ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ ជំហានទៅមុខនៃនយោបាយក្រុមប្រឆាំង!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 39
អ្នកវិភាគចៅចាក់ស្មុក៖ ជំហានទៅមុខនៃនយោបាយក្រុមប្រឆាំង! អ្នកវិភាគចៅចាក់ស្មុក៖ ជំហានទៅមុខនៃនយោបាយក្រុមប្រឆាំង!

ច្បាប់ដែលបើកផ្លូវសម្រាប់ការផ្តល់នីតិសម្បទា ចំពោះអ្នកជាប់បម្រាមរបស់តុលាការ មិនអាចធ្វើសកម្មភាពនយោបាយបាន ត្រូវបានរដ្ឋសភាអនុម័ត ដោយចាត់ទុកជាការប្រញ៉ាប់ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៨។ ច្បាប់នេះ ត្រូវបានគណបក្សកាន់អំណាច ចាត់ទុកជាការបង្កើតច្រកនយោបាយ សម្រាប់ត្រួសត្រាយផ្លូវបង្រួបបង្រួមជាតិ និងពង្រីកលំហសេរីភាព និងប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ត្រូវបានពង្រឹងថែរក្សា គេចផុតពីគ្រោះចង្រៃនៃ «បដិវត្តពណ៌» ដែលផែនការបដិវត្តន៍នេះ ត្រូវបានមេដឹកនាំគណបក្សសង្រ្គោះជាតិយកមកអនុវត្តឱ្យចេញជារូបរាង ជាមហាបាតុកម្មក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ និងឆ្នាំ២០១៤ ក្រោមជំនួយឧបត្ថម្ភ ទាំងផ្នែកខួរក្បាល ទាំងផ្នែក មធ្យោបាយពីបរទេស។
សម្រាប់ក្រុមប្រឆាំង ពិសេស ក្រុម ១១៨ រូប (បច្ចុប្បន្ន នៅសល់១១៧ រូប ដោយសារតែលោក ជាម ច័ន្ទនី អតីតតំណាងរាស្ត្រ បានទទួលមរណៈភាពនាពេលថ្មីៗនេះ) គឺបានបង្ហាញការយល់ឃើញខុសៗគ្នា ចំពោះច្បាប់ស្តីពីការផ្តល់នីតិសម្បទាឡើងវិញនេះ ដោយអ្នកខ្លះបង្ហាញជំហរអបអរសាទរ ហើយអ្នកខ្លះ បង្ហាញជំហរមិនយល់ស្រប ហើយអ្នកខ្លះទៀត នៅរង់ចាំវាយតម្លៃ និងពិចារណាឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងធ្វើការសម្រេចចិត្ត។ តើគួរទទួលយកនីតិសម្បទាធ្វើនយោបាយឡើងវិញដែរឬទេ? ខាងក្រោមនេះ ជាការមើលឃើញខ្លះៗចំពោះសភាពការណ៍នយោបាយបច្ចុប្បន្ន និងជំហានទៅមុខរបស់ក្រុមប្រឆាំង ជាពិសេស របស់អ្នកមានឈ្មោះក្នុងបញ្ជីហាមឃាត់ ១១៨ រូប ជុំវិញបញ្ហានីតិសម្បទានយោបាយនេះ៖
ហេតុអ្វីអ្នកជាប់បម្រាមក្នុងបញ្ជី ១១៨ នាក់ ត្រូវស្នើសុំយកសិទ្ធិធ្វើនយោបាយឡើងវិញ ?
