ខ្មែរប៉ុស្ដិ៍ Close

កេរតំណែលដ៏អសោចរបស់សម រង្ស៊ី​ ៖ ការញុះញង់ឱ្យស្អប់ខ្ពើមរើសអើងប្រកាន់ពូជសាសន៍ និងបែងចែកវណ្ណៈសង្គមនៅកម្ពុជា!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 51
កេរតំណែលដ៏អសោចរបស់សម រង្ស៊ី​ ៖ ការញុះញង់ឱ្យស្អប់ខ្ពើមរើសអើងប្រកាន់ពូជសាសន៍ និងបែងចែកវណ្ណៈសង្គមនៅកម្ពុជា! កេរតំណែលដ៏អសោចរបស់សម រង្ស៊ី​ ៖ ការញុះញង់ឱ្យស្អប់ខ្ពើមរើសអើងប្រកាន់ពូជសាសន៍ និងបែងចែកវណ្ណៈសង្គមនៅកម្ពុជា!

នៅក្នុងជីវិតនយោបាយរយៈពេលជិត ៣០ ឆ្នាំរបស់ខ្លួន នៅកម្ពុជា សម រង្ស៊ី គ្មានបានធ្វើអ្វីឱ្យចម្រើនដល់ជាតិនិងប្រជាជនកម្ពុជាឡើយ គឺមានតែការបំផ្លិចបំផ្លាញ ការបង្កចលាចលសង្គម ភូតភរ កុហកបោកប្រាស់ បំផ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តសភាពការណ៍ពិត អង្វរបរទេសកុំឱ្យវិនិយោគ កុំផ្តល់ជំនួយ និងកុំទិញទំនិញពីកម្ពុជា ឱនក្បាលចំពោះបរទេសនិងយកឯករាជភាព និងអធិបតេយ្យជាតិខ្មែរដាក់ក្រោមបាតជើងជនបរទេសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមបក្ខពួក។ ជាងនេះទៅទៀតនៅពេលមានការរៀបចំការបោះឆ្នោតម្តងៗ សម រង្ស៊ី រួមនឹងក្រុមរបស់ខ្លួនតែងតែបានប្រើប្រាស់នូវការញុះញង់ប្រជាពលរដ្ឋខ្មែរឱ្យស្អប់ខ្ពើមរើសអើងប្រកាន់ពូជសាសន៍ ដែលផ្ទុយស្រឡះពីគោលការណ៍ស្តីអំពីសិទ្ធិមនុស្ស ដែលមិនអនុញ្ញាតឱ្យមានការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ឋានៈឡើយ។ បើដឹងថាបំពានច្បាប់ ហេតុអ្វីបានជា សម រង្ស៊ី និងគូកនខ្លួន នៅតែបន្តប្រើប្រាស់ការញុះញង់រើសអើងប្រកាន់ពូជសាសន៍ ធ្វើជាឈ្នាន់ដើម្បីស្វែងរកការគាំទ្រ និងបង្កើនប្រជាប្រិយភាពនយោបាយរបស់ខ្លួនទៀត?

