ខ្មែរប៉ុស្ដិ៍ Close

លិខិតប្រជាជន៖ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្គ្រាមវិនាសកម្មសារជាថ្មីឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 72
លិខិតប្រជាជន៖ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្គ្រាមវិនាសកម្មសារជាថ្មីឡើយ លិខិតប្រជាជន៖ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្គ្រាមវិនាសកម្មសារជាថ្មីឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធទី៦ ខែកុម្ភៈឆ្នាំ២០១៩នេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោកបានថ្លែងថា លោកបានប្តេជ្ញាចិត្តជាថ្មី ក្នុងការធានារក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងគ្របដណ្តប់ទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យសង្គ្រាមវិនាសកម្មបំផ្លាញប្រទេស បំផ្លាញសេចក្តីសុខប្រជាពលរដ្ឋសារជាថ្មីបានឡើយ។ ទម្រាំយើងមានឱកាសបានអភិវឌ្ឍរហូតមានកំណើនសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិភាពសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគិន និងទេសចរបរទេសកាន់ច្រើន គឺយើងបានខិតខំប្រឹងប្រែងនិងធ្វើពលិកម្មខ្លាំងណាស់ ហើយក៏គ្មាននរណារប្រឹងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង។ នៅលើហ្វេសប៊ុកដដែលបានបញ្ជាក់ច្បាស់ថា ច្បាស់ណាស់ កាលណាប្រទេសជាតិកាន់រីកចម្រើន ប្រជាពលរដ្ឋកាន់តែមានឱកាសទទួលបាននូវផលប្រយោជន៍ពីការរីកចម្រើននៃប្រទេសជាតិផងដែរ។ នៅក្រោមការដឹកនាំរបស់លោក គឺដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្គ្រាមវិនាសកម្មសាជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។

ជាការពិត សម្រាប់ប្រជាជនកម្ពុជា សន្តិភាពបានកើតមានពិតប្រាកដក្នុងទូទាំងប្រទេសកម្ពុជាចាប់តាំងពីចុងឆ្នាំ១៩៩៨ គឺជាសន្តិភាពដែលខ្មែរគ្រប់រូបបានស្គាល់ ក្រេបជញ្ជក់ និងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការកសាង និងអភិវឌ្ឍជីវិតក្រុមគ្រួសារ និងសង្គមជាតិ ជាស្នាដៃដ៏អស្ចារ្យរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ សន្តិភាពបច្ចុប្បន្នបានផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់ខ្មែរ។ សុខសន្តិភាពបាននិងកំពុង ផ្តល់សេចក្តីសុខសាន្ត និងសុភមង្គលដល់ខ្មែរ ដែលផ្ទុយពីក្រុមប្រឆាំងមួយចំនួនបានបង្កើតបដិវត្តពណ៌តាមបញ្ជារបស់បរទេសដែលប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់កើតចេញពីការបោះឆ្នោតតាមប្រជាធិបតេយ្យ។

ក៏ប៉ុន្តែផែនការបដិវត្តពណ៌របស់ក្រុមប្រឆាំងដែលជ្រោមជ្រែងដោយមជ្ឈដ្ឋានអគតិខាងក្រៅប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ ពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ និងពីឆន្ទៈរបស់ប្រជាជន ត្រូវបានរាំងស្កាត់ទាន់ពេលេវលា តាមរយៈវិធានការច្បាប់ដ៏ម៊ឹងម៉ាត់ និងប្រសិទ្ធភាព។ ការរំលាយគណបក្សសង្រ្គោះជាតិ និងហាមឃាត់បុគ្គលថ្នាក់ដឹកនាំនៃគណបក្សនេះ ១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំតាមអំណាចដាលដីកាស្ថាពររបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានធ្វើឱ្យអង្កការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវរំលាយ ហើយបានបញ្ឈប់មិនឱ្យរាលដាលទៅមុខទៀតនូវចលនាជ្រុលនិយមដ៏គ្រោះថ្នាក់នេះ។