ទី១៖ ការធ្វើលិខិតដើម្បីទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ គឺជាទម្រង់មួយនៃ “ការទាមទារសិទ្ធិ” ពុំមែនជាការធ្វើលិខិតសុំទោស ឬទទួលស្គាល់កំហុស ដូចដែល សម រង្ស៉ី និងទណ្ឌិតមួយចំនួនបានធ្វើ កន្លងមក ជូនទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីទទួលបានការលើក លែងទោស និងធ្វើនយោបាយ ឡើងវិញ នោះទេ។
ទី២៖ ជាអ្នកនយោបាយ ប្រសិនបើមិនអាចធ្វើសកម្មភាពនយោបាយបាន គឺជាអ្នកនយោបាយដែលពិការ។ ហើបមាត់មិនរួច និងធ្វើអ្វីមិនបាន តើជួយជាតិបានដែរឬទេ? ឧត្តមគតិរបស់អ្នកនយោបាយ គឺការធ្វើសកម្មភាពតស៊ូ ចូលរួមប្រជែងគ្នា ដើម្បីកសាងជាតិឱ្យសម្បូណ៌រុងរឿង និងប្រជាជនរស់នៅបានសុខសាន្ត។ ប្រសិនបើមានតែគំនិត តែគ្មានសកម្មភាព គឺបានត្រឹមតែស្រមៃយល់សប្តិប៉ុណ្ណោះ។
ទី៣៖ អ្នកនយោបាយត្រូវចេះ «ក្តាប់ឱកាស, បង្កើតឱកាស និងប្រើឱកាស»។ ច្បាប់បើកច្រកសម្រាប់ការទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ ចាត់ទុកជាឱកាសមួយ ដែលត្រូវក្តាប់ឱ្យជាប់កុំឱ្យរបូត។ ការទាមទារសិទ្ធិធ្វើនយោបាយឡើងវិញ តាមរយៈការធ្វើលិខិតទៅនាយក រដ្ឋមន្ត្រី ឬរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺការបង្កើតឱកាសឱ្យខ្លួនឯង មានសេរីភាព រួចផុតពីពិការភាព នយោបាយ។ នៅពេលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញបាន គឺត្រូវចេះប្រើឱកាសនេះ ឱ្យបានល្អ ដើម្បីធ្វើសកម្មភាពក្នុងនាមជាអ្នកនយោបាយ ដែលមានឧត្តមគតិចង់បម្រើជាតិ និងប្រជាជនឱ្យសុខសាន្ត និងរុងរឿង។
ទី៤៖ អ្នកនយោបាយជោគជ័យ មិនត្រឹមតែមានឧត្តមគតិជាតិប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវមានប្រាជ្ញាញ្ញាណ និង ធ្វើសកម្មភាព តាមក្បួនយុទ្ធសាស្រ្ត។ “ដេកផ្ទះ ឈ្នះឯង” របស់ សម រង្ស៉ី ជាយុទ្ធសាស្រ្តខុសក្បួន។ សម រង្ស៉ី ជាអ្នកនយោបាយ ដែលធ្វើនយោបាយមិនដែលឈ្នះដោយសារការវាយតម្លៃសភាពការណ៍នៅកម្ពុជា និងការស្ទង់ទឹកចិត្តប្រជាជនខ្មែរមិនដែលត្រូវ។ នេះ ក៏អាចដោយសារ សម រង្ស៉ី ប្រើភ្នែកក្នុងការវាយតម្លៃ ប៉ុន្តែ មិនប្រើខួរក្បាល ឬក៏ប្រើខួរក្បាលដែរ តែប្រាជ្ញាមិនដល់។ ជាក់ស្តែង «ដេកផ្ទះ ឈ្នះឯង» របស់សម រង្ស៊ី បានបរាជ័យយ៉ាងអាម៉ាស់បំផុតព្រោះពលរដ្ឋខ្មែរចំនួន ៨៣,០២% ក្នុងចំណោមពលរដ្ឋខ្មែរជាង ៨,៣ លាននាក់ បានអញ្ជើញទៅបោះឆ្នោត ចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពេញលេញ ដោយមិនខ្វល់នឹងការអំពាវនាវរបស់ សម រង្ស៊ី ឡើយ។
ទី៥៖ ធ្វើនយោបាយ ត្រូវមានយុទ្ធវិធី និងយុទ្ធសាស្រ្ត។ បើមិនផ្តល់ឱកាសឱ្យខ្លួនឯង បើជួយខ្លួនឯងមិនបាន ផង តើអាចទៅជួយ កឹម សុខា ដែលជាប្រធានខ្លួនឯងម្តេចកើត? ទៅជួយប្រជាជន និងប្រទេសជាតិម្តេចកើត? ប៉ុន្តែ ច្បាស់ណាស់ សម រង្ស៉ី កំពុងព្យាយាមបិទច្រក តាមគ្រប់មធ្យោបាយ ដើម្បីកុំឱ្យមានការដោះលែង កឹម សុខា ដោយមិនមានរូបគាត់នៅក្នុងកញ្ចប់នៃដំណោះស្រាយ។
ហេតុអ្វីបានជា សម រង្ស៉ី គំរាមមិនឱ្យអ្នកក្នុងបញ្ជី ១១៨នាក់ ទាមទារសិទ្ធិធ្វើនយោបាយឡើងវិញ?
