ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់ ជំ​រុញ​ដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវបន្តដោះស្រាយរាល់ទុក្ខលំបាក និង សំណូមពររបស់ប្រជាពលរដ្ឋឲ្យដូចភ្ញៀងរលឹម

ដោយ៖ សន បទុម ​​ | ថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 39
ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់ ជំ​រុញ​ដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវបន្តដោះស្រាយរាល់ទុក្ខលំបាក និង សំណូមពររបស់ប្រជាពលរដ្ឋឲ្យដូចភ្ញៀងរលឹម ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់ ជំ​រុញ​ដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវបន្តដោះស្រាយរាល់ទុក្ខលំបាក និង សំណូមពររបស់ប្រជាពលរដ្ឋឲ្យដូចភ្ញៀងរលឹម

សៀមរាប៖ នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប បានអញ្ជើញជាអធិបតីនៃអង្គសន្និបាតគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ស្តីពីរបាយការណ៍សភាពការណ៍ទូទៅ និង ការងារគណបក្សឆ្នាំ២០១៧ លើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០១៨ ដោយមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ចំនួន ២៩៣នាក់ ។

បន្ទាប់ពីឯកឧត្តម​ អ៊ឹង ហឿន អនុប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានធ្វើការអាននូវរបាយការណ៍ លទ្ធផលសកម្មភាពដែលគណបក្សប្រជាជនខេត្តអនុវត្តបានក្នុងឆ្នាំ២០១៧រួចមក ក្នុងនោះដែរ ឯកឧត្តម​ ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានលើកនូវទិសដៅសំខាន់ៗ ដើមី្បឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខ។

ក្នុងនោះដែរ ឯកឧត្តម​ក៏បានធ្វើការក្រើនរំលឹកដល់គ្រប់ថ្នាក់ដឹកនាំ ក្រុម ការងារចុះជួយមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ កត្តាសំខាន់ដោយផ្តោតឆ្ពោះទៅកាន់មូលដ្ឋានដាច់ស្រយាល និងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ និងការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ព្រមទាំងបង្កើនការគ្រប់គ្រង ពង្រីកនូវសមាជិកភាពរបស់ខ្លួនក្នុងមូលដ្ឋាន ផងដែរ។

ថ្លែងនៅក្នុងអង្គសន្និបាតនោះ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែនឹករលឹក គិតគូអំពីទុក្ខលំបាក ជីវភាពរបស់សមាជិកបក្ស នៅថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋ។ ក្នុងនោះ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ទៅលើលទ្ធផល និងសមទ្ធិផល ដែលគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្តសៀមរាប អនុវត្តបានក្នុងឆ្នាំ២០១៧ ព្រមទាំងបាន ធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការបក្សខេត្តសៀមរាបគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុក ដាក់លើការបំពេញភារកិច្ចស្នូលរបស់ខ្លួនយ៉ាងសកម្ម ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្រោមដំបូលសន្តិភាពតែមួយ។

ដោយកត្តាសន្តិភាពនេះហើយបានធ្វើឲ្យខេត្តសៀមរាប មានការអភិវឌ្ឍលើគ្រប់វិស័យ និងបានធ្វើឲ្យកេរ្តិ៍ឈ្មោះដ៏លី្បល្បាញ នៃទីក្រុងប្រវត្តិសាស្ត្រសៀមរាប បានទទួលជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨-២០២០ ព្រមទាំងបានក្លាយជា តំបន់គោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង។

លើសពីនោះសម្តេច​ពិជ័យ​សេនា​ ក៏បានលើកនូវគោលការណ៍របស់គណបក្សមួយចំនួន ដើមី្បជាប្រទីបសម្រាប់ក្រុមការងារគ្រប់ថ្នាក់យកទៅអនុវត្តចំពោះមុខ នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបានធ្វើការក្រើនរំលឹកដល់គ្រប់ក្រុង ស្រុក ត្រូវធ្វើការណែនាំដល់គ្រប់គណបក្សឃុំ សង្កាត់ ធ្វើការគ្រប់គ្រង និងពង្រឹង ពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន។ ម៉្យាងទៀតគ្រប់ឃុំ សង្កាត់ គឺត្រូវបន្តការអនុវត្តនូវតួនាទី ភារកិច្ច ដើមី្បធានាឲ្យខាងតែបាននូវប្រសិទ្ធិភាព និរន្តរភាព ក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវា និងការដោះស្រាយរាល់បញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ព្រមទាំងបញ្ហាប្រឈមនានាដែលមាននៅសេសសល់ពីឆ្នាំចាស់ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងស្របទៅតាមលិខិតបទដ្ឋាននៃច្បាប់៕

អត្ថបទទាក់ទង