ខ្មែរប៉ុស្ដិ៍ Close

ចៅចាក់ស្មុក៖ អធិបតេយ្យភាពជាតិកម្ពុជា មិនអាចទទួលរងការជ្រៀតជ្រែកប្រមាថបានឡើយ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 15
ចៅចាក់ស្មុក៖ អធិបតេយ្យភាពជាតិកម្ពុជា មិនអាចទទួលរងការជ្រៀតជ្រែកប្រមាថបានឡើយ! ចៅចាក់ស្មុក៖ អធិបតេយ្យភាពជាតិកម្ពុជា មិនអាចទទួលរងការជ្រៀតជ្រែកប្រមាថបានឡើយ!

រយៈពេល ២៤ ម៉ោងក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោកប៉ាទ្រិក ម័រហ្វី ថ្លែងទាំងបំពានពាក់ព័ន្ធនឹងដំណើរការកាត់ក្តីជនជាប់ចោទ កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ ក្លាហានខុសពេល ដោយចេញមុខមកថ្លែងបែបឫកខែងរ៉ែងថា «យើងមាន​ការរំខានចិត្តដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិតដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាម៉េរិក» ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៃរាជរដ្ឋាភិបាល

កម្ពុជាបានសម្តែងការខកចិត្តជាខ្លាំងចំពោះមតិយោបល់របស់ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានេះដោយបានចាត់ទុកថាការថ្លែងបែបនេះគឺជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នានិងការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការបើកទំព័រ ថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យនៅក្នុងពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធធ្វើពិធី អប អរសាទរខួបចំណងមិត្តភាព ៧០ ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំនេះ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានចាត់ទុក ការថ្លែងយោបល់បែបនេះរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកគឺ​ជាការធ្វើឲ្យប៉ះ​ពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជាដែលជាស្ថាប័នឯករាជ្យនិងដាច់ដោយឡែកដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្ហាញឱ្យឃើញពីឥរិយាបថគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យ របស់កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ។ ជាមួយគ្នានេះ ក្រសួងការបរទេសនិងសប្រតិបត្តិការអន្តរជាតិក៏ បានរំឭកទៅដល់ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាម៉េរិកថា «យោងតាមបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ការ បញ្ចេញយោបល់បែបនេះ គឺជាការរំលោភបំពានលើមាត្រាទី៤១ នៃអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត និងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគ្រប់អ្នកការទូត តំណាងមកពីប្រទេសនានា ទោះបីប្រទេសនោះជាប្រទេសធំ ឬតូច ត្រូវតែគោរឱ្យបានពេញលេញ»។

នេះគឺជាលើកទី១ ហើយក្នុងរយៈពេល ៦ ខែក្រោយវត្តមានរបស់មន្ត្រីទូតអាម៉េរិកថ្មីនៅលើទឹក ដីកម្ពុជាដែលរដ្ឋជាម្ចាស់ផ្ទះបានចេញមករំឭកមន្ត្រីការទូតរបស់​មហាអំណាចមួយនេះកុំឱ្យដើរខុសផ្លូវ នៃអនុសញ្ញាស្តីពីទំនាក់ទំនងការទូត។ ហេតុអ្វីបានជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប៉ាទ្រិក ម័រហ្វី ដែលទាំងមុន និងក្រោយឈានជើងចូលទឹកដីកម្ពុជា នៅក្នុងនាមជាស្ថានតំណាងរបស់អាម៉េរិកប្រចាំ កម្ពុជា បានប្តេជ្ញាកសាងទំនាក់ទំនងការទូតល្អ រវាងប្រទេសទាំងពីរបែរជាពេលនេះ បានព្យាយាមដើរ លើដានចាស់របស់អតីតឯកអគ្គរដ្ឋទូត អាម៉េរិកពីររូបមុន គឺ វិល្លាម ថូត និងវិល្លាម ហេដ? អតីតឯក អគ្គរដ្ឋទូតទាំង២នេះត្រូវបានសាធារ ណៈមតិមើលឃើញថា បានបំពេញការងារដោយបំពានអនុសញ្ញា ទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតហើយធ្វើសកម្មភាព ដែលលម្អៀងទៅរកអតីតគណបក្សសង្គ្រោះ ជាតិនិងក្រុមប្រឆាំងផ្សេងៗទៀត នៅក្រោមលេសសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ទោះបីជាក្រុមជន មួយចំនួនបានបំពាននិងរំលោភច្បាប់ ប៉ុន្តែបានខិតខំព្យាយាមធ្វើជាជនគ្រោះតូបនីយកម្មនៃទង្វើល្មើស ច្បាប់ដែលពួកគេបានធ្វើនិងព្យាយាម លាងសម្អាតកេរ្តិ៍ឈ្មោះ និងការពារក្រុមជនល្មើសច្បាប់ដែលមាន ចេតនាបំផ្លាញសន្តិភាព សេចក្តីសុខនិងការអភិវឌ្ឍរបស់ជាតិ។