ទី១៖ ច្បាស់ណាស់ សម្រាប់ សម រង្ស៉ី, បើអ្នកក្នុងបញ្ជី ១១៨ នាក់ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញមានន័យថា អ្នកទាំងនោះ អាចបង្កើតបក្សនយោបាយថ្មី និងអាចចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣។ ដូចនេះ សម រង្ស៉ី ដែលទើបធ្វើបក្សប្រហារដណ្តើមតួនាទីជាមេដឹកនាំខ្មោចគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ២ ធ្នូ កន្លងទៅ នឹងដណ្តើមបានត្រឹមជាមេដឹកនាំសំបកបក្ស ឬបក្សខ្យល់ប៉ុណ្ណោះ ព្រោះថ្នាក់ដឹកនាំផ្សេងទៀត ទទួលបានសិទ្ធិចេញទៅបើកបក្សថ្មីអស់ហើយ។ សម រង្ស៉ី អត់មានឈ្មោះក្នុងបញ្ជី១១៨ នាក់ នោះទេ ដូច្នេះ សម រង្ស៉ី គ្មានផលប្រយោជន៍នយោបាយសម្រាប់ខ្លួនឯង ដើម្បីធ្វើលិខិតសុំនីតិសម្បទា ដូចពេលគាត់ធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ដើម្បីទទួលបានការលើកលែងទោសធ្វើនយោបាយឡើងវិញ ដូចពីមុនឡើយ។ តែបើគាត់មានឈ្មោះក្នុងបញ្ជី១១៨ វិញ ហើយមានការបើកច្រកដូច្នេះ ប្រហែលជាគាត់ ដាក់ពាក្យមុនគេ ហើយនឹងលើកហេតុផល ១០០មុខ មកពន្យល់បែកពពុះមាត់ ដូចរឿងគាត់ក្បត់អ្នកចូលរួម ធ្វើមហាបាតុកម្ម ដោយការដើរចូលទៅយកតួនាទីនៅសភា កាលពីឆ្នាំ ២០១៤ដែរ។ គេនៅចាំបានគ្រប់គ្នាថា ពេលនោះ សម រង្ស៉ី ខំលើកហេតុផលពន្យល់បាតុករ និងអ្នកគាំទ្រយ៉ាងឡូហ្ស៉ីកថា នៅក្រៅសភា មិនអាចធ្វើអ្វីកើតទេ ទាល់តែចូលក្នុងសភា ទើបអាចកែពីក្នុងបាន តាមសុភាសិតថា «ចូលរូងខ្លា ទើបអាច ចាប់ខ្លាបាន»។ នៅពេលនេះទៀត សម រង្ស៊ី បាននិងកំពុងពន្យល់អ្នកគាំទ្រគាត់ឡើងបែកពពុះមាត់ថា សម រង្ស៊ី គឺជាសំប៉ានទៅស្វែងរកជំនួយសង្គ្រោះសំពៅដែលជាប់គឿងនៅកណ្តាលមហាសាគរ និងរំដោះមេទ័ព កឹម សុខា តែតាមពិត សំប៉ាន សម រង្ស៊ី ឆ្លេរឆ្លេររកកន្លែងចតខ្លួនឯងមិនបាន ក៏ឡើងចតបែកសំពៅតែម្តង។
ទី២៖ សម រង្ស៉ី ខ្លាចបំផុត គឺភាពឯកោនយោបាយ ។ ដោយសារហេតុផលនេះ ទើបគាត់សម្រេចធ្វើបក្ស ប្រហារ ដើម្បីដណ្តើមយកតំណែងដឹកនាំបក្សឡើងវិញ កុំឱ្យបរទេសធីបគាត់ចោល ហើយប្រជាជនបំភ្លេច គាត់។ ករណីរឿង ១១៨ នាក់នេះ ក៏មិនខុសគ្នាដែរ។ បើភាគច្រើនទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ, សម រង្ស៉ី នឹងបន្តនៅក្រៅកញ្ចប់នៃដំណោះស្រាយជារៀងរហូត ហើយបើគេនាំគ្នាបង្កើតបក្សថ្មី ដើម្បីចូលរួមបោះឆ្នោតឆ្នាំ ២០២២ និងឆ្នាំ២០២៣, បក្សដែលគាត់ទើបនឹងធ្វើបក្សប្រហារដណ្តើមបានថ្មីៗ នឹងក្លាយជាបក្សខ្យល់។ សេណារីយ៉ូនេះ សម រង្ស៉ី នឹងឯកោខាងនយោបាយដ៏គួរឱ្យសោកសៅ និងសង្វេគបំផុត!
