ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងកូវីដ-១៩

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តដាស់តឿននិងក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ-១៩ ទោះបើជាក្នុងពេលនេះអត្រាឆ្លងបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «ឆ្លៀតពេលនេះ ខ្ញុំសូមដាស់តឿននិងក្រើនរំឮកដល់បងប្អូនជនរួមជាតិ និងក្មួយៗ គឺត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ-១៩។ ទោះបីអត្រាឆ្លងនៃជំងឺកូវីដ-១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ២នាក់ទៀតប៉ុណ្ណោះក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថាជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជាឬគិតថាកម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ។ ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោក គឺកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា ទោះបីនៅក្នុងរាជធានីភ្នំពេញក្តី ឬនៅតាមបណ្តាខេត្តក្រុងឬជនបទក្តី សូមបងប្អូនបន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជឹលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗអោយបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត
និងសូមរាយការណ៍មកក្រសួងសុខាភិបាលជាបន្ទាន់ក្នុងករណីមានការសង្ស័យណាមួយតាមរយៈលេខ ១១៥៕

អត្ថបទទាក់ទង