ទី១) ធ្វើនយោបាយប្រជាភិថុតិ និងប្រជោបាយនិយម៖ ចាប់តាំងពីដើមតរៀងមក សម រង្ស៊ី និងបក្ខពួកបានធ្វើនយោបាយប្រជាភិថុតិ លួងលោម បោកប្រាស់ និងភូតកុហកប្រជាជនតាមរយៈការសន្យាខ្យល់នៅរៀងរាល់រដូវបោះឆ្នោតម្តងៗ។ ពួកគេយកប្រាក់ធ្វើជានុយដើម្បីទាញយកការគាំទ្រ ដោយដឹងថា មនុស្សត្រូវការលុយជាចាំបាច់ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា លុយដ៏ច្រើនសន្ធឹកសន្ធាប់ដែលពួកគេសន្យានោះ បានមកពីណាឡើយ។ ជាមួយគ្នានេះ សម រង្ស៊ី និងគូកន បាននិងកំពុងអនុវត្តនយោបាយប្រជោបាយនិយម មានន័យថា ពួកគេញុះញង់ប្រជាពលរដ្ឋឱ្យមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំងនឹងរដ្ឋអំណាច ហើយធ្វើនយោបាយលើកំហឹងនេះ។ សម រង្ស៊ី និងបក្ខពួកបានឃោសនាបែបអកុសលអំពីកម្ពុជា និងលាបពណ៌ការពិតរបស់កម្ពុជាទៅជាអាក្រក់ជូរជាតិ និងបានបំភ្លៃ និងក្លែងខ្លួនពីជនល្មើសច្បាប់ មកជាជនរងគ្រោះអាជីព។ ពួកគេខិតខំញុះញង់ប្រជាពលរដ្ឋឱ្យដកជំនឿទុកចិត្តពីអាជ្ញាធរនិងដុតរោលកំហឹងពលរដ្ឋនៅលើបញ្ហាសង្គម បញ្ឆេះកំហឹងពលរដ្ឋទៅលើរឿងរ៉ាវគ្រប់គ្រងប្រទេស ដោយទាញយកតែចំណុចអវិជ្ជមាន និងបំភ្លេចចោលនូវចំណុចវិជ្ជមាន និងភាពត្រឹមត្រូវនៃការដឹកនាំប្រទេស។ ពួកគេចង់ឈ្នះជ្រុលពេក ជាពិសេសមហិច្ឆតាគំនុំសងសឹករបស់ត្រកូល សម នាំឱ្យបាត់ បង់គោលការណ៍ និងមនសិការ «រិះគន់ដើម្បីស្ថាបនា»។ អ្វីដែលសម រង្ស៊ី និងបក្ខពួកបាន និងកំពុងធ្វើ គឺជាសញ្ញាប្រកាសអាសន្នមួយដែលធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិភាព និងសេចក្តីសុខរបស់ពលរដ្ឋខ្មែរបច្ចុប្បន្ន ព្រមទាំងដំណើរលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ ព្រោះនយោបាយប្រជោបាយនិយមនេះ នឹងនាំឱ្យមានការបែកបាក់ជាតិ និងបង្កភាពវឹកវរចលាចលសង្គម និងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មី។

