ខ្មែរប៉ុស្ដិ៍ Close

ចុងភៅលំដាប់ផ្កាយ៥ ចាប់អារម្មណ៍គ្រំចំពុះទា និងមិននឹកស្មានថាកម្ពុជា មានគ្រំប្រភេទនេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 6
ចុងភៅលំដាប់ផ្កាយ៥ ចាប់អារម្មណ៍គ្រំចំពុះទា និងមិននឹកស្មានថាកម្ពុជា មានគ្រំប្រភេទនេះ ចុងភៅលំដាប់ផ្កាយ៥ ចាប់អារម្មណ៍គ្រំចំពុះទា និងមិននឹកស្មានថាកម្ពុជា មានគ្រំប្រភេទនេះ

(កោះកុង)៖ ក្រោយធ្វើទស្សនកិច្ចដោយផ្ទាល់កន្លែងចិញ្ចឹមគ្រំចំពុះទា របស់ប្រជាសហគមន៍ពាមក្រសោម ខេត្តកោះកុង ក្រុមចុងភៅមកពីសណ្ឋាគារឡឺរ៉ូយ៉ាល់ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និងថាគ្រំចំពុះទាខ្មែរជាគ្រំល្អណាស់ ដែលលក្ខណៈពិសេសរបស់វា ល្អទាំងពណ៌សម្បុរ ទាំងសាច់ និងរស់ជាតិ។

ក្រោយការចម្អិនត្រឹមត្រូវគ្រំនេះ មានសាច់វាឆ្ងាញ់ណាស់ ហើយបើកែច្នៃធ្វើម្ហូប គឺភ្ញៀវបរទេសគេចូលចិត្តបរិភោគ និងជាប់ចិត្តផង។ នេះជាការលើកឡើងរបស់ប្រធានដឹកនាំក្រុមចុងភៅលំដាប់ផ្កាយ៥ ឡឺរ៉ូយ៉ាល់ ដែលបានចុះទស្សនកិច្ចស្វែងយល់ពី គ្រំចំពុះទាខ្មែរ នៅសហគមន៍ពាមក្រសោប ខេត្តកោះកុង កាលពីថ្មីៗមកនេះ។

បន្ទាប់ពីចុះពិនិត្យដល់ទីតាំងកន្លែងចិញ្ចឹមគ្រំចំពុះទាដោយផ្ទាល់ និងក្រោយឆ្លងកាត់ការចម្អិនសាច់គ្រំផ្ទាល់នៅទីនោះ លោក ស្រ៊ុន កក្កដា ប្រធានដឹកនាំក្រុមចុងភៅលំដាប់ផ្កាយ៥ របស់សណ្ឋានគារឡឺរ៉ូយ៉ាល់ បានបញ្ជាក់ឱ្យដឹងថា គ្រំចំពុះទាពិតជាគ្រំមានគុណភាពល្អ ទាំងសាច់ ទាំងពណ៌ និងរួមទាំងបរិស្ថានកន្លែងចិញ្ចឹមក្នុងសមុទ្រ គឺជាលក្ខណៈធម្មជាតិសុទ្ធសាធ ធ្វើឱ្យមានសាច់ធំធាត់ល្អ និងរស់ជាតិឈ្ងុយឆ្ងាញ់ណាស់។

ក្នុងបទពិសោធន៍ចុងភៅច្រើនឆ្នាំ និងលោកឆ្លងកាត់ចម្អិនគ្រំប្រភេទនេះ ដែលធ្លាប់តែនាំចូលមកពីបរទេសផង លោក ស្រ៊ុន កក្កដា បានឱ្យដឹងថា គ្រំចំពុះទាគេអាចកែច្នៃធ្វើមុខម្ហូបបានច្រើនមុខណាស់ ក្នុងនេះគេអាចយកមកធ្វើជារបៀបម្ហូបអឺរ៉ុប ឬធ្វើរបៀបជាម្ហូបខ្មែរក៏បានដែរ ក្នុងនេះដូចជា អាំង ភ្លៀ ស្ងោរជ្រលក់ ទឹកគ្រឿង ធ្វើជាម្ហូបប៉ាកាទី ដែលជាម្ហូបអ៊ីតាលី ឬធ្វើជាភីហ្សា អ្វីក៏បានដែរ។

