សម្ដេចតេជោ ហ៊ុន សែន៖ ពុំមានជនជាតិរុស្សុីឬជនជាតិបរទេសចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ
សម្ដេចតេជោ ហ៊ុន សែន៖ ពុំមានជនជាតិរុស្សុីឬជនជាតិបរទេសចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះផ្សាយនៅតាមបណ្ដាញសង្គមដែលមានខ្លឹមសារដូចតទៅ៖
ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហ៊ានរុស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។
ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាពុំមានជនជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។
យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្ល៉េះ។
យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។
យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជា
ដែលជាទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ព័ន្ធជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕



