លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បន្តអំពាវនាវឲ្យពលរដ្ឋ អត់ធ្មត់ និងអនុវត្តវិធានការនានាដើម្បីទប់ស្កាត់កូវីដ-១៩
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តអត់ធ្មត់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះវិធានការនានា ជាពិសេសបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា «ពិតហើយថា វត្តមាននៃមេរោគ COVID-19 បានធ្វើ ឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង តែសូមបងប្អូនបន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ជាពិសេស បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 នេះ ដើម្បីភាពប្រសើរឡើង សម្រាប់យើងទាំងអស់គ្នា» ។
សូមបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ និង ០០នាទី នៅថ្ងៃទី២៨ មេសានេះ ក្រសួងសុខាភិបាលកម្ពុជា បានបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយសរុបកើនដល់ ១១៩នាក់ ខណៈនៅសល់អ្នកកំពុងសម្រាកព្យាបាលបន្ត ត្រឹមតែ ៣នាក់ប៉ុណ្ណោះ ជាពិសេសគ្មានអ្នកឆ្លងថ្មីនោះទេ (សរុបទាំងអ្នកជាសះស្បើយ និងកំពុងបន្តព្យាបាលមានចំនួន ១២២នាក់) ៕