ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្រ្តីទៀ បាញ់ ថ្លែងថា ការដាក់សម្ពាធទាំងឡាយមកលើ កម្ពុជា គឺជាការចូលរួមចំណែកអនុវត្តផែនការបដិវត្តពណ៌

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
ឧបនាយករដ្ឋមន្រ្តីទៀ បាញ់ ថ្លែងថា ការដាក់សម្ពាធទាំងឡាយមកលើ កម្ពុជា គឺជាការចូលរួមចំណែកអនុវត្តផែនការបដិវត្តពណ៌ ឧបនាយករដ្ឋមន្រ្តីទៀ បាញ់ ថ្លែងថា ការដាក់សម្ពាធទាំងឡាយមកលើ កម្ពុជា គឺជាការចូលរួមចំណែកអនុវត្តផែនការបដិវត្តពណ៌

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ ទុកថា ការដាក់សម្ពាធទាំងឡាយមកលើប្រទេសកម្ពុជា តាមការញុះញង់ របស់ក្រុមមួយដែលលោកទំនងជាសំដៅទៅក្រុមប្រឆាំងរត់ចោលស្រុក គឺជាការចូលរួមចំណែកអនុវត្តផែនការបដិវត្តពណ៌។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បែបនេះបានធ្វើ ឡើងនៅក្នុងឱកាសដែល លោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គ បណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ នៅ សាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។

នៅក្នុងពិធីនេះលោកឧបនាយករដ្ឋមន្រ្តី បានរិះគន់ចំពោះការប៉ុនប៉ងបង្ក ចលាចលរបស់ក្រុមប្រឆាំង តាមរយៈផែនការបដិវត្តពណ៌ នៅឆ្នាំ២០១៣។ ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះភាពឈ្លាសវៃរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបាន ទប់ស្កាត់បដិវត្តពណ៌នេះបានយ៉ាងល្អប្រសើរ និងទាន់ពេលវេលា។

លោកឧបនាយករដ្ឋមន្រ្តី ជំរុញឱ្យកងកម្លាំងប្រដាប់អាវុធចូលរួមទប់ស្កាត់ នូវការបង្កចលាចល ដែលជាការប៉ុនប៉ងប្រើប្រាស់កម្លាំងប្រជាជន ដើម្បី ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ទន្ទឹមនឹងនេះ លោក បានរិះគន់ដល់ ក្រុមប្រឆាំង ដែលទំនងជាសំដៅលើលោក សម រង្ស៊ី ដែលដើរភូតភរ បរទេសឱ្យដាក់សម្ពាធលើកម្ពុជាជាដើម។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ផ្ទាល់ខ្លួនខ្ញុំ កំពុងតែសន្និដ្ឋានថា ការដាក់សម្ពាធទាំងឡាយក៏បានរួមចំណែកក្នុងការអនុវត្តបដិវត្តពណ៌ដែរ ខ្ញុំចាត់ទុកអញ្ចឹងតែម្តង ព្រោះថាធ្វើយ៉ាងណាឱ្យសភាពការឆ្លើយតប តាមបំណងរបស់ខ្លួនដែលចង់បាន គឺចង់បានអ្វី គឺការដោះលែងអ្នកជាប់ឃុំ ឱ្យអ្នកតុលាការសម្រេចហាមធ្វើនយោបាយ»។

យ៉ាងណាក៏ដោយ លោកក៏បានចម្អកដល់ប្រទេសមួយចំនួន ដែលមានទ្រពសម្បត្តិ និងធនធានមនុស្សសុទ្ធតែបណ្ឌិតច្រើនជាងកម្ពុជា បែរជាឆោតល្ងង់ចាញ់បោក ការភូតកុហករបស់ក្រុមប្រឆាំង ដោយធ្វើការ ចោទប្រកាន់មកលើប្រទេសកម្ពុជាថា មិនគោរពសិទ្ធិមនុស្ស ឬមិនមាន ប្រជាធិបតេយ្យជាដើម។ លោកចាត់ទុកថា នេះជាការចោទប្រកាន់ខុស ពីការពិត គ្រាដែលប្រទេសកម្ពុជាប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ព្រមទាំងរៀបចំការបោះឆ្នោតជាទៀតទាត់រាល់៥ឆ្នាំម្តងផងដែរ។

លោក ក៏បានបញ្ជាក់ទៀតថា ទោះជាយ៉ាងណា ទោះតម្លៃណាក៏ដោយ កម្ពុជានឹងមិនអនុញ្ញាតឲ្យបដិវត្តពណ៌ និងការបង្កចលាចលកើតឡើង នៅលើទឹកដីរបស់ខ្លួនសារជាថ្មីទៀតឡើយ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង