ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនាញអារ្យធម៌ខ្មែរ សំណូមពរដល់យុវជនត្រូវមានស្មារតីជាតិ ស្មារតីសាសនា ស្មារតីគ្រួសារព្យាយាមអត់ធ្មត់ ចូលរួមចំណែករៀបចំសង្គម​​ជាតិ​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នគរគំនិត 31

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា សព្វថ្ងៃបើពិនិត្យមើលអំពីនិន្នាការយុវជនខ្មែរក្នុងការចូលរួមសកម្មភាពគាំទ្របក្ស​នយោបាយ គឺជាជំហរភាពវិជ្ជមានមួយរបស់យុវជនហើយ ប៉ុន្ដែទន្ទឹមនឹងនេះដែរ ចំពោះសកម្មភាពរបស់យុវជនទាំងនេះ ក៏អាចឱ្យស្មារតីផ្សះផ្សាជាតិកាន់តែឃ្លាតឆ្ងាយផងដែរ ប្រសិនបើយុវជនខ្លះនាំគ្នាប្រកាន់ជំហរបែបជ្រុលនិយមដោយយល់ថាគ្មានភាគីបក្សនយោបាយណាល្អជាងក្រុមខ្លួន ឬអស្ចារ្យជាងបក្សខ្លួននោះ បានន័យថា បើយុវជនណាមានទស្សនៈបែបជាតិនិយមដោយអះអាង ឬទាមទារយកគុណសម្បត្ដិតែឯង ឬក្រុមខ្លួនតែឯងនោះ គឺជាចំណុចចាប់ផ្ដើមនៃការបែកបាក់ជាតិ។

លោក រ័ត្ន សណ្តាប់ បានបញ្ជាក់បន្តថា ចំពោះមូលហេតុទង្វើនិងការគិតបណ្ដាលឱ្យបែកបាក់ជាតិបែបនោះ គឺមិនថាសង្គមជាតិណា ឬជាតិសាសន៍ណានោះទេ ពីព្រោះទស្សនបែបនេះ បានធ្វើឱ្យបាត់បង់នូវស្មារតីបង្រួបបង្រួមជាតិ ស្មារតីរស់នៅក្នុងសង្គមតែមួយក្នុងនាមបងប្អូនជាពូជសាសន៍តែមួយ បាត់ស្មារតីស្វែងរកហេតុនិងផល បាត់បង់គោលការណ៍កណ្ដាលនិយម ពិសេសបាត់បង់នូវការគោរព និងផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក រហូតឈានដល់ការបាត់បង់ទំនុកចិត្ដចំពោះគ្នានិងគ្នាទៀតផង។ ដែលកត្ដាទាំងអស់នេះ ជាបញ្ហាធ្វើឱ្យពិបាកក្នុងការផ្សះផ្សាជាតិខ្លំាងណាស់ នៅពេលបុគ្គលម្នាក់ៗ បង្កើតការគិតអវិជ្ជមាន បង្កើតនូវការសង្ស័យ ការស្មាននិងការវាយតម្លៃគ្នាដោយគ្មានអ្វីជាមូលដ្ឋានច្បាស់លាស់នោះ។

លោក រ័ត្ន សណ្ដាប់ បានបន្ដថា បើដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះ វិធីគឺយុវជនខ្មែរត្រូវមានទស្សនៈជាតិនិយម ដោយរក្សាកេរ្ដិ៍ឈ្មោះក្នុងនាមជាយុវជនស្អាតស្អំ តាមមាគ៌ាកណ្ដាលនិយមបែបព្រះពុទ្ធសាសនាដោយប្រកាន់ជំហរហេតុនិងផល ឃើញខុសថាខុស ឃើញត្រូវថាត្រូវ ពិសេសត្រូវនាំគ្នាទប់ចិត្ដខ្លួនឯងឱ្យបាននូវចេតនាជ្រុលនិយម។

ក្នុងនោះ ត្រូវចាប់ផ្ដើមទ្បើងវិញពីបេសកម្មបណ្ដុះស្មារតីជាតិ ស្មារតីសាសនា ស្មារតីគ្រួសារដោយព្យាយាមអំណត់អត់ធ្មត់ ចូលរួមចំណែករៀបចំសង្គមផ្សះផ្សាជាតិខ្មែរតែមួយដោយចាត់ទុកខ្មែរគឺជាសាច់សាលោហិតឈាមតែមួយ។ នៅពេលដែលយុវជនខ្មែរមានទស្សនជាតិនិយមបែបនេះទើបជាមូលដ្ឋាននាំទៅដល់ស្មារតីជ្រោងជាតិឱ្យខ្លាំងក្លាបានរឹងមាំបន្តថែមទៀត៕

អត្ថបទទាក់ទង