ទស្សនៈពលរដ្ឋ៖ ពេលទឹករងថ្លា ទើបមើលឃើញបាតបឹងកាន់តែច្បាស់!
ការបង្ក្រាបចលនាបដិវត្តន៍ពណ៌ដោយជោគជ័យកាលពីអំឡុងការបោះឆ្នោត និងក្រោយការបោះឆ្នោតឆ្នាំ ២០១៣ គឺជាកញ្ចក់ដែលយើងអាចឆ្លុះបញ្ចាំងឲ្យយើងមើលឃើញកាន់តែច្បាស់អំពីរូបរាង និងខ្សែបណ្តាញនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជាដែលត្រូវបានចងក្រង និងបណ្តុះបណ្តាលបានយ៉ាងល្អដោយពួកបរទេស តាមរយះការប្រើប្រាស់បក្សប្រឆាំង សង្គមស៊ីវិលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សាយព័ត៌មានបរទេសជាខេមរភាសា។
ពីដំបូងឡើយ ខ្ញុំក៏ដូចជាពលរដ្ឋខ្មែរទូទៅចេះតែគិតថា បដិវត្តន៍ពណ៌ប្រហែលគ្រាន់តែជាការលាបពណ៌ទេ តែដល់តាមដានយូរទៅ យើងបានយល់យ៉ាងច្បាស់អំពីគោលដៅ រចនាសម្ព័ន្ធ និងសកម្មភាពរបស់ក្រុមចលនាបដិវត្តន៍ពណ៌នេះ។ បណ្តាញនេះត្រូវបានគេចាត់តាំងរៀបចំយ៉ាងល្អ និងតាំងពីយូរណាស់មកហើយ។ អ្វីដែលគេនៅចងចាំបានយ៉ាងច្បាស់គឺ នៅពេលដែលលោក កឹម សុខា បង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដំបូង គាត់បានប្រើពាក្យស្លោកមួយថា «បើគ្មានការប្រថុយប្រថាន គ្មានការផ្លាស់ប្តូរ» ។
ដំបូងឡើយយើងមិនបានចាប់អារម្មណ៍ទេ ហើយគិតថាជាពាក្យធម្មតាៗប៉ុណ្ណោះ ប៉ុន្តែ បន្ទាប់ពីតាមដានសភាពការណ៍ក្នុងពិភពលោក ពិសេសបណ្តាប្រទេសដែលរងភាពខ្ទេចខ្ទាំដោយចលនាបដិវត្តន៍ពណ៌ ហើយចុងក្រោយនេះ បន្ទាប់ពីបានតាមដានអ្វីដែលកើតមាននៅកម្ពុជា ទើបយើងយល់ច្បាស់ថា ពាក្យដែលលោក កឹម សុខា ប្រើពេលនោះ មិនមែនធម្មតាទេ ប៉ុន្តែ វាជាពាក្យស្លោកគន្លឹះសម្រាប់ឈានទៅបញ្ឆេះកំហឹងពលរដ្ឋឲ្យហ៊ានងើបបះបោរប្រឆាំងរដ្ធអំណាចស្របច្បាប់ដើម្បីផ្លាស់ប្តូរតាមបែបចលនាបដិវត្តន៍ពណ៌នេះឯង។
ពាក្យថា«បើគ្មានការប្រថុយប្រថាន គ្មានការផ្លាស់ប្តូរ» នេះក៏មិនមែនលោក កឹម សុខា ខ្លួនឯងនឹកឃើញដែរ តែជាពាក្យដែលបរទេសបានបង្រៀនដល់លោក កឹម សុខា។ នេះបើយោងតាមការឆ្លុះបញ្ចាំងតាមរយៈសម្តីដែលលោក កឹមសុខា ខ្លួនឯងបាននិយាយចេញមកតាមរយៈខ្សែអាត់សំឡេងដែលត្រូវបានផ្សព្វផ្សាយកន្លងទៅ។ ការចាកចេញពីនយោបាយទៅបង្កើតអង្គការសិទ្ធិមនុស្ស ហើយចេញពីអង្គការសិទ្ធិមនុស្សហក់ចូលនយោបាយជាថ្មីរបស់លោក កឹម សុខា សុទ្ធសឹងជាសេណារីយោដែលគូសវាសដោយពួកបរទេសទាំងអស់។ មកដល់ពេលនេះ យើងក៏បានយល់កាន់តែច្បាស់ថែមទៀតថា ហេតុអ្វីបានជាលោក សម រង្ស៊ី ចេះតែបង្កភាពប្រទូសរាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសាររបស់នាយករដ្ឋមន្ត្រីមិនចេះចប់។