ទី៣៖ សម រង្ស៉ី អះអាងថា ការធ្វើច្បាប់ផ្តល់នីតិសម្បទារឱ្យអ្នកមានឈ្មោះក្នុងបញ្ជី១១៨ អាចធ្វើសកម្មភាព នយោបាយឡើងវិញ គឺជាសេណារីយ៉ូរបស់បក្សកាន់អំណាច ដែលចង់បំបែកបំបាក់គណបក្សសង្រ្គោះជាតិ។ ដូច្នេះមិនត្រូវដើរតាមផ្លូវដែលគូសវាសដោយគណបក្សកាន់អំណាចឡើយ។ តើអ្វីជាសេណារីយ៉ូរបស់បក្សកាន់អំណាច? និយាយអោយខ្លី គឺឲ្យអ្នកនយោបាយប្រឆាំងមាននីតិសម្បទា ដើម្បីអាចធ្វើសកម្មភាព
នយោបាយឡើងវិញ ដោយរួមទាំងការបង្កើតបក្សនយោបាយថ្មី ឬប្រើបក្សនយោបាយ ដែលមានស្រាប់ ដូចជាបក្សភ្លើងទៀន ឬបក្សសិទ្ធិមនុស្ស ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។ បើមិនទទួលយកសេណារីយ៉ូនេះ តើ សម រង្ស៉ី មានសេណារីយ៉ូអ្វីដែលល្អជាងនេះ ដើម្បីផ្តល់ក្តីសង្ឃឹមឱ្យក្រុមប្រឆាំង? ហើយតើសេណារីយ៉ូនេះ ទៅរួច និងអាចកើតមានដែរឬទេ?
សម រង្ស៉ី គឺទាមទារលក្ខខណ្ឌ ៥ចំណុច៖ ឱ្យបក្សសង្រ្គោះជាតិរស់ឡើងវិញ, បោះឆ្នោតឡើងវិញ, ប្រគល់តំណែងអោយសមាជិកក្រុមប្រឹក្សាទាំងជាង ៥ ពាន់ឡើងវិញ, លើកបម្រាមចំពោះអ្នកក្នុងបញ្ជី ១១៨ នាក់ និងដោះលែង កឹម សុខា។ តើអាចទៅរួចទេ? តើមានសង្ឃឹមទេ? ចម្លើយថា ប្រាកដជាអត់ទៅរួចទេ ហើយមិនអាចកើតមានឡើយ។ គ្រប់គ្នាដឹងច្បាស់អំពីរឿងនេះ ដោយរាប់ទាំងក្រុមប្រឆាំងខ្លួនឯង។ ផ្អែកលើមេរៀនប្រវត្តិសាស្ត្រកន្លងមក, ក្តីសង្ឃឹមពិតប្រាកដ ដែលអាចកើតមានក្នុងសេណារីយ៉ូកម្ពុជា តាមរយៈនយោបាយបង្រួបបង្រួមផ្សះផ្សាជាតិ គឺការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញរបស់អ្នក នយោបាយក្នុងបញ្ជី ១១៨រូប និង កឹម សុខា អាចរួចផុតពីការជាប់ឃុំនៅពន្ធនាគារ និងអាចធ្វើសកម្មភាពនយោបាយឡើងវិញ តាមរយៈការលើកលែងទោស។ ផ្លូវពីរក្រោយនេះ គឺអាចទៅរួចក្នុងដំណោះស្រាយ ឈ្នះ-ឈ្នះ រវាងខ្មែរ និងខ្មែរ ដោយពុំចាំបាច់ទៅលក់ក្បាល ពឹងបរទេសតាមរយៈការបញ្ចុះបញ្ចូលបរទេសឱ្យដាក់ទណ្ឌកម្មបំផ្លាញផលប្រយោជន៍ប្រជាជន និងមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិឡើយ។ បើផ្អែកតាមការទាមទារខាងលើ និងអ្វីដែល សម រង្ស៉ី កំពុងធ្វើសកម្មភាពបច្ចុប្បន្ន, សេណារីយ៉ូដែល សម រង្ស៉ី គូសវាសសម្រាប់ក្រុមប្រឆាំង គឺមានតែពីរទេ៖

