ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ការអនុវត្តច្បាប់គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 37
លិខិតមិត្តអ្នកអាន៖ ការអនុវត្តច្បាប់គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា លិខិតមិត្តអ្នកអាន៖ ការអនុវត្តច្បាប់គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា

ទីបំផុតទៅនៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៧ ក្រសួង មហាផ្ទៃបានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលដើម្បីរំលាយគណបក្សសង្គ្រោះជាតិ តាមពាក្យបណ្តឹងរបស់គណបក្សចំនួនពីរគឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដោយសារតែគណបក្សនេះបាននិងកំពុងអនុវត្តសកម្មភាពខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមមេធាវី តំណាងឱ្យក្រសួងមហាផ្ទៃ បានលើកឡើងអំពីអង្គហេតុ និងអង្គច្បាប់ទាក់ទងអំពើខុសច្បាប់របស់បក្សនេះ។ ក្នុងពាក្យបណ្តឹង ក្រុមមេធាវី បានបញ្ជាក់ថា កឹម សុខា និងគណបក្សសង្គ្រោះជាតិ បានធ្វើចាប់តាំងពីឆ្នាំ ១៩៩៣ មក គឺជាភស្តុតាងដ៏សំខាន់ដែលមិនអាចប្រកែកបានអំពីការចំណុះរបស់គណបក្សសង្គ្រោះជាតិទៅនឹងបរទេស ហើយស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេសនៅក្នុងការរៀបចំ និងចាត់តាំងអនុវត្តផែនការឃុបឃិតជាសម្ងាត់ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់តាមទម្រង់នៃបដិវត្តន៍ពណ៌។

ហេតុអ្វីបានជាមាន ភាពចាំបាច់ត្រូវប្តឹងរំលាយគណបក្សសង្គ្រោះជាតិ?
​នេះគឺជាការអនុវត្តវិធានការច្បាប់ប្រឆាំបទល្មើសក្បត់ ជាតិ! យោងតាមមាត្រ ៧ នៃច្បាប់ស្តីពីគណបក្សនយោ បាយ ចែងថា «គ្រប់គណបក្សនយោបាយមិនត្រូវស្ថិត នៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេស»។ ភស្តុតាង បានបង្ហាញថា គណបក្សសង្គ្រោះជាតិ និងកឹម សុខា ធ្វើសកម្មភាពនយោបាយចាប់តាំងពីការចាប់ផ្តើមរហូមកទល់ពេលនេះគឺ «បង្កើតឡើងដោយបរទេស ដើម្បីបរទេស និងបម្រើផលប្រយោជន៍បរទេស»។

កម្ពុជាគ្មានការយល់យោគណាមួយ ចំពោះទង្វើក្បត់ជាតិនោះឡើយ ហើយក៏មិនអាចបណ្តោយឱ្យបរទេស ឬគណបក្សមួយ បំផ្លាញកម្ពុជាឡើយ។ ដើម្បីការពារនីតិរដ្ឋនិងការពារអធិបតេយ្យជាតិរបស់ខ្លួន រាជរដ្ឋាភិបាល កម្ពជា តាមរយៈក្រសួងមហាផ្ទៃ ដែលមានសមត្ថកិច្ចគ្រប់គ្រងលើគណបក្សនយោបាយចាំបាច់ត្រូវតែចាត់វិធានការដើម្បីភាពសុខដុមនៅក្នុងសង្គម និងសុខសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដោយមិនអនុញ្ញាតឱ្យបរទេសមកកកូរកកាយបញ្ហាផ្ទៃ ក្នុងកម្ពុជាតាមរយៈបាតដៃរបស់់បក្សប្រឆាំងជាដាច់ ខាត។

​តាមពិតគួរអរគុណដល់ កឹម សុខា ដែលបានចេញមកសារភាព និងបកអាក្រាតនូវរឿងរ៉ាវ និងផែនការរបស់អាមេរិក ដែលបានប្រើប្រាស់គាត់ធ្វើជាឧបករណ៍ក្នុងការ ផ្លាស់ប្តូររាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាក្រោមស្លាកនៃការផ្លាស់ប្តូរដោយវិជ្ជមាន។ ប្រសិនបើគ្មាន កឹម សុខា ចេញមុខមកបកអាក្រាតទេ សន្តិភាព និងការអភិវឌ្ឍកម្ពុជានឹងអាចត្រូវបានបំផ្លាញជាថ្មីម្តងទៀតនៅឆ្នាំ ២០១៨។ ដោយសារតែកឹម សុខា និងបក្សសង្គ្រោះជាតិកើតមកពីបរទេស និងស្ថិតក្រោមការបញ្ជារបស់បរទេសនោះ ដែលធ្វើឱ្យ កឹម សុខា តាមរយៈខ្លឹមសារលិខិតចំហបីទំព័ររបស់ខ្លួនចេញកាលពីប៉ុន្មានថ្ងៃនេះ និងតាមរយៈយុទ្ធនាការដើរបរិហារកេរ្តិ៍កម្ពុជាលើឆាកអន្តរជាតិ ទាំង កឹម សុខា និងមន្ត្រីបក្សប្រឆាំងនៅតែជឿជាក់លើអន្តរជាតិជាជាងជឿជាក់លើកម្ពុជាដោយបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទាំងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចមកលើកម្ពុជា ក្នុងនោះមាន ការអំពាវនាវកុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញផលិតផលពីកម្ពុជា។ ដើម្បីអំណាចបុណ្យស័ក្តិ បក្សសង្គ្រោះជាតិមិនញញើត ក្នុងការឱនក្បាលខ្លួនធ្វើជាខ្ញុំបម្រើបរទេសឡើយ។ ដោយសារតែ កឹម សុខា និងគណបក្សសង្គ្រោះជាតិជឿ និងអួតអាងយកបរទេសមកធ្វើជាត្រីមុខយ៉ាងដូច្នេះហើយ ទើបគេចាត់ទុកថា គឺជា «ទង្វើក្បត់ជាតិ» ដែលច្បាប់ត្រូវតែចាត់ការ។

គណបក្សសង្គ្រោះជាតិបានប្រព្រឹត្តខុសច្បាប់ និង បំផ្លាញផលប្រយោជន៍ជាតិ សន្តិភាព និងការអភិវឌ្ឍ ក្រោមឥទ្ធិពលបរទេស។ បណ្តឹងរបស់ក្រសួងមហាផ្ទៃនៅពេលនេះ គឺផ្តោតលើគណបក្សសង្គ្រោះជាតិដែលបានដើរហួសបន្ទាត់ក្រហមនៃមាត្រា៦ ចំណែកសំណុំ រឿង កឹម សុខា ដែលប្រព្រឹត្តបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) ក៏កំពុងតែនៅដំណើរការនីតិវិធីដែរ។

តើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងស្លាប់ដូចអ្វីដែល ជនបរទេសមួយក្តាប់តូចខិតខំបំពងសំឡេងនៅលើឆាក អន្តរជាតិ?
នេះគឺជាការលើកតម្កើងជ្រុលហួសហេតុលើបក្សក្បត់ជាតិមួយ។ ទោះបីជាគ្មានគណបក្សសង្គ្រោះ
ជាតិ ការរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ​នៅតែធ្វើដំណើរទៅ មុខនៅក្នុងផ្លូវដ៏ត្រឹមត្រូវមួយ។ កម្ពុជាមិនមែនមានគណបក្សតែពីរនោះទេ ប៉ុន្តែមាន ច្រើននិងកំពុងដើរតួនាទីសកម្មជាមួយគណបក្សកាន់អំណាច រាជរដ្ឋាភិបាលដើម្បីការពារផលប្រយោជន៍ជាតិប្រឆាំងនឹងអ្នកនយោបាយបក្សសង្គ្រោះជាតិដែលបម្រើបរទេស និងចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ។ កូនឈើប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្សក៏កំពុងលូតលាសនៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន ខណៈអតីតកាលកម្ពុជាត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម និងការលូកដៃរបស់បរទេសដូចជាក្នុងទស វត្សរ៍ឆ្នាំ ១៩៧០ ដែលអាមេរិកបានគាំទ្រ នល់​ នល់ និងស៊ីសុវត្ថិ សិរិមតៈ ធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ទម្លាក់គ្រាប់បែកជិតបីលានតោនបំផ្លាញកម្ពុជា ប៉ុន្តែ ពួកគេមិនដែលសុំទោសកម្ពុជាមួយមាត់ឡើយ។ ដូច្នេះហើយបានជាមានភាពចាំបាច់
កម្ពុជាត្រូវក្រោកឈរទប់ស្កាត់ និងបង្ក្រាបនូវចលនាបំផ្លាញជាតិ ក្បត់ជាតិមិនអនុញ្ញាត ឱ្យរឿងរ៉ាវអតីតកាលកើតឡើងសាជាថ្មីនៅលើទឹកដីដ៏កំសត់នេះម្តងទៀតឡើយ ហើយកម្ពុជាត្រូវការយកពេលវេលានៃសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន។

​ចាប់ពី​អំណេះតទៅ សំណុំរឿងប្តឹងរំលាយបក្សសង្គ្រោះជាតិនឹងស្ថិតក្នុងដៃតុលាការកំពូលចាត់ការតាមនីតិវិធីច្បាប់ដែលមានជាធរមាន។ ប្រសិនបើគណបក្សសង្គ្រោះ ជាតិត្រូវបានសម្រេច រំលាយចោលតាមការប្តឹងរបស់ក្រសួងមហាផ្ទៃ នោះអ្វីៗដែល គណបក្សនេះមានរួមមានអាសនៈតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្តរាជធានី និង ក្រុមប្រឹក្សាស្រុកខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់នឹងត្រូវបាត់បង់ ហើយអាសនៈ ដែលនៅទំនេរនឹងត្រូវយកមកចែកឱ្យគណបក្សដែលមានសំឡេងនៅរដ្ឋសភា ឬគណបក្សដែលចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។

ក្នុងករណីនៅរដ្ឋសភា ដោយសារតែមានតែបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នោះអាសនៈនឹង បានទៅគណបក្សប្រជាជនកម្ពុជាទាំងអស់ ប៉ុន្តែដើម្បីគោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គណបក្ស​ប្រជាជនកម្ពុជាអាចនឹងស្នើសុំទៅរដ្ឋសភាដើម្បីធ្វើវិសោ ធនកម្មច្បាប់ពាក់ព័ន្ធមួយចំនួនដើម្បីអាចយកអាសនៈដែលនៅទំនេររបស់គណបក្សសង្គ្រោះជាតិនៅរដ្ឋសភាចែកដល់គណបក្សដែលបានចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៣ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចែកដល់គណបក្សដែលចូលរួមក្នុងការបោះ ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ។

ដូច្នេះស្ថាប័នជាតិផ្សេងទៀត រួមមានរដ្ឋសភា និងរាជរដ្ឋាភិបាលជាដើម នឹងមិនរលាយខ្លួនទៅតាមការរំលាយគណបក្សសង្គ្រោះជាតិ ដូចការលើកឡើងបែបប្រជាភិថុតិ និងដោយការភ័ន្តច្រឡំរបស់មន្ត្រីបក្សប្រឆាំងនោះឡើយ។ ដោយសារតែការរំលាយគណបក្សមួយជារឿងថ្មីនៅក្នុងនយោបាយកម្ពុជា គួរតំណាងរាស្ត្រពិនិត្យ មើលបន្ថែមទៀតលើច្បាប់ពាក់ព័ន្ធនានា ហើយបើចាំ បាច់គួរធ្វើវិសោធនកម្មច្បាប់ទាំងនោះដើម្បីឆ្លើយ តបទៅនឹងការវិវឌ្ឍថ្មីៗនៃនយោបាយនៅកម្ពុជា។

កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិបំផ្លាញសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍដែលកំពុងមាននេះឡើយ ហើយសូមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់វិធានការទប់ស្កាត់ទាន់ពេលវេលានូវគម្រោងការអាក្រក់របស់គណបក្សសង្គ្រោះជាតិដែលប៉ងបំផ្លាញជាតិខ្មែរ។ ដូច្នេះមានតែការអនុវត្តច្បាប់ គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងមាននេះឱ្យល្អសម្រាប់មនុស្សរាប់ជំនាន់ខាងមុខទៀត៕

ដោយ៖ ចៅចាក់ស្មុក

 

អត្ថបទទាក់ទង