ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន ៖ «តើអ្វីនៅពីក្រោយការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿងកូរ៉ូណាវីរុស?»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 58
លិខិតមិត្តអ្នកអាន ៖ «តើអ្វីនៅពីក្រោយការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿងកូរ៉ូណាវីរុស?» លិខិតមិត្តអ្នកអាន ៖ «តើអ្វីនៅពីក្រោយការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿងកូរ៉ូណាវីរុស?»

នៅព្រឹកនេះ តាមរយៈហ្វេសប៊ុកផេកអ្នកនយោបាយតុកាហ្វេ មានបង្ហោះអត្ថបទមួយដែលមានចំណងជើងថា «តើអ្វីនៅពីក្រោយការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿងកូរ៉ូណាវីរុស?» ដែលបានរៀបរាប់ដូចខាងក្រោម៖

ថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃទី ០៣ កុម្ភះ២០២០នេះ, លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ទីដែលផ្ទុះវីរុសរលាក សួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។ លោកប្រមុខដឹកនាំកម្ពុជាបានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាក់ទងទៅ ភាគី ចិនដើម្បីរៀបចំដំណើរចុះសួរសុខទុក្ខនេះប្រសិនបើភាគីចិនយល់ព្រមអនុញ្ញាត។ ការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រីបានធ្វើឲ្យពលរដ្ឋខ្មែរទូទៅមានការកោតសរសើរជាពន់ពេកចំពោះទឹកចិត្តរបស់មេដឹកនាំរូប នេះដែលសុខចិត្តធ្វើដំណើរទៅកាន់ទីក្រុងវូហានដែលគ្រប់គ្នាខ្លាចរអារ។

ការប្រកាសទៅកាន់ទីក្រុងវូហានរបស់លោក ហ៊ុន សែន ក៏បានធ្វើឲ្យក្រុមប្រឆាំងជ្រុលនិយម បើកភ្នែកធំៗចង់ដាច់ផ្ងារ ហើយអាចពិបាករកពាក្យអ្វីនិយាយឌឺដងតទៅទៀតណាស់ពីព្រោះពួកគេធ្លាប់តែមានមេដឹកនាំដ៏មហាកំសាកមិនដែលហ៊ានប្រឈមមុខសូម្បីរឿងរ៉ាវបន្តិចបន្តួចក៏សុខចិត្តរត់ប្រាស់អាយូសចោលស្រុក យករួចខ្លួនតែឯងដោយទុកឲ្យកូនចៅអ្នកគាំទ្រកំព្រារងារឯកោ។ ប៉ុន្តែពេលនេះ ពួកគេក៍បានកាន់តែភ្លឺភ្នែកដោយបានឃើញសេចក្តីក្លាហាននិងការ ទទួលខុសត្រូវរបស់មេដឹកនាំឈ្មោះ ហ៊ុន សែន ដែលខុសស្រឡះពីមេដឹកនាំមាន់សម្ល «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី» របស់ពួកគេ។

នរណាក៏ដឹងដែរថា លោក ហ៊ុន សែន ធ្លាប់ចាកចោលគ្រួសារហើយផ្សងស្លាប់ចូលទៅទឹកដី វៀតណាមដោយយក ជីវិតធ្វើដើមទុនដើម្បីរិះរក វិធីរំដោះពលរដ្ឋខ្មែរឲ្យរួច ពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ មេដឹកនាំរូប នេះ ក៍ធ្លាប់បានឆ្លងកាត់ សមរភូមិប្រយុទ្ធដោយផ្ទាល់ចំនួន ១០៥ សមរភូមិ។ ក្រោយមកទៀត បុរសខ្លាំងកម្ពុជារូបនេះក៏បានបន្តផ្សងជីវិតម្តងទៀតចូលទៅជុំរុំក្នុងតំបន់ខ្មែរក្រហម ដោយយកជីវិតរបស់ខ្លួនទៅប្តូរជាមួយសុខ សន្តិភាព។ ហើយជាលទ្ធផល នយោបាយឈ្នះឈ្នះបាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លាប់មាន ក្នុងប្រវត្តិកម្ពុជារយៈពេល ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ ត្រឹមតែទៅកាន់ទីក្រុងវូហាន ដើម្បីសួរសុខទុក្ខកូនចៅជនរួមជាតិរបស់ខ្លួនគឺជារឿងតូចតាច ណាស់សម្រាប់លោក ហ៊ុន សែន បើទោះបីជាក្រុមប្រឆាំងចាត់ទុកជា រឿងគួរឲ្យខ្លាចជាងគ្រាប់បែកនុយក្លេអ៊ែរ និងកំពុងនាំគ្នារួញក្បាលដូចអណ្តើកក៏ដោយ។

