែឯងទេ តែជាគ្រោះថ្នាក់សម្រាប់ពិភពលោកទាំងមូល។

ការលើកឡើងរបស់ទណ្ឌិតរូបនេះ ពិតជាបានយល់ខុសទាំងស្រុង ក្នុងស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានតម្កល់ផលប្រយោជន៍ជាតិលើភូមិសាស្រ្តសេដ្ឋកិច្ចឈរលើសន្តិសហវិជ្ជមានទាំងស្រុង និងពេញលេញ ហើយកម្ពុជាក៏មិនបានតម្កល់ផលប្រយោជន៍ជាតិរបស់ខ្លួនក្នុងភូមិសាស្រ្តនយោបាយដែលផ្ទុយនឹងគោលនយោបាយបរទេសអព្យាក្រឹត្យភាពរបស់ខ្លួនឡើយ។ ជាការពិត ព្រះរាជាណាចក្រកម្ពុជាបានប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹត្យ អចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ កម្ពុជាបានរួមរស់ដោយសន្តិសហវិជ្ជមានជាមួយនឹងប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ កម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។ កម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របនឹងអព្យាក្រឹត្យភាពរបស់ខ្លួនឡើយ។ ហើយកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្កការសហប្រជាជាតិ។

បច្ចប្បន្ននេះ ពិភពលោកមិនមែនជាពិភពលោកឯកប៉ូលនោះទេ ប៉ុន្តែវាបានវិវត្តមកជាពិភពលោកពហុប៉ូល។ ហើយក្នុងបរិបទនេះ ប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់នូវនយោបាយការបរទេសរបស់ខ្លួន គឺអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជមាន ហើយជាការពិត ប្រទេសកម្ពុជាបានធ្វើជាមិត្តជាមួយ បណ្តាប្រទេសទាំងអស់ក្នុងសកលលោក មិនយកប្រទេសណាមួយធ្វើជាសត្រូវឡើយ។ ហើយទំនាក់ទំនងរបស់កម្ពុជាមួយបណ្តាប្រទេសទាំងអស់ ត្រូវឈរលើគោលការណ៍ស្មើភាព និងស្មើសិទ្ធិនៅក្នុងស្មារតីឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់ខ្លួន។ ដូច្នេះ ទណ្ឌិតសម រង្ស៊ីត្រូវបញ្ឈប់ជាបន្ទាន់នូវយុទ្ធសាស្រ្តបំពុល បំភាន់ និងបំភ័យ ព្រមទាំងបាញ់ពណ៌នយោបាយទុច្ចរិត និងមនោគមន៍វិជ្ជាមកលើកម្ពុជា ដែលដើរតាម និង ម្រើអោយផលប្រយោជន៍ក្នុងភូមិសាស្រ្តនយោបាយរបស់អាមេរិក ហើយដែលបានគូសវាសកំណត់ក្នុងរបស់ដែលហៅថា ឥណ្ឌូប៉ាស៊ីហ្វីកថ្មីៗនេះ។ ជាក់ស្តែងក្នុងរយៈពេលថ្មីៗកន្លងទៅ ដើម្បីបង្ហាញអំពីអនុត្តរភាពរបស់ខ្លួន ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបង្ហាញនូវចរិតក្រអឺតក្រទម តាំងខ្លួនជាចៅហ្វាយនាយកម្ពុជា រំលោភទាំងកម្រោលលើគោលការណ៍ការទូតបង្គាប់បញ្ជាមកលើកម្ពុជា ដែលជារដ្ឋអធិបតេយ្យភាព និងឯករាជ្យ បានព្យាយាមបំភាន់ និងបំភ្លៃប្រវត្តិសាស្ត្រក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាកន្លងមក ហើយកំពុងតែបន្តជ្រៀតជ្រែកចូលក្នុងការផ្ទៃក្នុងកម្ពុជាតាមការប្រើប្រាស់ក្រុមប្រឆាំងនៅកម្ពុជាដោយលើកឡើងនូវលេសដដែលអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបេតេយ្យនៅកម្ពុជា។ ហើយតាម រយៈតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ អាមេរិកបានអំពាវនាវឱ្យប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការបរទេស ឯករាជ្យ អធិបតេយ្យភាព និងប្រកបដោយតុល្យភាពដែលរក្សាបាននូវអនាគតរបស់ប្រទេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់ បន្ទាប់ពីបន្ទោសកម្ពុជាថា លម្អៀងទៅរកមហាអំណាចមួយបង្កវិនាសសកម្ម សម្លាប់ប្រជាជនកម្ពុជារាប់លាននាក់។ ក្នុងន័យនេះប្រសិនបើ គេពិនិត្យមើលមួយភ្លែត អាមេរិកទំនងដូចជាមានចេតនាល្អចំពោះកម្ពុជា ប៉ុន្តែវាជាផ្លែល្វាដ៏ល្វីងបង្កប់ដោយគំនិតដ៏ទុច្ចរិតបំផុត ក្នុងការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយខ្លួននិង បង្កើនយុទ្ធសាស្ត្រដុតរោលកម្តៅនយោបាយដើម្បីផ្តល់ឱកាសឱ្យក្រុមប្រឆាំងដែលជាកូនចឹងនយោបាយរបស់ខ្លួនបានឡើងកាន់អំណាចដោយកម្លាំងមហាជនបះបោរក្រៅច្បាប់ទៅវិញ។ ហើយទណ្ឌិតរូបនេះ ជាការពិត បាននិងកំពុងដើរលើផ្លូវក្បត់ជាតិ ក្បត់ប្រជាជនខ្លួន ដោយបានយកអធិបតេយ្យជាតិរបស់ខ្លួនលក់ឱ្យបរទេស ដើម្បីមកបំផ្លាញកម្ពុជា និងមកបង្កចលាចលសង្គម និងកកូរកកាយផ្ទៃក្នុងកម្ពុជា បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ និងប្រជាជនកម្ពុជាខ្លួនឯង។