ជុំវិញគ្រំចំពុះទានេះដែរ លោក ស្រ៊ុន កក្កដា បានឱ្យដឹងថា កន្លងមកគេបានទិញគ្រំចំពុះទានេះពីប្រទេសកម្ពុជាទៅលក់បរទេស ហើយគេបានវេចខ្ចប់យ៉ាងល្អ បញ្ជូនមកលក់ប្រទេសយើងវិញមានតម្លៃខ្ពស់ណាស់។ ហេតុនេះយើងមានក្នុងស្រុកស្រាប់ គប្បីចេះធ្វើការវេចខ្ចប់លក់ក្នុងប្រទេស ឬបញ្ចូនលក់ទៅបរទេសទើបបានតម្លៃមួយខ្ពស់ជាងនេះ។

ចំពោះគ្រំចំពុះទានេះ សម្រាប់នៅប្រទេសកម្ពុជាទីតាំង ដែលមានគ្រំចំពុះទានេះ មាន៣កន្លែង ក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប គឺទី១៖ មុខលំហ, ពាមក្រសោបចាស់, ទី២៖ នៅកោះកាង និងទី៣៖ ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។

បើតាមលោក វង់ ដារ៉ា ក្រុមប្រឹក្សាឃុំ និងជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានឱ្យដឹងថា នៅក្នុង១ឆ្នាំៗ ប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា ចិញ្ចឹមបានយ៉ាងហោចណាស់ជាង ១០,០០០តោន ហើយសម្រាប់ទីផ្សារទិញគ្រំនេះ ប្រទេសកម្ពុជា មិនទាន់មានទីផ្សារនៅឡើយទេ គឺពឹងទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ ចំណែកឈ្មួញមកពីវៀតណាម ទើបចាប់ផ្តើមមកទិញគ្រំចំពុះទាបានប្រហែល ២ ឬ៣ឆ្នាំនោះទេ ហើយសម្រាប់តម្លៃលក់ចេញវិញ គឺមានតម្លៃចាប់ពី១០០០រៀល ដល់៣០០០រៀល តាមទំហំគ្រំ និងរដូវរបស់វា។ បន្ថែមពីនេះគ្រំចំពុះទា មានឱជារសឆ្ងាញ់ពិសារជាងគ្រំ ឬខ្យងទឹកសាប ផងដែរ ហើយគ្រំនេះ អាចយកមកធ្វើជាម្ហូបបានតាមតម្រូវការរបស់អ្នកដូចជា៖ ស្លរម្ជូរគ្រឿង, ឆាក្រៀម, ញាំ, ឆាក្តៅ ស្ងោជ្រក់, ស្រុះ និងយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុប និងភីហ្សាដែលជាការពេញនិយមជាដើម។

បុរសរូបនេះបានឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ពាមក្រសោប ជាង៧០ភាគរយ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទានេះ ហើយពេលដល់ខែរដូវប្រមូលផលប្រជាសហគមន៍បានលក់ទៅឱ្យឈ្មួញប្រទេសថៃ និងវៀតណាម ក្នុងតម្លៃមួយគីឡូក្រាម២៥០០ ដល់៣០០០រៀលប៉ុណ្ណោះ។ តទៅថ្ងៃខាងមុខលោកចង់ឱ្យគ្រំប្រភេទនេះ មានទីផ្សារក្នុងស្រុកឱ្យបានច្រើន និងលោកចង់ឱ្យពលរដ្ឋខ្មែរចូលរួមបរិភោគគ្រំនេះ ឱ្យបានគ្រប់គ្នា។ ជាមួយគ្នាលោកក៏ចង់ឱ្យភោជនីយដ្ឋាន និងសណ្ឋាគារធំៗនៅកម្ពុជាងាកមកចាប់អារម្មណ៍ទិញគ្រំចំពុះទា ដើម្បីធ្វើម្ហូបលក់ឱ្យភ្ញៀវប្រចាំសណ្ឋាគាររបស់ខ្លួនផងដែរ។

