ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផលិតដោយប្រទេសណាមិនសំខាន់ សំខាន់ខ្លាចតែគ្មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដើម្បីការពារអាយុជីវិត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 30
អ្នកវិភាគចៅចាក់ស្មុក៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផលិតដោយប្រទេសណាមិនសំខាន់ សំខាន់ខ្លាចតែគ្មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដើម្បីការពារអាយុជីវិត អ្នកវិភាគចៅចាក់ស្មុក៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផលិតដោយប្រទេសណាមិនសំខាន់ សំខាន់ខ្លាចតែគ្មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដើម្បីការពារអាយុជីវិត

វិបត្តិនៃជំងឺកូវីដ-១៩ បានវាយលុកពិភពលោករយៈពេលជាងមួយឆ្នាំមកហើយមិនទាន់មាសញ្ញាណថមថយ នៅឡើយ និងគិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ បានចម្លងទៅមនុស្សសរុបចំនួន ១៥២,៩០៧,១១៣នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៣,២០៨,៥៤៣នាក់បានស្លាប់បាត់បង់ជីវិត និង ១៣០,១៩៨,៣៣០ នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញនៅទូទាំងសកលលោក។ រហូតមកទល់ពេលនេះ ពិភពលោកទាំងមូលមិនទាន់រកឃើញថ្នាំព្យាបាលជំងឺនេះឱ្យជាសះស្បើយនៅឡើយទេ ក្រៅពីប្រទេសមួយចំនួនបានខិតខំប្រឹងប្រែងស្រាវជ្រាវរកឃើញវ៉ាក់សាំង ដើម្បីចាក់បង្ការជំងឺដ៏កាចសាហាវនេះ។

វ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ដែលជាកម្មវត្ថុនៃការប្រកួតប្រជែងផង និងការដណ្តើមគ្នាទិញក្នុងចំណោម ប្រទេសនានានៅលើពិភពលោកផង ខណៈការផលិតនៅមានកម្រិត មិនទាន់អាចឆ្លើយតបនឹងតម្រូវការដ៏ខ្ពស់របស់ប្រទេសទាំងអស់នៅលើពិភពលោកដែលត្រូវការវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្លួនដើម្បីការពារអាយុជីវិត។ ការទទួលបានវ៉ាក់សាំងលឿនឬឆាប់ដើម្បី ចាក់ជូនប្រជាពលរដ្ឋ មិនត្រឹមតែស្ថិតថាប្រទេសនោះ មានលុយតែមួយមុខប៉ុណ្ណោះទេ តែពឹងទៅលើទេពកោសល្យដឹកនាំ និងទំនាក់ទំនងការទូតដ៏ល្អរបស់មេដឹកនាំនៃប្រទេសផងដែរ។

សម្រាប់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចុះនូវវិធាន ការចាំបាច់ជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ព្រមទាំងដាក់ចុះកញ្ចប់ទប់ស្កាត់វិបត្តិបង្កឡើងដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ពិសេសជាង នេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលបានកំណត់គោលដៅ តាំងតែពីពិភពលោកប្រឈមមុខដំបូងនូវជំងឺរាតត្បាតនេះ ថានឹងខិតខំស្វះស្វែងរកវ៉ាក់សាំងដែលគេផលិតបានដើម្បី យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទោះបីស្ថិត ក្នុងតម្លៃណាក៏ដោយ។ ក្តីសុបិន្តនេះបានក្លាយជាការពិត ទោះបីជាកម្ពុជាមិនមែនជាប្រទេសដែលផលិតវ៉ាក់សាំង តែបានទទួលវ៉ាក់សាំងពីមិត្តដែកថែបរបស់ខ្លួនមកចាក់ជូនពលរដ្ឋខ្មែរ ហើយប្រជាពលរដ្ឋខ្មែរពិតជាមានសេចក្តីរំភើបចិត្ត និងរីករាយក្រៃលែងដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងចំណោមប្រទេសដំបូងៗគេដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ពលរដ្ឋខ្មែរភាគច្រើនលើសលប់ស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ​ ចំណែកក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតកូនជនក្បត់ ជាតិរួមនឹងក្រុមជនបំផ្លាញជាតិរបស់ខ្លួនបានឃោសនា បែបទុច្ចរិតបំផ្លាញទំនុកចិត្ត និងបន្លាចប្រជាពលរដ្ឋថា ចាក់វ៉ាក់សាំងផលិតដោយប្រទេសចិននឹងធ្វើឱ្យស្លាប់បាត់ បងជីវិត។ សារឃោសនាខុសពីការពិតនេះត្រូវបានក្រុម សកម្មជននយោបាយងុបងុលមួយចំនួនយកទៅឃោស នារហូតដល់អ្នកខ្លះជាប់គុក ដោយសារតែផ្សាយព័ត៌មានមិនពិត និងញុះញង់ពលរដ្ឋ ហើយឥឡូវនេះមិនទាន់ចេញផង។

