ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 50
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិ អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-អូស្រ្តាលី ក្រៅផ្លូវការ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ អមតំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ បានអញ្ជើញចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម។

នៅក្នុងជំនួបនោះ លោក ង៉ូ ស៊ុន លិច្ស បានវាយតំលៃខ្ពស់ចំពោះកម្ពុជា ក្នុងសកម្មភាពអាស៊ាន ជាពិសេស ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM)។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់ថា ឆ្នាំនេះជាខួប១០ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ដែលមានរដ្ឋមន្ត្រីការពារជាតិចំនួន១៨ប្រទេស បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ លោក ង៉ូ ស៊ុន លិច្ស បញ្ជាក់អោយដឹងថា ក្នុងឱកាសប្រារព្វខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅចុងឆ្នាំនេះ ក្រសួងការពារប្រទេសវៀតណាម មានគំរោងរៀបចំការតាំងពិព័ណ៌ការពារជាតិ ជាលើកដំបូងនៅប្រទេសវៀតណាម ដើម្បីបង្ហាញជូនទស្សនានូវ ឧបករណ៍ សំភារៈការពារជាតិរបស់វៀតណាម។ លោក រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា វៀតណាមសន្យាគាំទ្របណ្តាគំនិតផ្តួចផ្តើម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក របស់កម្ពុជា ជាពិសេសគំនិតផ្តួចផ្តើមអំពីមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន។

មានមតិឆ្លើយតបវិញ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមថ្មីៗមួយចំនួនរបស់វៀតណាម និងបានសំដែងការអបអរសាទរ គាំទ្រចំពោះការប្រារព្ធខួប ១០ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នាពេលខាងមុខ។ លោក ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម ក៏បានថ្លែងអំណរគុណដល់ការគាំទ្ររបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាអោយបណ្តាប្រទេសអាស៊ានមានការឯកភាពជាមួយគ្នា ៕

អត្ថបទទាក់ទង