ខ្មែរប៉ុស្ដិ៍ Close

រុស្ស៊ីសន្យាជួយបណ្តុះបណ្តាលនគរបាលកម្ពុជាផ្នែកប្រឆាំងភេរវកម្មនិងរក្សាសន្តិសុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 60
រុស្ស៊ីសន្យាជួយបណ្តុះបណ្តាលនគរបាលកម្ពុជាផ្នែកប្រឆាំងភេរវកម្មនិងរក្សាសន្តិសុខ រុស្ស៊ីសន្យាជួយបណ្តុះបណ្តាលនគរបាលកម្ពុជាផ្នែកប្រឆាំងភេរវកម្មនិងរក្សាសន្តិសុខ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dmity Tsvetkov បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីនឹងធ្វើការជួយបណ្តុះបណ្តាលដល់នគរបាលកម្ពុជា លើជំនាញប្រឆាំងភេរវកម្ម និងសន្តិសុខ ខណៈបញ្ហាសន្តិសុខសកលបានកំពុងវិវត្តន៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ។

ការលើកឡើងរបស់ ឯកឧត្តម Dmity Tsvetkov យ៉ាងដូច្នេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានលើកឡើងថា ក្រសួងពាក់ព័ន្ធរបស់រុស្ស៊ី ស្វាគមន៍ជានិច្ចក្នុងការសហការជាមួយកម្លាំងកម្ពុជាក្នុងការថែរក្សាសន្តិសុខ និងប្រឆាំងភេរវកម្ម ហើយរុស្ស៊ីនឹងបន្តជួយបណ្តុះបណ្តាលជំជានាញជាច្រើនទៀតដល់កម្លាំងនគរបាលកម្ពុជា ក្នុងការថែរក្សាសន្តិសុខ ។

ឯកឧត្តម បានបន្តថា ទំនាក់ទំនងរវាងរដ្ឋាភិបាលរុស្ស៊ី និងកម្ពុជាកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរបានកើតឡើងជាយូរលង់ណាស់មកហើយនោះ ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងផងដែរថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះការជួយរបស់រុស្ស៊ីក្នុងការបណ្តុះបណ្តាលជំនាញផ្សេងៗដល់កម្លាំងនគរបាលកម្ពុជា ហើយកម្ពុជានឹងចាត់ចែងជាបន្តបន្ទាប់ដើម្បីបញ្ជូនពួកគេទៅធ្វើការហ្វឹកហាត់ជំនាញដូចដែលបានលើកឡើងខាងលើនេះ ។

សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា មិត្តភាពកម្ពុជា និងរុស្ស៊ីបានកំពុងរីកចម្រើនជាបន្តបន្ទាប់ ហើយសម្តេចរំពឹងថាទំនាក់ទំនងនេះនឹងកាន់តែល្អជាងនេះបន្ថែមទៀតតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ហើយកម្ពុជាអគុណជានិច្ចចំពោះការជួយរបស់រដ្ឋាភិបាលរុស្ស៊ីនាពេលកន្លងមកក៏ដូចជាអនាគត ៕

ប្រភព៖ cambodiapolice

អត្ថបទទាក់ទង