ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ លោកហ៊ុន សែន មេដឹកនាំខ្មែរ «បេះដូងមហាសមុទ្រ»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 53
លិខិតមិត្តអ្នកអាន៖ លោកហ៊ុន សែន មេដឹកនាំខ្មែរ «បេះដូងមហាសមុទ្រ» លិខិតមិត្តអ្នកអាន៖ លោកហ៊ុន សែន មេដឹកនាំខ្មែរ «បេះដូងមហាសមុទ្រ»

កាលពីមុននេះ ប្រជាពលរដ្ឋខ្មែរធ្លាប់បានលឺពាក្យថា«ទីណា មានទុក្ខ មានមុខលោក ហ៊ុន សែន»។ ឥឡូវនេះ ពិភពលោកទាំងមូលក៏បានឃើញនិងបានចែក រម្លែកទស្សនៈទាននេះ ដូចគ្នាជាមួយពលរដ្ឋខ្មែរដែរពោលគឺ មិនថាតែខ្មែរទេ សូម្បីជនបរទេសណាដែលមានទុក្ខ គឺ មានមុខលោកនាយករដ្ធមន្ត្រីហ៊ុន សែន រួមសុខទុក្ខជាមួយដែរ។

ជាក់ស្តែង ក្នុងកាលៈទេសៈដែល ពិភពលោកកំពុងជ្រួលច្របល់ភ័យខ្លាច រឿងការឆ្លងវីរុស Covid-19 រហូតបង្កើតឲ្យមានការរើសអើង យ៉ាងធ្ងន់ធ្ងរ មេដឹកនាំប្រទេសកម្ពុជាឯណេះវិញ បានបង្ហាញកាយវិការជាគំរូមួយដ៏គួរឲ្យស្ញប់ស្ញែងក្រៃលែង។ ការសម្រេចចិត្តរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការរាលដាលនៃវីរុស Covid-19 បានធ្វើឲ្យពិភពលោកចាត់ទុកជាគំរូ នៃការសាមគ្គីភាពនិងគំរូ នៃការប្រយុទ្ធប្រឆាំងនឹងការរើសអើង។ កាយវិការ និងសកម្មភាពក្នុងស្មារតី មនុស្សធម៍ដ៏គួរឲ្យកត់សម្គាល់របស់លោកនាយករដ្ឋមន្ត្រីកម្ពុជាមានដូចខាងក្រោម៖

ទី១៖ នៅពេលដែល បណ្តាប្រទេសនានានាំគ្នាផ្អើលនិងជ្រួលច្របល់យ៉ាងខ្លាំងព្រោះតែការភ័យខ្លាចការឆ្លងវីរុស Covid-19 ហើយនាំគ្នាចាត់វិធានការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន ប្រទេសចិន និងហាមជើងហោះហើរពីប្រទេសចិនចូលទឹកដីរបស់ខ្លួន នោះ នាយករដ្ឋមន្ត្រីខ្មែរ បែរជាប្រកាសមិនជម្លៀសនិស្សិតខ្មែរដែលកំពុងរៀននៅវូហានមកកម្ពុជាវិញឡើយ។ រីឯជើងហោះហើរពីគ្រប់ទិសទី រាប់ទាំងពីប្រទេសចិនផងក៍មិនត្រូវបានហាមឃាត់ឡើយលើកលែងតែជើង ហោះហើរពីវូហានដែល ភាគីចិនបានប្រកាស បិទដោយខ្លួនឯង។ ខណៈដែលមនុស្សម្នាកំពុងផ្អើលទិញម៉ាសដើម្បីពាក់រហូតធ្វើឲ្យម៉ាស់ឡើងថ្លៃកប់ពពកនោះ នាយករដ្ឋមន្ត្រីខ្មែរ បែរជាធ្វើគំរូដោយបដិសេធមិនពាក់ម៉ាស និងបានប្រាប់ទៅ ពលរដ្ឋខ្មែរថា ត្រូវប្រុងប្រយ័ត្នតែមិនបាច់ពាក់ម៉ាស់ទេបើមិនចាំបាច់។ ខណៈដែល មនុស្សម្នាក្នុងពិភពលោកនាំគ្នារើសអើងជនជាតិចិន នាយករដ្ឋមន្ត្រីខ្មែរបែរជាបង្ហាញភាពស្និទ្ធស្នាលជាមួយប្រជាជនចិនយ៉ាងខ្លាំង។ នេះជាសកម្មភាពដើម្បីបំបាត់ការភ័យខ្លាចហួសហេតុចំពោះវីរុស មួយនេះ និងម្យ៉ាងទៀតក៏ដើម្បីបង្ហាញសាមគ្គីភាពក្នុងគ្រាដ៏លំបាកដោយមិនត្រូវរត់ចោលគ្នាយក រួចខ្លួនតែឯងនោះឡើយ។