ទាក់ទិនទៅនឹងការចិញ្ចឹមគ្រំចំពុះទាវិញ លោក វង់ តារា បានរៀបរាប់ប្រាប់ថា គ្រំប្រភេទនេះចាប់ផ្តើមពងកូន រយៈពេល៣ខែ គឺចាប់ពីខែតុលា ដល់ខែធ្នូ ហេតុនេះ ប្រជានេសាទទាំងក្នុងសហគមន៍ ត្រូវចាប់ផ្តើមបោះបង្គោល រាយខ្សែដើម្បីឱ្យគ្រំនេះមកតោង ដើម្បីពងកូន ហើយការចិញ្ចឹមគ្រំចំពុះទានេះ គឺតាមលក្ខណៈធម្មជាតិសុទ្ធសាធ មិនប្រើប្រាស់បច្ចេកទេស ឬដាក់សារធាតុគីមីណាមួយនោះទេ ។ បន្ទាប់ពីដាក់បង្គោលបាន៣ខែ ប្រជានេសាទមើលឃើញកូនគ្រំតោងជាប់នឹងបង្គោល ឬខ្សែដែលពួកគាត់បានដាក់នៅតាមទីតាំងរៀងៗខ្លួន អ្វីដែលកាន់តែពិសេសនោះគ្រំនេះមិនអាចផ្លាស់កន្លែងពីបង្គោលមួយ ទៅកាន់បង្គោលមួយទៀតបានឡើយ ជាហេតុបង្កលក្ខណៈងាយស្រួលដល់ប្រជាសហគមន៍ ដែលប្រកបអាជីពចិញ្ចឹមគ្រំមួយបែបនេះណាស់។

បុរសចិញ្ចឹមគ្រំចំពុះទា ដែលមានបទពិសោធន៍ច្រើនឆ្នាំរូបនេះ បានឱ្យដឹងបន្ថែមថា ក្នុងមួយឆ្នាំៗ ប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទារម្នាក់ៗបានចាប់ពី ១០តោន ដល់១០០តោន។ ទិន្នផលនេះដែរ គឺទៅតាមលទ្ធភាពដើមទុនដែលពួកគាត់ម្នាក់ៗ តែប៉ុណ្ណោះ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងរឿងនេះដែរ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា តាមពិតគ្រំចំពុះទាគឺជាមុខម្ហូបដ៏ល្បីឈ្មោះនៅបរទេសដែលគេនិយមបរិភោគ និងមានតម្លៃខ្ពស់។ ទោះបីយ៉ាងណាបើគេក្រឡេកមើលប្រទេសកម្ពុជាវិញពលរដ្ឋភាគច្រើនមិនទាន់បានស្គាល់មុខម្ហូបដ៏ឆ្ងាញ់ពិសារមួយនេះឡើយ។ តាមពិតកម្ពុជាយើងក៏មានគ្រំប្រភេទនេះដែរដែលជាផលិតផលក្នុងស្រុកមកពីតំបន់ការពារធម្មជាតិពាមក្រសោប ក្នុងខេត្តកោះកុង។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ជាក់ស្តែងកន្លងមក ប្រជាពលរដ្ឋមួយចំនួនពុំបានដឹងថាគ្រំចំពុះទា ថាមានប្រភពសំបូរនៅតំបន់ពាមក្រសោប ក្នុងប្រទេសកម្ពុជាទេ ព្រោះតែហេតុដូច្នេះ ហើយ ដើម្បីពង្រឹងទៅលើការអភិរក្សក៏ដូចជាបង្កើតសេដ្ឋកិច្ចមូលដ្ឋាននោះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ផ្សាភ្ជាប់សហគមន៍ពាមក្រសោប ជាមួយផ្នែកទីផ្សារនេះ ដើម្បីជួយដល់បងប្អូនមានទីផ្សារត្រឹមត្រូវ និងមានការលក់បានក្នុងតម្លៃមួយសមរម្យ។