ម្ជុលទី១ដែលកម្ពុជា បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិនដល់ពលរដ្ឋរបស់ខ្លួន ធ្វើឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺចាក់ជូនលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរួមនឹងបុត្រាបង្កើតនិងបុត្រាប្រសាររបស់សម្តេចជាច្រើនរួបទៀតហើយនឹងសមាជិករាជរដ្ឋាភិបាល និងមន្ត្រីជាច្រើនរូបទៀត។ នេះគឺជាការផ្តល់នូវទំនុកចិត្តបន្ថែមទៀតជូនដល់ប្រជា ពលរដ្ឋដែលខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាននិងកំពុងខិតខំស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលរួមមានៈ១លានដូសជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ ម៉ឺនដូស តាមយន្តការខូវ៉ាក់ ១,៥ លានដូសបញ្ហាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន ៤ លានដូសបន្ថែមទៀត ហើយក៏ខិតខំស្វះស្វែងបញ្ហាទិញបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខដូចជាមន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានកំណត់ទិសដៅចាក់វ៉ាក់សាំង ១ លានដូសក្នុងមួយខែជូនប្រជាពលរដ្ឋ និងចាក់ជូនពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងជាង ១០ លាននាក់នៅកម្ពុជា។

រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនចំនួនជិត ១,៥ លាននាក់ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរី ដែលផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ ច្រើនបំផុតដល់ប្រជាជន។ រហូតមកដល់ពេលនេះ ក៏គ្មានពលរដ្ឋកម្ពុជាណាម្នាក់ដែល បានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់របស់ប្រទេសចិនមានបញ្ហាសុខភាព ឬស្លាប់បាត់បង់ជីវិតដូចការ ឃោសនាដ៏អកុសលរបស់អ្នកប្រឆាំងឡើយ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជាបានរង់ចាំយ៉ាងអន្ទះសាដល់ វេនខ្លួនដើម្បីទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយសេចក្តីសប្បាយរីករាយបំផុត។ មិនត្រឹមតែ ពលរដ្ឋកម្ពុជាឡើយ មានពលរដ្ឋនៃបណ្តាប្រទេសមួយចំនួនទៀតនៅលើសកលលោកក៏បានទទួលការចាក់វ៉ាក់ ផលិតនៅប្រទេសចិនដែរក្នុងនោះរួមទាំងកីឡាករបាល់ទាត់ល្បីល្បាញលើពិភពលោករួមមានលោក Messi និង Neymar ព្រមទាំងក្រុមរបស់គាត់ក៏បានជ្រើសរើសចាក់វ៉ាក់សាំងផលិតនៅប្រទេសចិនដែរ។

ចុងក្រោយនេះ បន្ទាប់ពីភូតកុហកច្រើន ក្រុមប្រឆាំងបានចាញ់អាត្មាខ្លួនឯង ហើយភ្ញាក់ខ្លួនដូចខ្មោច ៧ ថ្ងៃថាការឃោសនា បោកប្រាស់របស់ខ្លួនដែលថាចាក់វ៉ាក់សាំងផលិតនៅប្រទេសចិនស្លាប់ គ្មានតម្លៃហើយពលរដ្ឋខ្មែរមិនជឿ ថែមទាំងដៀលត្មិះខ្លួនថា «កុហកបោកប្រាស់គ្មានកេរ្តិ៍ខ្មាស» ក៏បែរមកចង់ស៊ីឡាក់ និងទាញយកផលប្រយោជន៍ នយោបាយ និងបង្កចលាចលឱ្យពលរដ្ឋដណ្តើមគ្នាចាក់វ៉ាក់សាំងដោយធ្វើជាការអំពាវនាវពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងនិងថាវ៉ាក់សាំងផលិតនៅប្រទេសចិនមានសុវត្ថិភាព។ ប៉ុន្តែទង្វើទុច្ចរិតរបស់ក្រុមជនក្បត់ជាតិនេះត្រូវបានបំផ្លាញចោល ហើយក្រុមបំផ្លាញជាតិនេះបរាជ័យយ៉ាងអាម៉ាស់បំផុត។

គេនៅចាំបានថាទោះបីជាក្រុមជនបំផ្លាញជាតិខិតខំបំភិតបំភ័យប្រជាពលរដ្ឋ ផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយពីមនុស្សស្លាប់ដោយបំភ្លៃថាដោយសារតែការចាក់វ៉ាក់សាំងចិនក៏ដោយ ប៉ុន្តែចលនានៃការជំរុញ ឱ្យមានការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកាន់តែមានកម្រិតខ្ពស់បំផុត។ សម្តេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកវ៉ាក់សាំងពីប្រទេសចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំង នោះកម្ពុជានឹងមិនមានវ៉ាក់សាំងចាក់ជូនប្រជាជនឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅគ្រប់ពេលដែលមានប្រសាសន៍ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សម្តេចតែងតែគូសបញ្ជាក់ថា «សូមកុំបារម្ភថាវ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក»។

ពលរដ្ឋខ្មែរជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយមានជំនឿថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដែលរាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋទូទាំងប្រទេសក្នុងរយៈពេលសមស្របខាងមុខនេះ រួមនឹងការអនុវត្តវិធានការចាំបាច់នានា គឺជាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជាកាន់តែឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១

អត្ថបទទាក់ទង