ហេតុអ្វីបានជាម្តងហើយម្តងទៀត លោក សម រង្ស៊ី ចេះតែបំផ្លាញវប្បធម៌សន្ទនាឲ្យរលាយសាបសូន្យទៅវិញបែបនេះ? ហេតុអ្វីបានជាក្រោយការបោះឆ្នោតរាល់លើក លោកសម រង្ស៊ី តែងដឹកនាំចលនាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតរហូត ទោះជាការបោះឆ្នោតត្រូវបានគេវាយតម្លៃជាទូទៅថា មានភាពសេរី និងយុត្តិធម៌ក៏ដោយនោះ? មូលហេតុគឺ លោក សម រង្ស៊ី ដែលទទួលបានការបណ្តុះបណ្តាលយ៉ាងជោគជាំពីចៅហ្វាយនាយបរទេសមានគោលដៅផ្តួលរំលំរដ្ធាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រីហ៊ុន សែន តាមរយៈចលនាបដិវត្តន៍ពណ៌ទេតើ។ ដើម្បីសម្រេចគោលដៅនេះ លោក សម រង្ស៊ី មិនអាចបង្ហាញភាពស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ តែត្រូវបង្ហាញភាពជាសត្រូវស៊ីសាច់ហុតឈាមទើបអាចបំផុសកំហឹងអ្នកគាំទ្របក្សប្រឆាំងឲ្យចងគំនុំជាមួយមេដឹកនាំរាជរដ្ឋាភិបាល ពិសេសគឺគ្រួសារនាយករដ្ឋមន្ត្រីតែម្តង។ អ៊ីចឹងហើយបានជាលោក សម រង្ស៊ី ហ៊ានរហូតដល់ប្រឌិតរឿងចោទប្រកាន់ថា ភរិយាលោកនាយករដ្ឋមន្ត្រី និងកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត គឺជាកូនរបស់មេដឹកនាំវៀតណាម។ គោលដៅរបស់លោក សម រង្ស៊ី ដែលហ៊ានប្រឌិតរឿងបែបនេះគឺចង់ឲ្យពលរដ្ឋខ្មែរមានគំនុំកាន់តែខ្លាំងទៅលើគ្រួសារនាយករដ្ឋមន្ត្រីដើម្បីងាយស្រួលញុះញង់ឲ្យងើបបះបោរប្រឆាំង។
និយាយពីក្រុមសង្គមស៊ីវិលវិញ ជាពិសេសក្រុមដែលធ្វើការខាងបោះឆ្នោត, ខាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដូចជាអង្គការ ខុមហ្វ្រែល របស់លោក គល់ បញ្ញា ជាដើម។
ពីដំបូងឡើយយើងចេះតែឆ្ងល់ថា ហេតុអ្វីបានជាក្រុមទាំងនោះចេះចងក្រងគ្នាជាបណ្តាញល្អម៉្លេះ? ហើយបណ្តាញនោះទៀតសោតមិនដែលនិយាយពីចំណុចវិជ្ជមានទាល់តែសោះ តែបែរជាផ្តុំក្បាលគ្នាថ្លែងការណ៍តែពីចំណុចអវិជ្ជមានទោះជារឿងតូចតាចសោះក៏ដោយ? ដំបូងឡើយ យើងយល់ត្រឹមតែថា បើមិនធ្វើដូច្នេះទេ ម្តេចនឹងទទួលបានជំនួយពីបរទេស? តាមពិត ការយល់បែបនេះមិនខុសទេ ប៉ុន្តែ វាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ ចំណុចសំខាន់ជាងនេះគឺ ពួកគេជាបណ្តាញចលនាបដិវត្តន៍ពណ៌ ដោយប្រើការញុះញង់ជាគោល។ ហេតុដូច្នេះហើយបានជា ទោះបីការបោះឆ្នោតមានសភាពស្ងប់ស្ងាត់ គ្មានហិង្សា និងមានតម្លាភាពគ្រប់គ្រាន់ក៏ដោយ ក៏ពួកគេនៅតែរកលេសនេះ លេសនោះដើម្បីធ្វើសេចក្តីថ្លែងការណ៍រិះគន់ដដែល។
គេនៅចាំបានថា មុនបោះឆ្នោតឆ្នាំ ២០១៣ អង្គការ ខុមហ្វ្រែល របស់លោក គល់ បញ្ញា បានប្រឌិតរឿងទឹកខ្មៅលុបជ្រះដើម្បីបំភាន់សាធារណៈមតិ។ គោលដៅរបស់ពួកគេគឺ ធ្វើឲ្យមានការសង្ស័យចំពោះលទ្ធផលបោះឆ្នោតដើម្បីងាយស្រួលពួកគេរកលេសបដិសេធលទ្ធផលបោះឆ្នោត ឬផ្តល់ទម្ងន់ដល់ការតវ៉ារបស់គណបក្សប្រឆាំង។ គ្មានម្តងណាឡើយដែលក្រុមអង្គការទាំងនោះសរសើរការបោះឆ្នោត គឺរិះគន់តែរហូតទោះបីជាការរៀបចំនោះមានបក្សប្រឆាំងជាតំណាងនៅក្នុង គ.ជ.ប និងបើកឲ្យមានការសង្កេតការណ៍យ៉ាងទូលំទូលាយក៏ដោយ។ អ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀតគឺ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះមិនដែលមានម្តងណាឡើយដែលស្តីបន្ទោសបក្សប្រឆាំងបើទោះជាពួកប្រឆាំងធ្វើខុសយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ ពួកគេតែងការពារបក្សប្រឆាំងជាដរាប តែមាត់ខំអួតថា ជាសង្គមស៊ីវិលឯករាជ្យ។
និយាយពីប្រព័ន្ធផ្សាយព័ត៌មានដូចជាវិទ្យុអាស៊ីសេរីជាដើមនោះ ក៏ចេះតែអួតមិនខ្មាសអៀនថា ជាវិទ្យុឯករាជ្យ តែតាមពិតជាវិទ្យុគាំទ្របក្សប្រឆាំងយ៉ាងងប់ងល់។ វិទ្យុអាស៊ីសេរី និងបណ្តាញផ្សាយព័ត៌មានមួយចំនួនទៀត ដែលធ្វើជាឧបករណ៍នយោបាយដាច់ថ្លៃឲ្យបក្សប្រឆាំង ក៏ខំយ៉ាងសម្បើមណាស់ដែរក្នុងការជួយបក្សប្រឆាំង។ ជួយរហូតដល់ភ្លេចគិតពីភាពសមរម្យ ពីវិជ្ជាជីវៈ និងពីសីលធម៌។ ធ្វើជាអ្នកសារព័ត៌មាន ប៉ុន្តែ ពួកគេដើរតួជាអ្នកនយោបាយយ៉ាងចំហ។ ព័ត៌មានដែលវិទ្យុនេះផ្សាយ ១០០% គឺជាទស្សនៈនយោបាយសុទ្ធសាធ។ ចុងក្រោយនេះ វិទ្យុអាស៊ីសេរី ក្រោយពេលក្លាយជាវិទ្យុក្រៅច្បាប់ បានបង្ហាញសារជាតិរបស់ខ្លួនកាន់តែច្បាស់ក្រឡែតថា ជាឧបករណ៍នយោបាយរបស់បក្សប្រឆាំងយ៉ាងដាច់ថ្លៃ។ គ្មានឡើយក្រមសីលធម៌វិជ្ជាជីវៈ គឺមានតែសារនយោបាយសុទ្ធសាធ ហើយជាសារនយោបាយបំបែកបំបាក់ ញុះញង់ បំភ្លៃ បំប៉ោង ប្រឌិត….