ខ្មែរប៉ុស្ដិ៍ Close

Google ផ្សាយទិន្នន័យ​​ទីតាំង​អ្នក​ប្រើប្រាស់ ដើម្បី​ជួយ​វិធានការ​បង្ខាំង​ប្រជាជន​ឱ្យ​នៅ​ក្នុង​ផ្ទះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ បច្ចេកវិទ្យា 57
Google ផ្សាយទិន្នន័យ​​ទីតាំង​អ្នក​ប្រើប្រាស់ ដើម្បី​ជួយ​វិធានការ​បង្ខាំង​ប្រជាជន​ឱ្យ​នៅ​ក្នុង​ផ្ទះ Google ផ្សាយទិន្នន័យ​​ទីតាំង​អ្នក​ប្រើប្រាស់ ដើម្បី​ជួយ​វិធានការ​បង្ខាំង​ប្រជាជន​ឱ្យ​នៅ​ក្នុង​ផ្ទះ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ Google របស់​អាមេរិក​ បានប្រកាស​ដំណឹងពីការ​ចុះផ្សាយទិន្នន័យ​អំពី​ទីតាំង​អ្នក​ប្រើប្រាស់ ដើម្បី​ជួយ​អាជ្ញាធរនៃប្រទេសនីមួយៗ ឱ្យ​ងាយស្រួល​​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​វិធានការ​បង្ខាំង​ប្រជាជន​ឱ្យសម្ងំ​​នៅ​ក្នុង​ផ្ទះ។ តាម​ការបញ្ជាក់​របស់​ Google, ការ​ផ្សាយ​ទិន្នន័យអំពីទីតាំងអ្នកប្រើប្រាស់​របស់​ខ្លួន​នៅជុំវិញ​ពិភពលោកនេះ គឺ​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​សុក្រ​ ទី​៣មេសា។

Google ពន្យល់ថា ក្រុម​ហ៊ុន​ខ្លួន​នឹង​បង្ហាញ​ពី​ចរន្ត​នៃការ​ផ្លាស់ទីរបស់​មនុស្ស ដោយ​បង្ហាញពី​ពេល​វេលា ទីកន្លែង​ និង​​នៅតាម​ទីតាំងផ្សេងៗគ្នា ដូចជា​កន្លែងកម្សាន្ត​ ផ្សារ ហាងទំនិញ​ ឱសថស្ថាន​ សួន​ឧទ្យាន ស្ថានីយ​ធ្វើ​ដំណើរសាធារណៈ កន្លែងការងារ​ និងកន្លែងស្នាក់នៅ។

ទិន្នន័យGoogle អំពីទីតាំងអ្នកប្រើប្រាស់ នៅ​កន្លែង​ទាំងអស់​នេះ គឺ​នឹងត្រូវបង្ហាញ​ជា​សញ្ញា​ចរន្ត​ឡើង​ឬចុះ គិត​ជាភាគរយ​ ដោយ​មិន​បញ្ជាក់​ពី​ចំនួន​ថា មាន​មនុស្ស​ប៉ុន្មានជាក់លាក់​​នោះទេ។ ឧទាហរណ៍ជាក់ស្តែង​ គេ​បង្ហាញថា នៅ​កម្ពុជា ​អំឡុង​សប្តាហ៍មុន​ ចំនួន​អ្ន​កប្រើ​ប្រាស់​កម្មវិធី​ Google នៅស្រុកខ្មែរ មាន​ចំនួន​កើនឡើង ជាង​​១២ភាគរយ ​ដែ​លសម្ងំប្រើ​អ៊ីនធ័រនែត ក្នុងកន្លែង​ស្នាក់​នៅ​របស់ខ្លួន។​ នៅកម្ពុជាដដែល ប្រភេទ​ភោជនីយដ្ឋាន ហាង​កាហ្វេ ផ្សារទំនើប សារមន្ទីរ សួនកម្សាន្ត​ បណ្ណាល័យ និងរោងភាពយន្ត ជាដើម ​ខ្សែបន្ទាត់​ចង្អុលពីការ​ចរន្ត​ថយចុះ​ខ្លាំង​ចាប់​ថ្ងៃទី​៨មីនា រហូត​២៩មីនា​ គឺ​ថយចុះ​ ចំនួន​៤៣ភាគរយ។

ឧ​ទាហរណ៍មួយទៀត នៅ​ប្រទេស​បារាំង ចន្លោះពេល​ជាង​២សប្តាហ៍​មកនេះ គឺ​​ចរន្ត​នៃការផ្លាស់ទី ការ​​ធ្វើ​ដំណើរ​នៅតាម​ស្ថានីយរថភ្លើងនិងមធ្យោបាយធ្វើ​ដំណើរ​សាធារណៈ​ជាដើម បាន​ថយចុះ ជិត​៩០ភាគរយ (៨៧%) ។

ការ​ធ្វើ​ដូច្នេះ បើ​តាម​ការពន្យល់​របស់​ Google គឺ​អាច​ជួយ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ពិនិត្យ​មើល​ពី​លំហូរមនុស្ស​ ដែល​ប្រមូលផ្តុំ​នៅកន្លែងណាមួយដែល​មាន​មនុស្ស​ច្រើន​ពេក ឬក៏​អាច​គិត​ពិចារណា ពីការ​ប្តូរ​ម៉ោង​ពេល ​ឱ្យ​បើក​ឬឱ្យ​បិទ​ទីតាំង​ណាមួយជាដើម ដើម្បី​កុំឱ្យ​មនុស្ស​ទៅតែ​កន្លែង​មួយ​ក្នុង​ពេល​ដំណាល​គ្នា​ច្រើន​ពេក ហើយនេះ​​ក៏​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​​ការរីករាលដាន​ជំងឺ​កូវីដ​១៩ដែរ​​​។

ទិន្នន័យនេះ​ គឺគេ​យក​តាម​ទូរសព្ទដៃ​ដែល​ម្ចាស់​ប្រើ​កម្មវិធី​ Google តែ​ Google បញ្ជាក់ថា អ្នក​ប្រើប្រាស់​ អាច​បិទ​ឬបើក​សិទ្ធ​ឱ្យ​ក្រុម​ហ៊ុន​ យកឬមិនយក​ទិន្នន័យនោះ​ ​ក៏បាន​ដែរ​។​ ក្នុងន័យនេះ Google ក៏បាន​បញ្ជក់​ដែរ​ពីការ​ការពារ​ទិន្នន័យផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​។​

សូមជ្រាបថា គេ​អាច​ស្វែង​រករបាយការណ៍អំពីទីតាំងអ្នកប្រើប្រាស់​​​​នេះបាន ​នៅក្នុង​​វិបសាយរបស់ ហ្គោហ្គល ដែល​ពេលនេះ របាយការណ៍​តាមប្រទេស​នីមួយ​ៗ​ មាន​ចំនួន​ជាង​១៣០ប្រទេស ហើយ Google ​បាន​សន្យា​ថា នឹង​ធ្វើ​របាយការណ៍​តាម​ប្រទេស​ តាមតំបន់ នីមួយៗ​បន្ថែ​ម​ទៀត ហើយ​និង​បកប្រែ​ជាភាសា​ផ្សេងៗទៀត​ផង៕​

អត្ថបទទាក់ទង