ទី២៖ ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិភពលោកនៅប្រទេសកូរ៉េខាងត្បូងកាលពីដើមខែកុម្ភៈនេះ លោកនាយក រដ្ឋមន្ត្រីក៏បានស្នើសុំភាគី ចិនទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហានដែលជាប្រភពនៃការផ្ទុះឡើងវីរុស Covid-19 ។ ក្រោយពីភាគីចិន បដិសេធក្រោមហេតុផល នៃការដាក់ទីក្រុងវូហានឲ្យស្ថិតនៅដាច់ពីគេដើម្បីចៀសវាងការរាលដាល នៃវីរុស នាយករដ្ឋមន្ត្រីខ្មែរក៏នៅតែព្យាយាម ទៅដល់ទីក្រុងប៉េកាំងឲ្យទាល់តែបាន ដើម្បីបង្ហាញថា វីរុស Covid-19 មិនគួរឲ្យខ្លាចពេកទេ។ ម្យ៉ាងទៀតក៏ ដើម្បីពិភាក្សាអំពី សុវត្ថិភាពរបស់និស្សិតខ្មែរ ២៣ នាក់នៅវូហានផងដែរ។ អ្វីជាការកត់សម្គាល់បំផុតនោះគឺទោះបីជាទៅដល់ទីក្រុងប៉េកាំងក៏ដោយ ក៏លោក ហ៊ុន សែននៅតែ បដិសេធមិនពាក់ម៉ាស់ និងថែមទាំងបានចាប់ដៃ នាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដែលទើបតែ វិលមកពីទីក្រុងវូហាន។ អត្ថន័យត្រង់នេះបាន បង្ហាញថា នៅពេលគេ នាំគ្នារត់ចេញ មេដឹកនាំខ្មែររត់ចូល។

ទី៣៖ ការទទួលឲ្យនាវា Westerdam ដែលផ្ទុកមនុស្សជាង ២២០០ នាក់ឲ្យចូលចតក្នុងកំពុងផែខេត្តព្រះសីហនុបន្ទាប់ពី នាវានេះបានរសាត់អណ្តែតគ្មានកោះត្រើយអស់រយៈពេលពីរ សប្តាហ៍ដោយសារតែការ បដិសេធពីសំណាក់បណ្តាប្រទេសនានាមិនឲ្យចូលចតក្នុងទឹកដីរបស់គេ ព្រោះតែខ្លាចឆ្លងវីរុសកាច សាហាវនោះ គឺជាភាព លេចធ្លោបំផុតរបស់មេដឹកនាំខ្មែរ។

សម្រាប់លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន បេះដូងមនុស្សធម៌មានទំហំធំជាងការភ័យខ្លាច និងការរើសអើង។ ក្នុងន័យនេះ មេដឹកនាំកម្ពុជា រូបនេះមិនត្រឹមតែអនុញ្ញាតឲ្យនាវាខ្នាតយក្សនេះចូលចត ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានទៅ ទទួលស្វាគមន៍ភ្ញៀវទេសចរទាំងនោះដល់មាត់ច្រកចេញពីនាវា ដោយបានចាប់ដៃពួកគេរហូតដល់ឱបស្វាគមន៍តាមបែបបស្ចឹមប្រទេសដោយគ្មានពាក់ម៉ាស់ទៀតផង។ កាយវិការរបស់មេដឹកនាំខ្មែររូបនេះត្រូវបានទទួលការសាទរនិងការកោតសរសើរពីប្រធានអង្គការសុខភាពពិភពលោក និងបណ្តាស្ថានទូតបរទេសដែល មានជនជាតិរបស់ខ្លួន នៅក្នុងនាវានោះយ៉ាងកក់ក្តៅហើយជាពិសេសគឺការកោតសរសើរនិងការដឹងគុណបំផុតពីសំណាក់ភ្ញៀវទេសចរនៅក្នុងនាវាតែម្តង។សារព័ត៌មានល្បីៗក្នុងពិភពលោកក៏បានចុះផ្សាយយ៉ាងព្រោងព្រាតដោយកោតសរសើរកម្ពុជាយ៉ាងខ្លាំងចំពោះទឹកចិត្តមនុស្សធម៌ដ៏ថ្លៃថ្លានេះ។

ក្នុងនាមកូនខ្មែរមួយរូប ដែលបានតាមដាន នយោបាយតាមតុកាហ្វេជាច្រើនទសវត្សរ៍ ខ្ញុំយល់ឃើញថា កាយវិការរបស់លោកហ៊ុន សែន នៅពេលនេះគឺពិតជាបាន បង្ហាញឲ្យឃើញថា លោកជាមេដឹកនាំនៃប្រទេសតូចមួយតែមានបេះដូងធំដូច មហាសមុទ្រ។ លោកជាមេដឹកនាំប្រទេសក្រីក្រមួយតែមានទឹកចិត្តមនុស្សធម៌ដ៏ជ្រាលជ្រៅក្នុងការយកអាសារ មនុស្សដូចគ្នាដោយមិនប្រកាន់ជាតិសាសន៍ ដែលប្រទេសអ្នកមានខ្លះធ្វើមិនបាន។ លោកជាមេដឹកនាំដែលហ៊ានចេញមុខធ្វើជាគំរូដើម្បីសាមគ្គីភាពនិងប្រឆាំងការរើសអើងខណៈដែល មនុស្សក្នុងពិភពលោក បច្ចុប្បន្នពោរពេញដោយភាពអាត្មានិយម ដោយគិតតែយករួចតែខ្លួនឯង ចង់អ្នកណាស្លាប់ក៏ស្លាប់ទៅ។

