ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនចិន ប្ដេជ្ញាផ្ដល់ជំនួយបន្ថែមដល់ប្រទេសកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 6

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប បានបន្ដប្ដេជ្ញាផ្ដល់ជំនួយបន្ថែម ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលពិភពលោកទាំងមូល និងប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញ ខណៈកម្ពុជាក៏មានអ្នកឆ្លងជំងឺ Covid-19 ជាង១០០នាក់ផងដែរ។

ក្នុងនោះក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប បានផ្ដល់វិភាគទានជាច្រើនដូចជា៖

១៖ ផ្ដល់វិភាគទានសាច់ប្រាក់ចំនួន៥០ម៉ឺនដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា,

២៖ ឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោនូវសំភារៈ បង្ការការពារផ្សេងៗ មានតំលៃជាង៦០ម៉ឺនដុល្លារអាមេរិករួមមាន៖ ម៉ាស N95 ចំនួន២ម៉ឺនម៉ាស, ក្នុងនោះម៉ាសប្រើប្រាស់បានម្ដងចំនួន២សែនម៉ាស, ម៉ាសការពារវេជ្ជសាស្ត្រ ចំនួន១៥០០០ម៉ាស, ថ្នាំសម្លាប់មេរោគ SURFANIOS ចំនួន៦ធុង, ថ្នាំសម្លាប់មេរោគ Hexanios ចំនួន២៧ធុង, Chlorisarav 29 ចំនួន១០០, សំលៀកបំពាក់ការពារវេជ្ជសាស្ត្រចំនួន៧ពាន់ឈុត, ស្រោមដៃវេជ្ជសាស្ត្រចំនួន៤ម៉ឺនគូរ, ឧបករណ៍ផ្តិតយកសំណាកវេជ្ជសាស្ត្រចំនួន២ម៉ឺនឈុត, ម៉ាស៊ីនអ៊ុកស៊ីសែន៥គ្រឿង, ម៉ាស៊ីនត្រួតពិនិត្យអ្នកជំងឺ (Patient monitor)ចំនួន៣គ្រឿង, ឧបករណ៍ចាក់ថ្នាំដោយស្វ័យប្រវត្តិ៣គ្រឿង, សម្លៀកបំពាក់ការពារចំនួន៤ពាន់ឈុត, ឧបករណ៍ធ្វើតេស្តរកមេរោគ Covid-19 ចំនួន២៦៤០០ឈុត។

៣៖ ឧបត្ថម្ភដល់អគ្គស្នងការដ្ឋាននគរបាលជាតិដូចជា៖ សម្លៀកបំពាក់ការពារ៥០០ឈុត, ម៉ាសចំនួន១ម៉ឺនម៉ាស និងស្រោមដៃ១ម៉ឺនគូ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ និងកោតសសើរចំពោះ លោកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនព្រីនស៍ ដែលបានផ្តល់វិភាគទានជាសាច់ប្រាក់ ចំនួន៥០ម៉ឺនដុល្លារអាមេរិក សម្រាប់យុទ្ធនាការទប់ទល់ និងប្រឆាំងការរីករាលដាលនៃជំងឺ Covid-19។

លោកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ បានថ្លែងថា ក្រោមការបញ្ជា និងការដាក់ពង្រាយយុទ្ធសាស្ត្រផ្ទាល់ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីងប្រជាជនចិនទាំងអស់ បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ហើយបានទទួលជោគជ័យជាបន្តបន្ទាប់ ក្រោយការខិតខំប្រឹងប្រែង អស់រយៈពេលជាង៦០ថ្ងៃកន្លងមក។

លោកឧកញ៉ាថ្លែងបន្ដថា ក្នុងគ្រាលំបាកបំផុតនៅដំណាក់កាលដំបូង នៃការតស៊ូប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដោយផ្ទាល់ដោយមិនគិតពីហានិភ័យផ្ទាល់ខ្លួន និងបានជួយគាំទ្រ ដល់ការតស៊ូរបស់ប្រទេសចិន ចំពោះការរីករាលដាលនៃជំងឺនេះ ដែលនេះបានឆ្លុះបញ្ចាំងពីភាតរភាព ដ៏ជ្រាលជ្រៅរវាងកម្ពុជា និងចិននៅពេលមានវិបត្តិ។

លោកឧកញ៉ាបន្ថែមថា ប៉ុន្មានឆ្នាំមកនេះក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច ហ៊ុន សែន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ ការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 របស់កម្ពុជាបានឈាន ដល់ដំណាក់កាលដ៏សំខាន់មួយ ហើយក្នុងនាមជាសហគ្រាសមានដើមកំណើតនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ ប្តេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាព និងបន្តផ្តល់ជំនួយតាមលទ្ធភាព ដែលអាចធ្វើបានដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺ Covid-19នេះ។

លោកឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប គ្រោងនឹងបន្តទិញសម្ភារផ្នែក វេជ្ជសាស្ត្រពីប្រទេសចិនបន្ថែមទៀត ដើម្បីបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានថ្លែងឲ្យដឹងថា នេះជាសំភារៈដែលក្រុមគ្រូពេទ្យ ជួរមុខកំពុងត្រូវការជាបន្ទាន់ ពិសេសម៉ាស៊ីន, អុកស៊ីសែន, សម្លៀកបំពាក់ការពារ, ម៉ាស និងឧបករណ៍ធ្វើតេស្តរកមេរោគកូវិដ១៩។

លោកស្រីបានបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនព្រីនស៍ ដែលបានផ្តល់ជំនួយ ខណៈរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងត្រូវការខ្លាំងបំផុត»

អត្ថបទទាក់ទង