។ ព្រឹត្តិការណ៍នៅខេត្តក្រចេះកាលពីពេលថ្មីៗនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែតថា អាស៊ីសេរីជាឧបករណ៍នយោបាយដាច់ថ្លៃ ដោយហ៊ានផ្សាយព័ត៌មានប្រឌិតទាំងស្រុងថា មានមនុស្សស្លាប់ ៦ នាក់ និងរងរបួស ៤០ នាក់។ ទោះបីនៅទីបំផុតទៅ គ្មានអ្នកស្លាប់សោះក៏ដោយ ក៏វិទ្យុនេះមិនបានកែតម្រូវព័ត៌មានរបស់ខ្លួនឡើយ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ លោក សម រង្ស៊ី បានយកព័ត៌មានប្រឌិតនេះ ទៅចេញសាររម្លែកទុក្ខដល់អ្នកស្លាប់ថែមទៀតដែលតាមការពិត ពុំមានអ្នកណាមកនាក់ស្លាប់នោះឡើយ។
ឥឡូវនេះ នៅពេលការបោះឆ្នោតជិតមកដល់ ក្រុមបណ្តាញចលនាបដិវត្តន៍ពណ៌បានកម្រើកឡើងវិញហើយដោយពួកគេនៅតែចិញ្ចឹមចិត្តថាអាចប្រោសខ្មោចដែលស្លាប់បាត់ហើយឲ្យរស់ឡើងវិញ។ គោលដៅរបស់ពួកគេគឺ បើខ្មោចសង្គ្រោះជាតិមិនអាចរស់ឡើងវិញទេ ពួកគេមានគោលដៅបំផ្លាញការបោះឆ្នោតតែម្តង។ ទាំងលោក សម រង្ស៊ី ទាំងក្រុម សង្គមស៊ីវិលជាតិ អន្តរជាតិ មួយចំនួន និងប្រព័ន្ធផ្សព្វផ្សាយដែលជាបណ្តាញរបស់ពួកគេ បាននិងកំពុងធ្វើសកម្មភាពដើម្បីឆ្ពោះទៅបំផ្លាញការបោះឆ្នោត បំផ្លាញកិត្យានុភាពរបស់ប្រទេស និងបង្កភាពវឹកវរបើអាចធ្វើបាន។
ពេលបានដឹងពីផែនការ និងអង្គការចាត់តាំងរបស់ក្រុមចលនាបដិវត្តន៍ពណ៌នៅកម្ពុជា និងដោយក្រឡេកមើលបញ្ហានៅបណ្តាប្រទេសមជ្ឈឹមបូព៌ា ធ្វើឲ្យយើងព្រឺក្បាល និងស្អប់ខ្ពើមបដិវត្តពណ៌ខ្លាំងណាស់។
យ៉ាងណាក៏ដោយ ប្រទេសយើងមានសំណាងដោយគោលដៅរបស់ពួកបដិវត្តន៍ពណ៌មិនអាចទៅរួចឡើយដោយសារតែពេលនេះ គ្រប់យ៉ាងត្រូវបានបកអាក្រាតអស់ហើយ។ បណ្តាញរបស់ពួកគេត្រូវបានមហាជនស្គាល់មុខដូចបាតដៃ។ សកម្មភាពរបស់ពួកគេក៏កំពុងបាត់ការគាំទ្រទាំងនៅលើឆាកនយោបាយជាតិ និងអន្តរជាតិ។ អាជ្ញាធរមានសមត្ថកិច្ចកំពុងតាមដានយ៉ាងកៀកកិតចំពោះចលនាខុសច្បាប់នេះ។ បើហ៊ានងើបច្បាស់ជាត្រូវថ្មោងជាមិនខានឡើយ។ នៅលើឆាកអន្តរជាតិវិញ ក៏គ្មានអ្នកណាគាំទ្រដែរទោះបីជាពួកគេខំដើរត្រុកៗដើម្បីបញ្ចុះបញ្ចូលបរទេសឲ្យគាំទ្រយ៉ាងណាក៏ដោយ។ ដូច្នេះ ក្រុមចលនាបដិវត្តន៍ពណ៌គ្មានផ្លូវសម្រាប់ដើរទៀតទេ។ ពេលនេះ អ្វីៗស្ថិតនៅក្នុងក្រសែភ្នែករបស់មហាជនខ្មែរគ្រប់គ្នា និងក៏ដូចជាស្ថិតក្នុងក្រសែភ្នែកសមត្ថកិច្ចគ្រប់បែបយ៉ាង ដូចពាក្យចាស់ពោលថា «ពេលទឹករងថ្លា គេអាចមើលឃើញបាតបឹងកាន់តែច្បាស់»គឺច្បាស់ដូចបាតដៃ។ រាល់សកម្មភាពរបស់ក្រុមនេះសុទ្ធតែស្ថិតក្នុងកាេម៉រាសុវត្ថិភាពទាំងអស់៕
ដោយ កូនខ្មែរ