ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យCPP ៖ ចំណេះជិះកឯង មកដល់ហើយ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 95
អ្នកនាំពាក្យCPP ៖ ចំណេះជិះកឯង មកដល់ហើយ! អ្នកនាំពាក្យCPP ៖ ចំណេះជិះកឯង មកដល់ហើយ!

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា ដោយសារកម្មវិធីនយោបាយរបស់គណបក្សប្រឆាំងនៅកម្ពុជាគ្មានគោលការណ៏ច្បាស់លាស់ មិនមានគំនិតខ្លួនឯងសោះ ចាំតែអនុវត្តតាមការគូសវាស និងចង្អុលបង្ហាញពីបរទេស ទើបមេដឹកនាំគណបក្សប្រឆាំងមួយនេះ ទទួលផលមិនល្អទាល់តែសោះ។

លោក សុខ ឥសាន បន្តថា លោក សម រង្ស៊ី នៅមិននៅ ដាក់ពាក្យលាលែងពីតំណែង និងពីសមាជិកបក្ស ដោយខ្លួនឯង ដោយបញ្ជាក់មូលហេតុ បញ្ហាផ្ទាល់ខ្លួន ។ចំណែក លោក កឹម សុខា នៅមិននៅបានលាតត្រដាងគ្មានលាក់លៀម និងប្រកបដោយមោទនភាពយ៉ាងខ្លាំង ដែលបានទទួលការចាត់តាំងរបស់បរទេសឲ្យប្រព្រឹត្តអំពើក្បត់ជាតិ តាមផែនការយុទ្ធសាស្ត្រ យុទ្ធវិធី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវប្រឈមមុខចំពោះមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពីបទសន្និដ្ឋិភាពជាមួយបរទេស បង្កឲ្យមានអំពើប្រទូសរ៉ាយចំពោះប្រទេសជាតិថ្នាក់ក្បត់ជាតិ ដែលជាហេតុនាំឲ្យសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ តាមនីតិវិធីច្បាប់ ។

ដូច្នេះ លោក សម រង្សី ត្រូវឃ្លាតចេញពីតំណែង និងជាសមាជិកបក្ស ក៏ដោយសារខ្លួនឯង ។ លោក កឹម សុខា ត្រូវចាប់ខ្លួន និងទទួលចោទប្រកាន់ពីតុលាការ ក៏ដោយសារការលាតត្រដាងការពិតនៃអំពើប្រព្រឹត្តល្មើសច្បាប់ និងរំលោភគោលការណ៏លទ្ធិប្រជាធិបតេយ្យ លោភលន់ចង់បានអំណាចមិនប្រកួតប្រជែងត្រឹមត្រូវតាមរយៈការបោះឆ្នោតទេ បែរជាធ្វើសកម្មភាពតាមការបញ្ជាណែនាំរបស់បរទេសទាំងស្រុងតែម្តង ដែលត្រូវប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគាររាប់សិបឆ្នាំ ។

ការឈានដល់ដំណាក់កាលដូចបច្ចប្បន្ននេះ គឺចេញមកពីអំពើប្រព្រឹត្តខុសឆ្គងរបស់សាម៉ីជន សម រង្សី និង កឹម សុខា ផ្ទាល់ គ្មានការគាបសង្កត់ ការគំរាមកំហែង ប្ញការធ្វើទុកបុកម្នេញពីខាងក្រៅខ្លួនគាត់ទេ តែគឺជាផលវិបាកនៃនយោបាយចំណេះជិះកឯងតែប៉ុណ្ណោះ សមដូចពាក្យទស្សន៏ទាយរបស់លោកហោរាល្បីឈ្មោះជនជាតិថៃ មិនខុសមែន ។
នយោបាយខុសឆ្គងរបស់មេបក្សប្រឆាំងទាំង២នាក់នេះ បាននាំដល់គុណវិបត្តិធ្ងន់ធ្ងរដល់គណបក្សសាង្គ្រោះជាតិ ដែលត្រូវប្រឈមចំពោះមុខច្បាប់ស្តីពីគណបក្សនយោបាយ ដែលនឹងត្រូវរំលាយថែមទៀត ដែលនេះហើយហៅថាចំណេះជិះកឯង ។

ចំណែក លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គ្រាន់តែជាអ្នកធានាការអនុវត្ត លទ្ធិប្រជាធិបតេយ្យឲ្យ ដំណើទៅដោយរលូន និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ឲ្យមានប្រសិទ្ធភាព ដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ សង្គម ស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ និងតាមខ្លឹមសាររដ្ឋធម្មនុញ្ញ តែប៉ុណ្ណោះ ៕

 

អត្ថបទទាក់ទង