ក្នុងន័យនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានការពារយ៉ាងរឹងមាំរាល់សមិទ្ធផលនៃសង្គមជាតិ ការពារឯករាជ្យ និង អធិបតេយ្យជាតិ ការពារឆន្ទៈ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ប្រជាជន និងធានាឱ្យកម្ពុជាបន្តដើរតៅមុខយ៉ាងរឹងមាំ តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ហើយសន្តិភាព ស្ថិរភាព និងសមិទ្ធផលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកជីវិតមកធ្វើជាដើមទុន ពីពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន និងយុទ្ធនារី ជនរួមជាតិយើងរាប់លាននាក់ ដើម្បីជាតិមាតុភូមិ ព្រមទាំងការជួយឧបត្ថម្ភពីប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។ ដូច្នេះ ប្រជាជនកម្ពុជារាល់រូបត្រូវនាំគ្នាខិតខំការពារថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះឱ្យបានគង់វង្សជារៀងដរាប ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះជាត្រូវបង់ដោយតម្លៃណាក្តី។

អាស្រ័យដោយ មានទស្សនៈវិស័យច្បាស់លាស់ គោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយអភិវឌ្ឍជាតិគ្រប់ជ្រុងជ្រោយ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាមានមោទនភាពបំផុត ក្នុងការដឹកនាំប្រទេស ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាង៧% ក្នុងមួយឆ្នាំ ហើយមូលដ្ឋាននៃកំណើនត្រូវបានរីកដុះដាលកាន់តែច្រើនវិស័យដោយបានធ្វើឱ្យទំហំសេដ្ឋកិច្ចកាន់តែធំឡើងជាលំដាប់។ ជាក់ស្តែងទំហំសេដ្ឋកិច្ចជាតិ (ផ.ស.ស. តាមថ្លៃបច្ចុប្បន្ន) បានកើនឡើងពីប្រមាណជាង១៥២៣៧ លានដុល្លារអាមេរិកនៅឆ្នាំ២០១៣ ដល់ប្រមាណជាង២៤៦០៥ លានដុល្លារអាមេរិកនៅឆ្នាំ២០១៨។ ចំណូលមនុស្សម្នាក់ៗធៀបនឹងទំហំសេដ្ឋកិច្ចទាំងមូល ក៏បានកើនឡើងពី១០៤២ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ដល់ប្រមាណ១៥៦៣ ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨។ អត្រាប្តូរប្រាក់ស្ថិតក្នុងរង្វង់៤០៥០រៀលក្នុងមួយដូល្លារអាមេរិក ខណៈដែលអត្រាអតិផលរណាជាមធ្យមស្ថិតក្នុងរង្វង់៣% ដែលជាកម្រិតមួយទៀប និងអាចគ្រប់គ្រងបាន។

នេះជាមោទនភាពមួយដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានធ្វើឱ្យកម្ពុជាសម្រេចបានឋានៈប្រទេសចំណូលមធ្យមកំរិតទាប ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយនៅត្រឹមក្រោម១០% និងគម្លាតនៃចំណូលក្នុងចំណោមប្រជាជន ស្ថិតក្នុងកំរិតទាប តាមរយៈការបែងចែកផលនៃកំណើនសេដ្ឋកិច្ចដល់ប្រជាជនគ្រប់ស្រទាប់ ពិសេស តាមរយៈការអនុវត្តគោលនយោបាយដំឡើងបៀវត្សមន្រ្តីរាជការ និងប្រាក់ឈ្នួលអប្បរមា ព្រមទាំងការគិតគូរពីសុខមាលភាពរបស់កម្មករ តាមរយៈការតភ្ជាប់បណ្តាញអគ្គីសនី និងបណ្តាញទឹកស្អាត ដោយតម្លៃទាប ការពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គម និងមូលនិធិសមធម៌ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈ និងការជំរុញការដោះស្រាយវិវាទការងារ។

ជារួម ការសម្រេចបាននូវសមិទ្ធិកម្មសេដ្ឋកិច្ចដ៏ល្អខាងលើនេះ បានធ្វើឱ្យអត្រានៃភាពក្រីក្ររបស់ប្រជាជន ដែលត្រូវបានវាស់វែងឃើញថា ប្រមាណ៥៣.៥% ក្នុងឆ្នាំ២០០៤ បានធ្លាក់ចុះមកក្រោម១០% នៅក្នុងឆ្នាំ២០១៨។ ហើយភាពក្រីក្ររបស់ប្រជាជននឹងបន្តធ្លាក់ចុះនាពេលខាងមុខទៀត នៅពេលដែលកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលលោក ហ៊ុន សែន ជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ ក្នុងយុគ្គសម័យមាស មានសន្តិភាព មានការអភិវឌ្ឍ។

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង