ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំពិភាក្សាការងារសាងសង់វិមានឈ្នះឈ្នះជំហានទី២

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំពិភាក្សាការងារសាងសង់វិមានឈ្នះឈ្នះជំហានទី២ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំពិភាក្សាការងារសាងសង់វិមានឈ្នះឈ្នះជំហានទី២

គណៈកម្មការសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានប្រជុំពិភាក្សាការងារសាងសង់វិមានឈ្នះឈ្នះជំហានទី២ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការចូលរួមពីលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងលោក ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការរង អគ្គនាយក អគ្គនាយករង ដែលជាសមាជិកគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ មកពីស្ថាប័នក្រសួងនានា របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ មិនត្រូវបានរំសាយនោះទេ ពីព្រោះការសាងសង់វិមានឈ្នះឈ្នះ មិនទាន់ចប់នៅឡើយ ហើយត្រូវបន្តការសាងសង់បន្តទៀត នឹងបន្តទៅសាងសង់ជាស្តូបអនុស្សាវរីយ៍ កន្លែងផ្សេងៗទៀត។

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានបញ្ជាក់ទៀតថា គណៈកម្មការនឹងបន្តបំពេញបន្ថែមលើការងារដែលសេសសល់ និងបន្តឲ្យក្រុមការងារចុះសិក្សាជ្រាវទាក់ទងនឹងខ្លឹមសារនៃនយោបាយឈ្នះឈ្នះបន្តទៀត ជាពិសេសបន្តការសិក្សាស្រាវជ្រាវនៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាកន្លែងតភ្ជាប់តំបន់ប្រវត្តសាស្រ្ត ដើម្បីយកមកតម្កល់ទុកនៅវិមានឈ្នះឈ្នះ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានរាយការណ៍ជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពនៃការងារសាងសង់វិមានឈ្នះឈ្នះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

លោកបានបញ្ជាក់ថា វិមានជ័យជំនះបានបញ្ចប់ការសាងសង់ដំណាក់កាលទី៣ នឹងត្រូវបន្តសាងសង់ដំណាក់កាលទី៤ និងទី៥ បន្តទៀត។ លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេល៨ខែកន្លងមកនេះ វិមានឈ្នះឈ្នះ បន្ទាប់ពីសម្ពោធរួច បានក្លាយទៅជាទីតាំងទាក់ទាញ ការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋទូទៅ នៅក្នុងប្រទេសសម្រាប់ការទទួលបានសន្តិភាព និងជាទីកន្លែងសំរាប់សិក្សាស្រាវជ្រាវរបស់ជនបរទេស។

បន្ទាប់ពីបានប្រារព្ធពិធីសម្ពោធជាផ្លូវការចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ មានមនុស្ស រាប់សែននាក់ បានសម្រុកមកទស្សនាវិមានឈ្នះឈ្នះ ដែលមានចំនួនជាង២លាននាក់ និងមានប្រតិភូផ្លូវការមកទស្សនាវិមានឈ្នះឈ្នះ ចំនួន១០ប្រតិភូ។ លោកបានសង្កត់ធ្ងន់ថា ដំណាក់កាលបន្ទាប់ នៃការសាងសង់វិមានឈ្នះឈ្នះ គឺការកសាងសមិទ្ធផលឈ្នះឈ្នះ សម្រាប់មនុស្សជំនាន់។

នៅក្នុងឱកាសនោះដែល លោក ខឹម សុខ ជាស្ថាបត្យករនៃការសាងសង់វិមានឈ្នះឈ្នះ បានរាយការណ៍ជូនអង្គប្រជុំ អំពីការគ្រប់គ្រងថែទាំ និងការកែលម្អឡើងវិញផ្នែកខ្លះ នៃវិមានឈ្នះឈ្នះ ដូចជាសួនច្បារ ប្រព័ន្ធបង្ហូរទឹក និងការបន្តសាងសង់ផ្ទៃដីទំហំ៣ហិតាទៀត នៅផ្នែកខាងក្រោយវិមានឈ្នះឈ្នះ។

លោក ខឹម សុខ បានបញ្ជាក់ថា ការសាងសង់បន្តនៅផ្នែកខាងក្រោយ គឺការរៀបចំ ស្រះឈូក និងផ្លូវបេតុង រៀបចំដាំដើមឈើឲ្យក្លាយជាតំបន់បៃតង ដើម្បីឲ្យប្រជាពលរដ្ឋមកទស្សនាវិមានឈ្នះឈ្នះ បានឈប់សម្រាក និងដើរកម្សាន្តផងដែរ។

ចំណែកឯលោក អ៊ុត រឿន ក៏បានរាយការណ៍ជូនកិច្ចប្រជុំ អំពីការងារចម្លាក់នៅវិមានឈ្នះឈ្នះ ដែលត្រូវបន្តឆ្លាក់ចម្លាក់ ដែលនៅសេសសល់ មានចំលាក់អមស្រះទឹក ប្រមាណ៨៦ម៉ែត្រក្រឡា និងបន្តថែទាំចម្លាក់ ជួសជុលចម្លាក់មួយចំនួន ដែលត្រូវប្រឈមនឹងហានិភ័យធម្មជាតិ ដូចជា ខ្យល់ ភ្លៀងជាដើម។

នៅក្នុងឱកាសនោះដែលសមាជិកចូលរួមកិច្ចប្រជុំក៏បានធ្វើការពិភាក្សាគ្នា អំពីការងារសាងសង់វិមានឈ្នះឈ្នះជំហាន២ ដោយបានឯកភាពត្រូវបន្តការសាងសង់ទៅមុខទៀត។ ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានថ្លែងអំណរគុណដល់សាលារាជធានីភ្នំពេញ ដែលបានរួមសហការកែលំអរ ធ្វើអនាម័យនៅជុំវិញបរិវេណវិមានឈ្នះឈ្នះ ធ្វើអោយវិមានឈ្នះឈ្នះមានសោភ័ណភាពល្អ ព្រមទាំងកោតសរសើរដល់កំលាំងកងរាជអាវុធហត្ថ ដែលប្រចាំការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅវិមានឈ្នះឈ្នះ អោយមានសុវត្ថិភាពល្អ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាវិមានឈ្នះឈ្នះ។

លោកឧបនាយករដ្ឋមន្រ្ដី បានសំណូមពរដល់ក្រុមការងារ និងស្ថាប័នក្រសួងនានា ដែលមានការពាក់ពន្ធ័ ត្រូវធ្វើការសហការ សាមគ្គីគ្នា ដើម្បីអោយការបន្តសាងសង់វិមានឈ្នះឈ្នះ ជំហានបន្តទៀតនេះ ទទួលបានលទ្ធផលល្អ ៕

អត្ថបទទាក់ទង