ប្រសិនបើយើងក្រឡេកថយក្រោយបន្តិចទៅ មើលអតីតកាលរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន យើងប្រាកដជាយល់យ៉ាងច្បាស់អំពី ពលិកម្មរាប់មិនអស់ដែល មេដឹកនាំរូបនេះបានធ្វើដើម្បីប្រទេសជាតិ និងប្រជាជន របស់ខ្លួន។ ខណៈដែល ពលរដ្ឋខ្មែរធ្លាក់ក្នុងកណ្តាប់ដៃពួក ប្រល័យពូជសាសន៍ខ្មែរក្រហមស្លាប់រង្គាល មាន ពលរដ្ឋខ្មែរមួយចំនួនព្យាយាមរត់គេចខ្លួនទៅក្រៅប្រទេសដើម្បីរួចផុតពីសេចក្តីស្លាប់តែខ្លួនឯងនិងក្រុមគ្រួសាររបស់ខ្លួន។ ចំណែកឯ មេដឹកនាំខ្មែរឈ្មោះហ៊ុន សែន ម្នាក់នេះក៏បានរត់ឆ្លងដែនទៅវៀតណាមដែរ ប៉ុន្តែមិនមែនដើម្បី យករួចខ្លួនតែម្នាក់ឯង នោះទេ តែគឺជា បេសកកម្មដើម្បីរំដោះប្រជាពលរដ្ឋខ្មែរទូទាំង នគរឲ្យរួចផុតពីសេចក្តី ស្លាប់។ ក្នុងដំណើររំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍នេះដែរ មេដឹកនាំខ្មែររូបនេះ បានឆ្លងកាត់ ១០៥ សមរភូមិប្រយុទ្ធដោយផ្ទាល់រហូតដល់ពិការភ្នែកម្ខាង។ លោក ហ៊ុន សែន ដដែលនេះក៏ធ្លាប់បាន ប្រថុយជីវិតចូលក្នុងតំបន់ដែលកាន់កាប់ដោយខ្មែរក្រហមដោយមិនខ្លាចស្លាប់ដើម្បីបុព្វហេតុ ស្វែងរកសន្តិភាព និងការ បង្រួបបង្រួមជាតិ។ ទាំងនេះគឺជាគំរូវីរភាពដែលប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេច។

ឥឡូវនេះ មេដឹកនាំខ្មែរដែលពោរពេញដោយបទពិសោធន៍រូបនេះក៏បាន បង្ហាញគំរូវីរភាពសម្រាប់ពិភពលោកវិញម្តងតាមរយៈកាយវិការ និងការ លះបង់ប្រកបដោយទឹកចិត្តមនុស្សធម៌យ៉ាងជ្រាលជ្រៅបំផុត។ «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»ឬ «អ្វីដែលគ្រោះថ្នាក់ ពេលនេះមិនមែនវីរុសកាចសាហាវទេ ប៉ុន្តែ គឺការភ័យខ្លាច»ឬក៏«រួមគ្នាដើម្បីពិភពលោកគ្មានការរើសអើង»។ល។ និង។ល។ សុទ្ធសឹងជាពាក្យពេចន៍ដែល លោកនាយករដ្ឋមន្ត្រីខ្មែរ បានប្រើដើម្បីបញ្ចាក់ពី ការសម្រេចចិត្តនិងសកម្មភាពរបស់ខ្លួន។

តាមរយៈការសម្រេចចិត្តនិងសកម្មភាពចុងក្រោយនេះ មេដឹកនាំកម្ពុជាបាន បង្ហាញប្រាប់ពិភពលោក នូវភាពជាគំរូដ៏លេចធ្លោបំផុតសម្រាប់ជានិម្មិតរូប នៃ«សាមគ្គីភាព» ការជួយគ្នាក្នុងគ្រាអាសន្ន និងការប្រយុទ្ធប្រឆាំងនឹងការរើសអើងដោយចាត់ទុកអាយុជីវិត មនុស្សជាសិទ្ធិដែលត្រូវតែបានគោរពមុនគេបំផុត។

តាមរយៈសកម្មភាពនេះ កម្ពុជាកំពុងត្រូវបាន ពិភពលោកកោតសរសើរស្ញប់ស្ញែង។ ពិភពលោកក៍កំពុងមើល មកកម្ពុជាថា ជាប្រទេសតូចតែមានមេដឹកនាំមាន បេះដូងធំដូច មហាសមុទ្រ។
ក្នុងនាមកូនខ្មែរ យើងពិតជាមានមោទនភាព ចំពោះមេដឹកនាំរបស់យើងដែលមិនត្រឹមតែនាំសេចក្តីសុខដល់យើងប៉ុណ្ណោះទេ តែក៏កំពុងសាបព្រួសវប្បធម៌សន្តិភាពដែលជាប្រភពនៃសេចក្តីសុខដល់មនុស្សទូទាំងពិភពលោកផងដែរ៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

អត្ថបទទាក់ទង