ខ្មែរប៉ុស្ដិ៍ Close

ប្រមុខការពារជាតិកម្ពុជា បញ្ជាក់ច្បាស់ៗជូនប្រតិភូសភាអាមេរិកថា កម្ពុជាមិនអនុញ្ញាតឲ្យបរទេសណាមួយមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួនជាដាច់ខាត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 177
ប្រមុខការពារជាតិកម្ពុជា បញ្ជាក់ច្បាស់ៗជូនប្រតិភូសភាអាមេរិកថា កម្ពុជាមិនអនុញ្ញាតឲ្យបរទេសណាមួយមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួនជាដាច់ខាត ប្រមុខការពារជាតិកម្ពុជា បញ្ជាក់ច្បាស់ៗជូនប្រតិភូសភាអាមេរិកថា កម្ពុជាមិនអនុញ្ញាតឲ្យបរទេសណាមួយមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួនជាដាច់ខាត

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការជាតិ បញ្ជាក់ជាថ្មីទៅប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ថាកម្ពុជាមិនអនុញ្ញាតប្រទេសចិន ឬបរទេសណាមួយកសាង ឬមានមូលដ្ឋានយោធារបស់ខ្លួននៅលើទឹកដីកម្ពុជាជាដាច់ខាត ព្រោះរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ ក៏ប៉ុន្តែកម្ពុជាមានសិទ្ធិទទួលយកជំនួយជាសម្ភារយោធា ដើម្បីកម្រិតការពារជាតិរបស់ខ្លួន។

លោកបានបញ្ជាក់បែបនេះ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានអនុញ្ញាត ឱ្យប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Seth Wibur Moulton សមាជិកគណៈកម្មាធិការកិច្ចយោធា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានអះអាងយ៉ាងដូច្នេះថា៖ «ដូច្នេះ ខ្ញុំសូមបញ្ជាក់ហើយ បញ្ជាក់ទៀតថា ចំពោះមូលដ្ឋានយោធារបស់បរទេស គឺមិនមានជាដាច់ខាតចំពោះកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញ គឺបានចែងច្បាស់ណាស់ ដូច្នេះក្នុងរដ្ឋធម្មនុញ្ញ គឺមានវាយក្យខណ្ឌមួយ គឺកម្ពុជា មានសិទ្ធិទទួលយកជំនួយជាសម្ភារយោធា ដើម្បីកម្រិតការពារជាតិរបស់ខ្លួនបាន ដូច្នេះ គឺមានគេជួយខ្ញុំនឹងស្វាគមន៍ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងគឺដូច្នេះថា មានមូលដ្ឋានយោធារបស់បរទេស ឬនិយាយឱ្យចំថាមានចិនបម្រុង និងកសាងមូលដ្ឋានយោធានៅកម្ពុជា ការកសាងនៅកម្ពុជា គឺមានតែដូចខ្ញុំ បានរៀបរាប់ គឺនៅពេលខាងមុខ មិនមែនសម្រាប់ចិនទេ»។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនងទំនងការបរទេស ក្រសួងការពារជាតិ បានថ្លែងថា នៅកិច្ចពិភាក្សាគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា ធ្វើកិច្ចការអ្វីមួយត្រូវតែមានផែនការណ៍ និងគោលការណ៍ ដើម្បីអភិវឌ្ឍន៍របស់កងទ័ព ជាពិសេសគឺអភិវឌ្ឍកងទ័ពជើងទឹករបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ ពិភពលោកនាពេលបច្ចុប្បន្ននេះ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់អះអាងបន្ថែមទៀតថា៖ «លើសពីប៉ុន្មានទាំងនេះ ខ្ញុំមិនចាំទេ ពីព្រោះវាច្រើនដាច់ខាតមូលដ្ឋានទ័ពបរទេស មិនមានជាដាច់ខាតនៅកម្ពុជា។ ប៉ុន្ដែមូលដ្ឋាន សម្រាប់ការប្រើប្រាស់របស់កងទ័ពកម្ពុជា គឺយើងខ្ញុំនឹងមានការអភិវឌ្ឍនៅពេលខាងមុខ ពីព្រោះសមត្ថភាពសព្វថ្ងៃនេះនៅទន់ ខ្សោយខ្លាំងណាស់ ដូច្នេះមានឱកាស មានធនធានខ្លះក៏ដូចជា ការឧបត្ថម្ភខ្លះកម្ពុជានឹងធ្វើការអភិវឌ្ឍ នៅតំបន់សមុទ្រនេះ និយាយត្រង់ គឺនៅមូលដ្ឋានរាមនេះតែម្ដង»។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា កើតចេញពីរឿងចាស់ទើបយើងមានការចាំបាច់ត្រូវមានការបង្កើនសមត្ថភាព កងទ័ពជើងទឹក តាមរយៈការបំពាក់បន្ថែមនូវនាវា ដែលមានខ្នាតធុនមធ្យម ដើម្បីមានសមត្ថភាពក្នុងការធ្វើល្បាត ក្នុងការការពារនៅដែនសមុទ្រ ដ៏តូចរបស់ខ្លួនបានផងដែរ។ សព្វថ្ងៃនេះ កងទ័ពជើងទឹកកម្ពុជា មាននាវាតូចៗទេ មិនអាចចេញឆ្ងាយទេ ហើយម្យ៉ាងទៀត ពេលដែលមានកិច្ចសហប្រតិបត្តិការ នៅវិស័យទាំងឡាយនៅខាងសមុទ្រ មិនទាន់មានលទ្ធភាពចូលរួមសោះសមយុទ្ធនៅសមុទ្ររួមគ្នា ពេលមានបញ្ហាកើតឡើង នៅសមុទ្រដែលធ្វើសមយុទ្ធផ្សេងៗ គឺយើងមិនមានលទ្ធភាព។

កន្លងមកនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណណាស់ គឺបានទទួលការបំពាក់ពីសហរដ្ឋអាមេរិក គឺនាវាតូចតែលឿន ដែលខាងផ្នែកសន្តិសុខលម្ហសមុទ្រ បានប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។ ក៏ប៉ុន្តែ ចាំបាច់បំពេញបន្ថែមនូវនាវាធនមធ្យម ដើម្បីយើងមានសមត្ថភាព ទៅមួយកម្រិតទៀត ឥឡូវមិនទាន់មានទេ តែយើងមានគម្រោងនឹងកំពុងតែស្វះស្វែងរកប្រភពធនធាន ហើយចុងក្រោយនេះចិននឹងរៀបចំបំពាក់ជូននូវនាវានោះ ប៉ុន្តែតែមិនដឹងថ្ងៃណានោះទេ។ ព្រោះនាវាដែលតម្រូវការរបស់កម្ពុជានេះ គឺបានត្រឹមតែសហការរៀបចំមិនទាន់បានតម្លើងនៅឡើយ ហើយកម្ពុជា មិនទទួលនាវា ដរាបណាមិនទាន់មានកន្លែងចត និងកន្លែងសម្រាប់ជួសជុល។ នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៕

អត្ថបទទាក់ទង