ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យនាំចេញអង្ករសឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភាតទៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកសារ 41
រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យនាំចេញអង្ករសឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភាតទៅ រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យនាំចេញអង្ករសឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភាតទៅ

(Fresh News) ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញអង្ករ អាចនាំចេញអង្ករសជាបណ្តើរៗឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០តទៅ។ នេះបើតាមលិខិតផ្លូវការរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភានេះ។

ក្នុងលិខិតរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសរសេរថា «ខ្ញុំសូមជម្រាបលោកឧកញ៉ា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជ្រាបថា តាមសំណើររបស់សហព័ន្ធស្រូវអង្ករកម្ពុជា រាជរដ្ឋាភិបាល សម្រេចផ្តល់ការអនុញ្ញាតឲ្យធ្វើការនាំចេញអង្ករស ជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តទៅ»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដាក់ចេញបទបញ្ជាឲ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ចាប់អនុវត្តន៍ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការហាមឃាត់ការនាំចេញអង្ករនេះ គឺហាមឃាត់តែអង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាតឲ្យនាំចេញធម្មតា។

សម្តេចតេជោបញ្ជាក់ថា អង្ករស និងស្រូវរបស់កម្ពុជាភាគច្រើន នាំចេញទៅប្រទេសជិតខាង ដែលមានវៀតណាម និងថៃ។ ប៉ុន្តែដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកទើប កម្ពុជាត្រូវរក្សាទុកស្រូវ និងអង្ករស ដែលមានតម្រូវការក្នុងស្រុកច្រើន ហើយចំពោះអង្ករក្រអូបដែលមានចំនួនតិច និងមិនសូវមានត្រូវការក្នុងស្រុកច្រើននោះ នៅតែអនុញ្ញាតឲ្យនាំចេញដូចធម្មតា៕

អត្ថបទទាក់ទង