ករណីឆ្លងកូវីដ-១៩នៅឥណ្ឌាកើនលើស ១០ម៉ឺនករណីហើយ
បើយោងតាមទិន្នន័យស្ថិតិរបស់សាកលវិទ្យាល័យ John Hopkins នៅថ្ងៃនេះ ឥណ្ឌាមានករណីឆ្លងកូវីដ-១៩សរុបចំនួន 100,328 ករណី និងចំនួនអ្នកស្លាប់កើនដល់ 3,156 ករណី ។
រដ្ឋាភិបាលឥណ្ឌាបានបន្តបិទខ្ទប់ប្រទេសរហូតដល់ថ្ងៃទី ៣១ ខែឧសភា នេះ ប៉ុន្តែបានបន្ធូរបន្ថយសកម្មភាពសេដ្ឋកិច្ចសំខាន់ៗខ្លះៗ ។ ផ្សារលក់ទំនិញ និងតូបលក់ទំនិញដាច់តែឯង ត្រូវបានអនុញ្ញាតអោយបើកដំណើរការឡើងវិញកាលពីថ្ងៃចន្ទជាមួយនឹងវិធានគម្លាតសង្គម ប៉ុន្តែផ្សារទំនើបធំៗនៅបន្តបិទនៅឡើយ ។
ការធ្វើដំណើរឆ្លងពីរដ្ឋមួយទៅរដ្ឋមួយអាចបន្តទៅបានលុះត្រាតែមានកិច្ចព្រមព្រៀងរវាងរដ្ឋទាំងនោះ ប៉ុន្តែការធ្វើដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុកនិងអន្តរជាតិនៅតែត្រូវបានហាមឃាត់ ។
សេវាកម្មរថភ្លើងមេត្រូ រោងកុន និងកន្លែងហាត់ប្រាណនៅតែបន្តបិទ ។ ភោជនីយដ្ឋានអាចបើកបាន តែអនុញ្ញាតអោយត្រឹមតែសម្រាប់ទទួលការកុំម៉្មង់ដឹកជញ្ជូនតែប៉ុណ្ណោះ រីឯសាលារៀន និងវិហារសាសនានៅតែបន្តបិទ ។
បម្រាមគោចរចាប់ពីម៉ោង ៧យប់ ដល់ម៉ោង ៧ព្រឹកនៅតែបន្តអនុវត្ត ។ រដ្ឋាភិបាលក៏បានណែនាំអោយមនុស្សដែលមានវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ ដែលមានប្ដីឬប្រពន្ធ ស្ត្រីមានផ្ទៃពោះ និងក្មេងអាយុក្រោម ១០ឆ្នាំ គួរនៅតែក្នុងផ្ទះ ។
រដ្ឋអំណាចឥណ្ឌាមានសិទ្ធិសម្រេចក្នុងការបែងចែកជាតំបន់ ក្រហម (ឆ្លងខ្លាំង), ទឹកក្រូច, និង បៃតង (លែងមានការឆ្លង) ហើយវិធានការខុសៗគ្នានឹងត្រូវដាក់ទៅតាមប្រភេទនៃតំបន់ទាំងនោះ ។ គួរបញ្ជាក់ថា ឥណ្ឌាបានចាប់ផ្ដើមបិទខ្ទប់ប្រទេសចាប់តាំងពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ មកម៉្លេះ ៕