ការថ្លែងនេះត្រូវបានកត់សម្គាល់ឃើញថា ក្រោយពីឯកអគ្គរដ្ឋទូត ប៉ាទ្រិក ម័រហ្វី វិលត្រឡប់ពីជួបសមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ដែលបានព្យាយាមតាក់តែងច្បាប់ដាក់​ទណ្ឌកម្មមកលើកម្ពុជា និងការជួបជាមួយអតីតសមាជិកខ្មោចបក្សប្រឆាំងនៅសហរដ្ឋអាម៉េរិក។ តើមានអ្វីនៅពីក្រោយការថ្លែង ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការរបស់រដ្ឋ​អធិបតេយ្យភាពមួយនេះ? យោងតាមខ្លឹមសារនៃសេចក្តី ថ្លែងរបស់ឯកអគ្គរដ្ឋទូត ប៉ាទ្រិក ម័រហ្វី ដែលថា «កឹម សុខា មានកេរ្តិ៍ឈ្មោះដែលលោកសមនឹងទទួល បាននៅទូទាំងពិភពលោកថាជាអ្នកគាំទ្រសិទ្ធិ និងសេរីភាព»និង« យើងមានការរំខានចិត្ត ដោយខាង ព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើង ទាក់ទងនឹងសហរដ្ឋអាមេរិក» បង្ហាញយ៉ាងច្បាស់ពីចេតនាពិតប្រាកដរបស់មន្ត្រីទូតអាមេរិករូបនេះ ក្នុងការព្យាយាមលាងសម្អាតកេរ្តិ៍ឈ្មោះរបស់​សហរដ្ឋអាម៉េរិក​ពីការជាប់ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា និងការបង្ហាញការការពារនិងគាំទ្រទៅលើជនជាប់ចោទ​ពីអំពើសន្ទិដ្ឋិភាពជាមួយបរទេសរបស់កឹម សុខា ដែល​ពលរដ្ឋ ខ្មែរបាន ដឹងថា «កឹម សុខា ក្បត់កម្ពុជាហើយ» ហើយកំពុងតែស្ថិតនៅក្នុងដៃតុលាការ។