ទី២) យកការរើសអើងប្រកាន់ពូជសាសន៍ដើម្បីបង្កើនប្រជាប្រិយ និងការគាំទ្រនយោបាយ៖ មេដឹកនាំខ្មែរក្រហម ប៉ុល ពត បានប្រើប្រាស់ជម្លោះជាតិសាសន៍ ការរើសអើងប្រកាន់ពូជសាសន៍ជាពិសេសបញ្ឆេះកំហឹង ឱ្យពលរដ្ឋខ្មែរស្អប់ជនជាតិវៀតណាមធ្វើជាលេស ដើម្បីទាក់ទាញកម្លាំងប្រជាជនចូលរួមក្នុងចលនាប្រដាប់អាវុធខុសច្បាប់របស់ខ្លួន និងបានញុះញង់ថាវាយប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់វៀតណាមកុំឱ្យលេប យកទឹកដីកម្ពុជាជាដើម។ ចុងក្រោយលេសនេះគ្មានប្រយោជន៍មិនអាចបន្តបោកប្រាស់ភូតកុហកពលរដ្ឋបានទៀតឡើយ ព្រោះនៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមដកចេញអស់ពីកម្ពុជា នៅឆ្នាំ ១៩៨៩ ពលរដ្ឋដឹងថាការវាយប្រយុទ្ធជាបន្តបន្ទាប់គឺជាការច្បាំងរវាងខ្មែរ និងខ្មែរប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាប៉ុល ពត បាត់បង់ការគាំទ្រ ហើយកម្លាំងខ្មែរក្រហមបានរត់ចោលជួរ និងធ្វើសមាហរណកម្មចូលរួមរស់ជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្រោមការអនុវត្ត នយោបាយ «ឈ្នះ-ឈ្នះ» ផ្តួចផ្តើមគំនិតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមក៏ត្រូវបានរំលាយ និងកម្ពុជាមានសុខសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ មិនខុសពីខ្មែរក្រហម ប៉ុល ពត ប៉ុន្មានទេ សម រង្ស៊ី ដែលពោរពេញដោយគំនុំគ្រួសារដោយសារតែឪពុកខ្លួនត្រូវបានចាត់ទុកថាជា ជនក្បត់ជាតិ បានប្រើប្រាស់នយោបាយញុះញង់រើសអើងប្រកាន់ពូជសាសន៍នេះដើម្បីបង្កើនប្រជាប្រិយភាព និងទាក់ទាញជំនឿទុកចិត្តពីប្រជាពលរដ្ឋ ព្រោះការយល់ដឹងរបស់ពួកគាត់នៅមានកម្រិត និងដក់ជាប់នូវមនោគមវិជ្ជាជម្លោះជាតិសាសន៍ ដែលជាការងាយស្រួលបំភ្លៃការពិត។ ចាប់តាំងពីឆ្នាំ ១៩៩២ មក សម រង្ស៊ី បានប្រើនយោបាយស្អប់ខ្ពើមជាតិសាសន៍នេះ ដើម្បីយកឈ្នះលើការប្រកួតប្រជែងនយោបាយរបស់ខ្លួន រហូតដល់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ព្រមាន សម រង្ស៊ី ផងដែរ។ សម រង្ស៊ី នៅតែបន្តប្រើការរើសអើងប្រកាន់ជាតិសាសន៍ដើម្បីផលប្រយោជន៍នយោបាយខ្លួន ហើយបច្ចុប្បន្នមិនមែនត្រឹមតែញុះញង់ស្អប់ខ្ពើមប្រកាន់ពូជសាសន៍លើជនជាតិវៀតណាមទេ ប៉ុន្តែជនជាតិចិនគឺជាគោលដៅទី២ ដើម្បីចំណេញនយោបាយ។ សូម្បីតែអ្នកគាំទ្រសម រង្ស៊ី ក៏បានស្ទាត់ជំនាញនៅក្នុងការលាបពណ៌ និងញុះ ញង់រើសអើងប្រកាន់ជាតិសាសន៍ដែរដោយអ្នកដែលមិនយល់ដូចខ្លួន មិនគាំទ្របក្សនយោបាយដូចខ្លួន និងរិះ គន់ដើម្បីស្ថាបនាគឺសុទ្ធតែក្លាយជា «ជនជាតិយួន» ទាំងអស់។ ទង្វើរំលោភបំពានសិទ្ធិមនុស្សរបស់ សម រង្ស៊ី និងអ្នកគាំទ្ររបស់ខ្លួន មិនដែលឃើញមានប្រតិកម្មឬការណែនាំណាមួយពីក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ឬតំណាងពិសេសទទួលបន្ទុកសិទ្ធិមនុស្សក្នុងនោះមានលោកស្រី រ៉ូណា ស្មីត ដែលពោរពេញដោយភាពលម្អៀងនយោបាយ ឬប្រទេសជាចៅហ្វាយនាយពួកគេឡើយ។ ប៉ុន្តែ ពួកគេបានដំឡើងសំឡេងរិះគន់រាជរដ្ឋាភិបាលកម្ពុជា នៅពេលកម្ពុជាអនុវត្តច្បាប់ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា ប្រឆាំងនឹងការគំរាមកំហែង បំផ្លាញផែនការបដិវត្តន៍ពណ៌ដែលមានសម រង្ស៊ី និងកឹម សុខា បក្សសង្គ្រោះជាតិជាអ្នកអនុវត្តយ៉ាងសកម្មក្រោមការបង្គាប់បញ្ជាពីចៅហ្វាយនាយបរទេសពួកគេ។ អង្គការនិងប្រទេសដែលតាំងខ្លួនជាអ្នកគោរពសិទ្ធិមនុស្សក៏អនុវត្តស្តង់ ដារពីរដែរដើម្បីការពារផលប្រយោជន៍របស់ពួកគេ។

