ខ្មែរប៉ុស្ដិ៍ Close

លិខិតប្រជាជនកម្ពុជា៖ កន្លែងដែលអសន្តិសុខ គឺជាកន្លែងដែលសុវត្ថិភាពជាងគេ!

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 71
លិខិតប្រជាជនកម្ពុជា៖ កន្លែងដែលអសន្តិសុខ គឺជាកន្លែងដែលសុវត្ថិភាពជាងគេ! លិខិតប្រជាជនកម្ពុជា៖ កន្លែងដែលអសន្តិសុខ គឺជាកន្លែងដែលសុវត្ថិភាពជាងគេ!

នៅពេលនេះគឺជាវេលាដ៏ឈឺចាប់និងសោកស្តាយជាទីបំផុតសម្រាប់ពិភពលោកទាំងមូលចំពោះការបាត់បង់ជីវិតមនុស្សជាង ៥៨ នាក់ របួស ៥២៧នាក់នៅក្នុងព្រឹត្តិការណ៍បាញ់ប្រហារដ៏យង់ឃ្នងមួយទៅលើក្រុមមហាជនដែលចូលរួមប្រគុំតន្ត្រីនៅឡាវេហ្គាស សហរដ្ឋអាមេរិក។ ទង់ជាតិអាមេរិកត្រូវបានបង្ហូតពាក់កណ្តាលដងដើម្បីជាការកាន់មរណៈទុក្ខចំពោះជនរងគ្រោះ។

យើងខ្ញុំជាប្រជាជនកម្ពុជាពិតជាមានការសោកស្តាយ និងសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមចែករំលែកក្តីឈឺចាប់ ចំពោះអ្នករងរបួសទាំងឡាយហើយក៏សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សាដ៏ព្រៃផ្សៃ អមនុស្សធម៌នេះ និងសូមឱ្យសមត្ថកិច្ចចាប់ជនបង្កនិងអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់ដើម្បីផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះពីអំពើឧក្រិដ្ឋកម្មនេះ។ ព្រឹត្តិការណ៍បាញ់ប្រហារដ៏សាហាវ មិនដែលធ្លាប់មាននៅសហរដ្ឋអាមេរិកនេះហាក់ដូចជាបង្ហាញផ្ទុយពីអ្វីដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា William Heidt ថ្លែងថាសហរដ្ឋអាមេរិកមានសុខសុវត្ថិភាព និងបានអំពាវនាវឱ្យជនជាតិអាមេរិក ដែលមានបំណងមកទស្សនាប្រទេសកម្ពុជាត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់់ខ្លួន។ កាលប្រកាសនេះទំនងដោយទូតអាមេរិកប្រតិកម្មគ្មានហេតុផលដោយភាពអគតិ ចំ​ពោះស្ថានភាពនៅកម្ពុជាក៏ព្រោះតែ កឹម សុខា កូនជឹងរបស់ខ្លួនដែលទទួលអនុវត្តន៍ផែនការសម្ងាត់បដិវត្តន៍ពណ៌ត្រូវបានចាប់ខ្លួនអំពីបទក្បត់ជាតិ ក្រោយពីបានសារភាពនៅ ចំពោះមុខអ្នកគាំទ្រខ្លួននៅប្រទេសអូស្ត្រាលីថាបានអនុវត្តន៍ផែនការផ្តួលរំលំរដ្ឋាភិបាល តាំងតែពីឆ្នាំ ១៩៩៣ មកម៉្លេះ ហើយមានអាមេរិកជាអ្នកគាំទ្រ។

តាមពិតកម្ពុជាជាប្រទេសដែលមានសន្តិភាពពេញលេញ និងមានសន្តិសុខល្អ និង ប្រជាពល​រដ្ឋបានរស់នៅយ៉ាងសុខសាន្ត ប្រកបរបរចិញ្ចឹមជីវិតជាធម្មតា។ បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយប្រកបដោយសុខសុវត្ថិភាព និង កន្លែងកម្សាន្តនានា ត្រូវបានការពារសន្តិសុខបានយ៉ាងល្អ ពោលគឺមិនដូចអ្វីដែលឯកអគ្គរដ្ឋទូតអាមេរិកសម្អុយអំពីស្ថានភាពពិតនៅកម្ពុជា និងបំភ័យប្រជាជនខ្លួនឯងមិនឱ្យ មកទស្សនាស្រុកខ្មែរដោយសារតែកំហឹងបុគ្គលនោះឡើយ។ ប្រទេសដែលលោកទូតអា មេរិកស្រែកសម្អុយថាជាកន្លែងអស​ន្តិសុខ ប៉ុន្តែបែរជាមានសន្តិសុខល្អប្រពៃ ហើយប្រជាជនរួមនឹងភ្ញៀវទេសចរ និងជនជាតិអាមេរិកដែលស្នាក់អាស្រ័យនៅកម្ពុជាក៏ទទួល បាននូវសេចក្តីសុខសុវត្ថិភាពនេះដែរ។ ផ្ទុយមកវិញ ទឹកដីអាមេរិករបស់ William Heidt ឯណោះវិញទេដែលគួរឱ្យខ្លាចមិនចង់រស់នៅព្រោះពោរពេញដោយការប្រើប្រាស់កាំភ្លើងខុសច្បាប់ ឃាតកម្មរាប់មិនអស់ អសន្តិសុខ ជាកន្លែងដែលគ្មានសុវត្ថិភាពគ្រប់គ្រាន់។

ដូច្នេះ ឯកអគ្គរដ្ឋទូតអាមេរិក William Heidt គួរឈប់ធ្វើអត្ថាធិប្បាយតាមកំហឹងផ្ទាល់ទៀត និងសូមកុំបំភ្លៃ បំផ្លើស បំប៉ោងសភាពការណ៍ពិតធ្វើអ្វី។ កម្ពុជាជាកោះសន្តិភាពមួយដែលពោរពេញដោយការអភិវឌ្ឍ សុខសុវត្ថិភាព មិនមែនជាកន្លែងអសន្តិសុខ ដូចអ្វីដែលលោកទូតយល់ឃើញនោះទេ។ បើកម្ពុជាគ្មានសន្តិភាព និងសន្តិសុខទេ ទំនង លោកទូត និងភរិយាមិនអាចធ្វើដំណើរចូលព្រៃ និងទៅតំបន់នានារបស់កម្ពុជាដោយ សប្បាយរីករាយ បោះតង់បោះជំរុំសម្រាកក្នុងព្រៃឡើយ។ លោក William Heidt គួរលះបង់ គំនិតលោភៈ ទោសៈ មោហៈចេញពីក្នុងខ្លួន និងវាយតម្លៃម្តងទៀតថាកម្ពុជាមិនដូចអ្វីដែលលោកបានគិត ក្នុងភាពយល់សប្តិ៍នោះឡើយ។ កម្ពុជាពោរពេញដោយសុខសុវត្ថិភាព និងការអភិវឌ្ឍ៕

ដោយ ពល ពានរិន្ទ

អ្នកវិភាគ និងតាមដានសភាពការណ៍នយោបាយនៅកម្ពុជា
ខេត្តកណ្តាល រាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៧