សេណារីយ៉ូទី១- ការអំពាវនាវឱ្យប្រជាជនធ្វើការបះបោលប្រឆាំងនឹងរដ្ឋអំណាចតាមបែបបដិវត្តន៍ ប៉ុន្តែផ្លូវនេះ សម រង្ស៉ី បានសាកល្បងជាច្រើនលើកច្រើនសារ ប៉ុន្តែមិនត្រឹមតែមិនបានជោគជ័យ ថែមទាំងបរាជ័យរលាយខ្លួនដូចអំបិលត្រូវទឹក ហើយ សម រង្ស៉ី ខ្ចាត់ព្រាត់ទៅស្រុកបារាំងរបស់គាត់រហូតដល់បច្ចុប្បន្ននេះ និង សេណារីយ៉ូទី២- «ដេកផ្ទះ ឈ្នះឯង» ដែល សម រង្ស៉ី អនុវត្តបានយ៉ាងជោគជ័យ សម្រាប់ឆ្នាំ២០១៨ នឹងបន្តជាសេណារីយ៉ូសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ បន្តទៀត។ សំណួរបន្ទាប់ តើសេណារីយ៉ូ ដែលគូសវាសដោយគណបក្សកាន់អំណាច ជាយុទ្ធសាស្រ្តបំបែកបំបាក់គណបក្សប្រឆាំង? តាមពិតទៅ បើបែកបាក់ គឺចាប់ផ្តើមពីការបង្កើតចលនាសង្រ្គោះជាតិ ដែល សម រង្ស៉ី ចង់ក្តោបក្តាប់តួនាទីជាមេដឹកនាំក្រុមប្រឆាំងឡើងវិញ ដោយពេលនោះ បានអះអាងថា បក្សសង្រ្គោះជាតិបានស្លាប់បាត់ទៅហើយ ដូច្នេះត្រូវបង្កើតចលនាសង្រ្គោះជាតិជំនួសវិញ។

បន្ទាប់មកការបែកបាក់កាន់តែរីកធំ ជាមួយនិងការធ្វើបក្សប្រហារ ដែល សម រង្ស៉ី បានដណ្តើមតំណែងជាមេដឹកនាំបក្សប្រឆាំង (ដែលពីមុនគាត់ថា បានស្លាប់បាត់ទៅហើយ) ឡើងវិញ ដោយមិនបានគិតគូរ ឬឱ្យតម្លៃអ្វីបន្តិចទាល់តែសោះដល់ក្រុមរបស់ កឹម សុខា។ ការបែកបាក់ចុងក្រោយ គឺការហាមឃាត់អ្នក មានឈ្មោះក្នុងបញ្ជី ១១៨រូប មិនឱ្យទទួលយកនីតិសម្បទាធ្វើនយោបាយឡើងវិញ ដោយគំរាមបែបផ្តាច់ការ ថា បើហ៊ានទទួលយកគឺក្បត់បក្ស។ តាមពិតបែកបាក់ ឬមិនបែកបាក់ មិនស្ថិតលើបក្សកាន់អំណាចទេ គឺស្ថិតលើបក្សប្រឆាំងខ្លួនឯងតែម្តង។ បើ សម រង្ស៉ី រកការសម្របសម្រួលមួយដើម្បីឱ្យអ្នកក្នុងបញ្ជី ១១៨នាក់ ទៅទទួលយកនីតិសម្បទាធ្វើនយោបាយនោះ មិនត្រឹមតែមិនបែកបាក់នោះទេ ថែមទាំងអាចឱ្យបក្សដំណើរការឡើងវិញក្រោមឈ្មោះថ្មីទៀតផង។ ប៉ុន្តែ បើ សម រង្ស៊ី ព្យាយាមហាមឃាត់ រារាំងមនុស្សទាំង ១១៨ នាក់ មិនឱ្យទទួលយកនីតិសម្បទាឡើងវិញនោះ សម រង្ស៊ី គ្រាន់តែដើម្បីការពារនយោបាយសួនតួ របស់ខ្លួនដែលចង់បានបរិវារហែរហម និងចង់ឱ្យគេគិតថាមានតែខ្លួនម្នាក់គត់ដែលអាចជួយសង្គ្រោះ អតីតបក្សសង្គ្រោះជាតិបាន។
ជាចុងក្រោយ យើងគួរស្គាល់ឱ្យច្បាស់បន្តិចលើបុគ្គលភាព និងភាពជាអ្នកដឹកនាំរបស់ សម រង្ស៉ី ក្នុងនាម ជាមេបក្សប្រឆាំង។ សម រង្ស៉ី ជាអ្នកនយោបាយមិនដែលឈ្នះ ដោយសារគំនិតអាត្មានិយម អត្តនោម័ត និងគ្មានយុទ្ធសាស្ត្រឱ្យជាតិរុងរឿង និងសុខសាន្ត។ លោក គង់ គាំ ដែលជាមនុស្សជំនិតរបស់គាត់ រយៈពេល ប្រមាណ ២ទសវត្សរ៍ បានហៅគាត់ថា ជាអ្នកនយោបាយ «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត», ជាអ្នកនយោបាយងប់ងល់នឹងការប្រឆាំងផ្កាប់មុខជាមួយមនោគមវិជ្ជា «មានអញអត់ឯង មានឯងអត់អញ» ដែលនាំជាតិបែកបាក់ ហើយចុងក្រោយ លោក គង់ គាំ បានសន្និដ្ឋានវាយតម្លៃថា សម រង្ស៉ី ជាអ្នកនយោបាយដែលមិនទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ តាមរយៈការអនុវត្តផែនការ បដិវត្តន៍ពណ៌ និងការបញ្ចុះបញ្ចូលឱ្យបរទេសកាត់ជំនួយ និងដាក់ទណ្ឌកម្មលើក្បាលខ្មែរ។ អ្នកនយោបាយបែបនេះជា «អ្នកនយោបាយពិការខួរ និងខូចត្រីវិស័យជាតិ»។ ដោយមូលហេតុខាងលើនេះ សម រង្ស៉ី បានក្លាយជាអ្នកនយោបាយឯកោ ហើយបរទេសបានធីបចោល ដោយជ្រើសរើសយកការគាំទ្រ កឹម សុខា ជាមេដឹកនាំប្រឆាំងជំនួសវិញ។ សម រង្ស៉ី និយាយយ៉ាងពិរោះថា ប្រឆាំងនឹងបរទេសឈ្លានពាន ប៉ុន្តែ ខ្លួនឯងទៅពឹងបរទេស លក់ឧត្តមគតិជាតិ ឱ្យបរទេសមកជាន់លើក្បាលខ្មែរ។
នៅទីបំផុត សម រង្ស៉ី នឹងប្រើច្រករបស់អ្នកដែលនឹងទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ ដើម្បី ជាស្ពានសម្របសម្រួលរកដំណោះស្រាយសម្រាប់ខ្លួនគាត់ជាក់ជាពុំខាន!៕

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨

អត្ថបទទាក់ទង