លោកស្រី មិថុនា ភូថង ៖ សមាធិជាផ្នែកមួយជួយជំរុញសន្តិភាពផ្លូវចិត្ត បង្កើនសេចក្តីសុខ និងសមត្ថភាពប្រកបដោយគុណធម៌
កោះកុង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញថ្លែងក្នុងពិធីជួបជុំមន្ត្រី លោកស្រី មិថុនា ថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងក្រុមគ្រួសារកម្សាន្តប្រចាំឆ្នាំ២០២១ នៅស្រុកថ្មបាំង។នៅក្នុងពិធីនោះ លោកស្រី ក៏បានក្រាបថ្វាយបង្គំ ព្រះវជិរប្បញ្ញោ គូ សុភាព និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោកគ្រូ នួន ថោង គ្រូបង្រៀនសមាធិ នៃភូមិគ្រឹះអប់រំចិត្តផ្កាឈូក និងលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
លោកស្រីអភិបាលខេត្ត បានថ្លែងទៀតថា លោកស្រីពិតជាមានក្តីរំភើបដែលឃើញកម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមានការនិមន្ត និងអញ្ជើញចូលរួមយ៉ាងសកម្មពីព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់។
លោកស្រីបានបន្តថា ដើម្បីឱ្យការដឹកនាំរបស់យើងកាន់តែប្រសើរ ទាំងខ្ញុំព្រះករុណានាងខ្ញុំសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ និងយុវជនទាំងអស់ សុទ្ធតែត្រូវការការដុសខាត់ ការអភិវឌ្ឍសមត្ថភាព ព្រមទាំងសុខភាពល្អទាំងកាយទាំងចិត្ត មិនខុសអីពីកាំបិត ដែលប្រើប្រាស់ជាប្រចាំត្រូវការការសំលៀងជាប្រចាំដែរនោះ។
ជាមួយគ្នានោះ លោកស្រី សុំយកឱកាសដ៏ប្រពៃថ្លៃថ្លានេះ ថ្លែងអំណរគុណចំពោះ ក្រុមប្រឹក្សាខេត្តគ្រប់រូប ដែលតែងតែផ្ដល់ការប្រឹក្សា ចង្អុលបង្ហាញដល់គណៈអភិបាលខេត្ត ក្នុងការបំពេញការងារប្រចាំថ្ងៃជូនខេត្ត ជូនអង្គភាព ក៏ដូចជាប្រជាពលរដ្ឋ ថ្នាក់ដឹកនាំកង កម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងយុវជន ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ដែលបាន ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវខិតខំចូលរួមយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មកន្លងមក ក្នុងកំឡុងពេលថ្ងៃនេះ យើងបានរៀបចំឱ្យមានការជួបជុំ ការកម្សាន្ត និងផ្តល់ឱកាសឱ្យមន្ត្រីទាំងអស់ បានសម្រាកលម្ហែប្រចាំឆ្នាំ ជួបជុំក្រុមគ្រួសារ។
អ្វីដែលកាន់តែពិសេសសម្រាប់កម្មវិធីនេះ គឺយើងបានទទួលនូវព្រះវត្តមាន ដ៏មានតម្លៃពីសំណាក់ ព្រះវជិរប្បញ្ញោ គូ សុភាព ក្នុងការសម្តែងធម្មទេសនាបំភ្លឺផ្លូវ ដល់យើងខ្ញុំព្រះករុណា នាងខ្ញុំ ក៏ដូចក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការសាលាខេត្តគ្រប់រូប និងបានឈ្វេងយល់ពីអត្ថប្រយោជន៍នៃការធ្វើសមាធិ និងការអនុវត្តសមាធិ នៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីឱ្យកាន់តែមានប្រាជ្ញាភ្លឺថ្លា មានសន្តិភាពផ្លូវចិត្ត បង្កើនសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ បំពេញការងារកាន់តែមានប្រសិទ្ធភាព និងបានក្លាយជាអ្នកដឹកនាំដ៏ឆ្នើម ប្រកបដោយសមត្ថភាព និងគុណធម៌ និងបន្តកិច្ចការងារអភិវឌ្ឍខេត្តកោះកុង ឱ្យកាន់តែមានភាពរីកចម្រើន។
បន្ទាប់ពីកម្មវិធីនេះ លោកស្រីសង្ឃឹមជឿជាក់ថា លោក លោកស្រីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីគ្រប់រូបនឹងយកចំណេះដឹងទៅអនុវត្តឱ្យជីវិត និងការងារ កាន់តែប្រសើរ និងបន្តអនុវត្តការធ្វើសមាធិឱ្យក្លាយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។
បន្ថែមពីនោះ លោកស្រីសូមប្រគេនពរ ព្រះអង្គគ្រូ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនពរ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ សូមជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