លោកថាក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋក្នុងសហគមន៍ពាមក្រសោប បានចិញ្ចឹមគ្រំចំពុះទារាប់សិបតោនដោយមួយភាគធំលក់ចេញទៅកាន់ប្រទេសថៃនិងវៀតណាម។ ដោយឡែកនៅប្រទេសកម្ពុជាវិញមានការដឹង និងទិញគ្រំប្រភេទនេះតិចតួចបំផុត ហេតុនេះហើយទើប លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយអំពីផលិតផលក្នុងសហគមន៍ ដើម្បីទាក់ទាញឱ្យម្ចាស់ភោជនីយដ្ឋានក៏ដូចជាសណ្ឋានគារ និងប្រជាពលរដ្ឋទូទៅបានស្គាល់ អាចទិញយកទៅធ្វើម្ហូបភ្លក្សរស់ជាតិបាន។ ជាក់ស្តែងក្រុមចុងភៅរបស់សណ្ឋានគារឡឺរ៉ូយ៉ាល់ មកទស្សកិច្ចដល់ទីកន្លែងប្រភព្វគ្រំចំពុះទាលើកនេះដែរ ដើម្បីស្វែងយល់នឹងទិញប្រភេទគ្រំទាំងនេះទៅធ្វើមុខម្ហូបប្រចាំសណ្ឋានគាររបស់ខ្លួន។ ក្រៅពីនេះនៅថ្ងៃខាងមុខលោកនឹងខិតខំទាក់ទាញភោជនីយដ្ឋានធំៗ និងសណ្ឋានគារមួយចំនួនបន្ថែមទៀតមកសិក្សាស្វែងយល់កន្លែងតំបន់ប្រភពសំបូរគ្រំចំពុះទាទាំងនេះ ដើម្បីឈានទៅទិញសម្រាប់ធ្វើមុខម្ហូបប្រចាំកន្លែងរបស់គេនាថ្ងៃខាងមុខ។

រដ្ឋលេខាធិការបានធ្វើការបញ្ជាក់ជុំវិញបញ្ហានេះថា​ «តាមពិតហើយចំពោះជនជាតិអឺរ៉ុប និងបរទេសមួយចំនួនធំ គឺគេបានស្គាល់ច្បាស់ពីគ្រំចំពុះទា ហើយនិយមបរិភោគណាស់វាក៏មានតម្លៃថ្លៃ ក៏ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋខ្មែរមួយចំនួនមិនសូវស្គាល់គ្រំប្រភេទនេះប៉ុន្មានទេ។ តាមពិតប្រជាពលរដ្ឋនៅក្នុងសហគមន៍ប្រកបរបរចិញ្ចឹមវាតាំងពីទស្សវត្សឆ្នាំ១៩៩០មកម្ល៉េះ ហើយយើងនាំលក់ឱ្យប្រទេសជិតខាងពិសេសវៀតណាម ថៃ និងការធ្វើម្ហូបក្នុងស្រុកមានតិចតួចនៅឡើយ»។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «ប្រជាពលរដ្ឋនៅសហគមន៍ពាមក្រសោបនេះ ប្រមាណជាង៣៥០គ្រួសារ ជាអ្នកបានចិញ្ចឹមគ្រំចំពុះទាតាមតំបន់មាត់សមុទ្រ ដោយក្នុងនេះ គាត់អាចប្រមូលផលបានពីខែតុលាដល់ខែមេសា ឬក៏ដល់ខែឧសភា ដែលជាអំឡុងសំបូរគ្រំប្រភេទនេះបំផុត»។

ជុំវិញបញ្ហាទីផ្សារវិញត្រូវបានលោក នេត្រ ភក្ត្រា ឱ្យដឹងផងថាក្រសួងបរិស្ថាន ធ្វើយ៉ាងណាផ្សារភ្ជាប់ការអភិរក្សរបស់យើងជាមួយការបង្កើតសេដ្ឋកិច្ចតាមសហគមន៍ និងផលិតផលរបស់ពួកគាត់លក់ចេញទៅខាងក្រៅ។ កាលណាផលិតផលមានទីផ្សារនោះពួកគាត់នឹងបានចំណូល៕

អត្ថបទទាក់ទង