ទី៣) បម្រើឱ្យភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយនាយបរទេសពួកគេ៖ សម រង្ស៊ី និងបក្ខពួកពិតជាបាន និងកំពុងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់បរទេស តាមរយៈការបន្ទោសបង្អាប់ជាតិសាសន៍ម្ខាងទៀត និងលើកតម្កើងជាតិសាសន៍ ដែលជាចៅហ្វាយនាយរបស់ខ្លួន។ សម រង្ស៊ី បានញុះញង់ប្រជាពលរដ្ឋខ្មែរ ឱ្យរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម និងជនជាតិចិននៅកម្ពុជា នៅក្នុងចេតនាបម្រើផលប្រយោជន៍នយោបាយខ្លួន តាមរយៈការបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យក្តៅក្រហាយនឹងជាតិសាសន៍ទាំងនោះ និងបម្រើផលប្រយោជន៍ភូមិសាស្ត្ររបស់ម្ចាស់ពួកគេដែលមានការប្រកួតប្រជែងជាមួយ ចិន។ ពួកគេមិនបានធ្វើនយោបាយសន្តិភាពនិយមឡើយ ហើយក៏មិនខ្ចីរវីរវល់នឹងពន្យល់ប្រជាពលរដ្ឋថា ជនជាតិវៀតណាម និងជនជាតិចិនដែលមានវត្តមាននៅកម្ពុជាក្នុងនាមជាវិនិយោគិនគឺមានច្បាប់ត្រឹមត្រូវ និងអ្នកខ្លះបានរស់នៅ និងកើតនៅលើទឹកដីកម្ពុជាជាយូរមកហើយ និងរស់នៅស្របតាមច្បាប់ស្តីពីសញ្ជាតិ។ ពួកគេមិនបានប្រៀបធៀបការរស់នៅរបស់ពលរដ្ឋខ្មែរដែលភៀសខ្លួនពីសង្គ្រាមទៅរស់នៅប្រទេសផ្សេងៗ រាប់ទាំងក្រុមអ្នកកំពុងញុះញង់ស្អប់ខ្ពើមជាតិសាសន៍មួយចំនួនផងថា មិនចំលែកឡើយ ដែលប្រទេសមួយមានជាតិសាសន៍ច្រើនរស់នៅ និងត្រូវស្ថិត ក្រោមច្បាប់នៃម្ចាស់ប្រទេស។ ប៉ុន្តែគ្មានអ្វីដែលលំបាកជាងគេដែលដាស់មនុស្សធ្វើពុតជាដេកលក់ឱ្យភ្ញាក់ ឡើងវិញនោះទេ។ សម រង្ស៊ី និងបក្ខពួកគួរឈប់លេងល្បែងដុតបញ្ឆេះកំហឹងជាតិសាសន៍ដ៏គ្រោះថ្នាក់នេះទៅ វានឹងមិនចំណេញអ្វីដល់ជាតិនោះទេ គឺមានតែបែកបាក់ជាតិ ជម្លោះជាតិសាសន៍ និងហិង្សាតែប៉ុណ្ណោះ។
សរុបមកវិញសមិទ្ធិផលធំៗរបស់ សម រង្ស៊ី គឺមានតែការបំផ្លាញជាតិ និងបង្កចលាចលសង្គម និងបង្កឱ្យបែកបាក់សាមគ្គីជាតិខ្មែរតែប៉ុណ្ណោះ គ្មានសមិទ្ធិផលជាប្រយោជន៍សម្រាប់ប្រជាជនទេ។ ក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី ដែលបានឈានដល់ទីបញ្ចប់ហើយនេះបានបន្សល់ត្រឹមតែកេរតំណែលដ៏អសោចជូរជាតិ គឺបង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ដល់អ្នកដែលដើរតាមនយោបាយខ្លួន។ ក្រៅពីមានឈ្មោះជាជនក្បត់ជាតិ សម រង្ស៊ី នឹងជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រគឺជាអ្នករើសអើងស្អប់ខ្ពើមជាតិសាសន៍ដ៏ សកម្មម្នាក់ដែលរំលោភបំពានច្បាប់ និងសេក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សសកល៕

ដោយ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨

អត្ថបទទាក់ទង