ជារួមប្រទេសកម្ពុជាបានហែលឆ្លងកាត់ក្នុងប្រវត្តិសាស្រ្តដ៏ទុក្ខសោកវិនាសអន្តរាយ ទ្រុឌទ្រោមឱនថយមហាសោកស្តាយ ដោយបានធ្លាក់ចូលក្នុងជម្លោះក្នុងភូមិសាស្រ្តនយោបាយក្នុងអតីតកាល ហើយបច្ចុប្បន្ន រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំ ដែលជានិមិត្តរូបនៃសន្តិភាពបានប្រកាន់យកជំហរគោលនយោបាយបរទេស ក្នុងភាពអព្យាក្រឹត្យ និងទំនាក់ទំនងអន្តរជាតិរបស់ខ្លួនជាមួយបណ្តាប្រទេសលើសកលោកដោយឈរលើគោលការណ៍សន្តិសហវិជ្ជាមានមិនថា ប្រទេសលោកសេរី ឬកុម្មុយនីស្តឡើយ គឺកម្ពុជាបានប្រកាន់ជំហរបង្កើនមិត្ត មិនបង្កើនសត្រូវ មិនយកឈ្នះចាញ់ក្នុងភូមិសាស្រ្តនយោបាយណាមួយឡើយ។ ផ្ទុយទៅវិញរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់ នឹងមិនបង្កើតសត្រូវ មិនបង្កើតសង្រ្គាមទាំងក្នុងនិងក្រៅប្រទេស មិនដើរផ្ទុយពីអព្យាក្រឹត្យភាព ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនឡើយ។

កម្ពុជាដែលបាននិងកំពុងដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត និងតម្កល់ផលប្រយោជន៍ជាតិជាធំលើភូមិសាស្រ្តសេដ្ឋកិច្ច ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានវិស័យពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគពីបរទេសទាំងអស់ក្នុងការកសាង និងអភិវឌ្ឍជាតិមាតុភូមិកម្ពុជាដ៏កម្សត់មួយនេះ ឱ្យបានប្រែក្លាយទៅជាប្រទេសមានការអភិវឌ្ឍជឿនលឿន និងនាំមកនូវវិបុលភាព និងភាពរុងរឿងថ្កើងថ្កានឡើងវិញជូនប្រជាជន និងជាតិមាតិភូមិមួយនេះ ដែលផ្ទុយស្រឡះពីការនិយាយភូតកុហក បំពុល បំភាន់ និងបំភ្លៃខុសពីការពិតរបស់ទណ្ឌិត សម រង្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន៕

ដោយ៖ ឡុង បូរិតា