អ្វីដែលឯកអគ្គរដ្ឋទូតអាម៉េរិក ប៉ាទ្រិក ម័រហ្វី បានលើកឡើងនៅពេលនេះ ទំនងជាចង់ការពារ ខ្លួនពេកដោយមិនបានយល់ដឹងឱ្យបានច្បាស់លាស់ពីសំណុំរឿង​សន្ទិដ្ឋិភាព​ជាមួយបរទេសរបស់ កឹម សុខា។ រាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា មិនដែលចោទប្រកាន់សហរដ្ឋអាម៉េរិកនៅពីក្រោយ ឬក៏ជាប់ពាក់​ព័ន្ធនឹង​សំណុំរឿងក្បត់ជាតិរបស់ កឹម សុខា ឡើយ។ រីឯស្ថាប័នអយ្យការ បានចោទប្រកាន់តែ កឹម សុខា ប៉ុណ្ណោះ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស មិនបានចោទប្រកាន់​សហរដ្ឋអាម៉េរិក ឬបរទេសណាមួយឡើយ។ ម្យ៉ាងទៀតពេលនេះ សំណុំរឿងបាននិងកំពុងត្រូវបានតុលាការអនុវត្តដំណើរ ការនីតិវិធីហើយមិនទាន់​បានបិទបញ្ចប់ និងសម្រេចសេចក្តីចុងក្រោយថា មានបរទេសណាមួយពាក់ ព័ន្ធនិងនៅពីក្រោយសំណុំរឿងនេះដែរ។ អ្នកដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកគួរតែស្តីបន្ទោសគឺ កឹម សុខា ដែលកន្លងមកមានតែ កឹម សុខា ខ្លួនឯងប៉ុណ្ណោះ ដែលតែងតែអះអាងថា សហរដ្ឋអាម៉េរិកមានការពាក់ព័ន្ធ ជាមួយសំណុំរឿងសន្ទិដ្ឋិភាពនិងសកម្មភាពរបស់គាត់ ដែលតុលាការបានកត់ត្រាទុកយ៉ាងច្បាស់លាស់នៅក្នុងប្រតិចារិក និងសំណុំឯកសារសំណុំរឿងរបស់គាត់។

ដូច្នេះឯកអគ្គរដ្ឋទូតអាម៉េរិក ប៉ាទ្រិក ម័រហ្វី គួរតែទាមទារ កឹម សុខា បង្ហាញភស្តុតាងថាហេតុអ្វី បានជាកឹម សុខា ភ្ជាប់ឈ្មោះសហរដ្ឋអាម៉េរិកនឹងសកម្មភាពរបស់​គាត់រហូតដល់ថា សហរដ្ឋអាម៉េរិកបង្រៀនគាត់ឱ្យយកលំនាំតាមអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ក្នុងការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា។ ឯកអគ្គរដ្ឋទូត​អាមេរិកគួរប្រកាន់​ខ្ជាប់នូវខ្លឹមសារនិងស្មារតីនៃអនុញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនង ការទូតដើម្បីជៀសវាងការប្រព្រឹត្តកំហុសច្រំដែល​ដូចឯកអគ្គរដ្ឋទូតសហរដ្ឋ​អាម៉េរិកមុនៗ​ទៀត ព្រោះ លោកបានសន្យាក្តែងៗថា បេសកកម្មរបស់លោកនៅកម្ពុជា គឺដើម្បីលើកតម្កើងទំនាក់ទំនងការទូតនៃ ប្រទេសទាំងពីរ​ឱ្យមានភាពល្អប្រសើរឡើងវិញ។ វាជាទំនាក់ទំនងការទូតប្រកបដោយស្មើភាពនិងស្មើ សិទ្ធិ និងប្រកបដោយភាពជាដៃគូពិតប្រាកដ និងមានភាពស្មោះត្រង់ ហើយមិនមែនជាទំនាក់ទំនងការ ទូត បែបចាប់ដៃជាន់ជើងនោះឡើយ។ ជាតិនិងប្រជាជនកម្ពុជាមិនអាចទទួលយកបានឡើយនូវការប្រមាថ ឬការជ្រៀតជ្រែក​ណាមួយមកលើអធិបតេយ្យភាពជាតិរបស់ខ្លួន។

តាមរយៈប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «កម្ពុជានឹងមិនយកអធិបតេយ្យភាពទៅប្តូរជាមួយនឹងជំនួយ ឬការគាំទ្រណាមួយឡើយ ហើយអធិបតេ យ្យភាពកម្ពុជា មិនអាចយកមកចរចាបានឡើយ!»។ ដូច្នេះសូមឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក កុំព្យា យាមបំពានលើអធិបតេយ្យភាពកម្ពុជា។ កម្ពុជាមិនបានយកប្រទេសណាមួយធ្វើជាសត្រូវឡើយ គឺ ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ និងប្រកាន់គោលជំហរ សន្តិសហវិជ្ជមាន៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០

អត្ថបទទាក់ទង