មកដល់ត្រឹមនេះ យើងបែរថយក្រោយបន្តិចដើម្បីស្វែងយល់អំពីការ សម្រេចចិត្តមិនលុបចោលជើងហោះហើរពីប្រទេសចិននិងមិនជម្លៀសពលរដ្ឋខ្លួនចេញពីក្រុងវូហាន ដែលលោក ហ៊ុន សែន បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៣០ មករា។

មានមនុស្សមួយចំនួន ជាពិសេសក្រុមប្រឆាំងជ្រុលនិយមដែលមិនស្គាល់អ្វីជាប្រយោជន៍ជាតិ, អ្វីជាគុណធម៌ និងអ្វីជា នយោបាយការបរទេសបែបវ័យឆ្លាត, ពួកគេបែរជានាំគ្នាចំអកឡកឡឺយនិងរិះគន់ឌឺដងវាយប្រហារតាម ទម្លាប់អាក្រក់របស់ខ្លួនថា លោកនាយករដ្ឋមន្ត្រីយក សេដ្ឋកិច្ចជាតិធំជាងជីវិត មនុស្ស និងចង់ឱបជើងចិនទើបធ្វើបែបនេះ។

ទោះបីជាគ្មានអ្នកណាអាចយល់ចិត្តបុរសខ្លាំងរូប នេះទាំងស្រុងបានក៏ដោយ ប៉ុន្តែ ក្នុងនាមអ្នកតាមដាននយោបាយតុកាហ្វេជាច្រើនទសវត្សរ៍មកហើយ ខ្ញុំពិតជា មើលធ្លុះបានខ្លះៗដែរនូវយុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់លោក ហ៊ុន សែន។

ជាធម្មតា លោក ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះៗ តែងតែធ្វើអ្វីក៏ដោយ ដោយយកយុទ្ធសាស្ត្រ «ឈ្នះឈ្នះ» ជាគោលគ្រឹះជានិច្ច រាប់ទាំងបញ្ហាកូរ៉ូណាវីរុសផងដែរ។ តើអ្វីជាគោលគំនិតនៃនយោបាយឈ្នះៗក្នុងរឿងនេះ? ខ្ញុំសូមបកស្រាយតាមការ យល់ឃើញរបស់ខ្ញុំដូចតទៅនេះ ៖

ទី១. រឿងការប្រកាសមិន បិទជើងហោះហើរពីចិន៖ អ្នកមិនបានគិតវែងឆ្ងាយ ឬក្រុមប្រឆាំងជ្រុលដែលចាំតែរិះគន់វាយប្រហារច្បាស់ជាមើលមិនឃើញចំណុច ពិសេសនេះទេ។ ពួកគេបែរជាខំបកស្រាយទាំងទទឹងទិសថា នាយករដ្ឋមន្ត្រីខ្មែរមិនបាន យកចិត្តទុកដាក់លើពលរដ្ឋខ្លួនឯង ហើយបន្តបើកឲ្យជើងហោះហើរពីចិនចូលមកកម្ពុជា។ ប៉ុន្តែ សួរថា តើកម្ពុជា មាន ការចាំបាច់ដែររឺទេដែលត្រូវប្រកាសបិទជើងហោះហើរពីចិន ជាពិសេសពីខេត្ត ហ៊ូប៉ី និងពីទីក្រុងវូហាន ខណៈ ដែលចិនខ្លួនឯងបាន ប្រកាសបិទរួចទៅហើយនោះ? នេះគឺជាសំណួរគន្លឹះសម្រាប់ស្វែងយល់ពីការសម្រេចចិត្តរបស់លោក ហ៊ុន សែន ក្នុងនាម ជានាយករដ្ឋមន្ត្រីដ៏មានបទពិសោធន៍។ ដូច្នេះ ការសម្រេចចិត្តមិនប្រកាសបិទជារឿងល្អបំផុតហើយពីព្រោះទោះជាប្រកាសក៏ដូចមិន ប្រកាសដែរព្រោះជើងហោះហើរពីតំបន់គ្រោះថ្នាក់មកកម្ពុជាគ្មានទៀតទេដោយសារភាគី ចិនបានបិទរួចទៅហើយ។ តែអ្វីដែលខុសគ្នាគឺនៅត្រង់ថា ការមិន ប្រកាសបិទគឺអាចរក្សា សារបាន នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជា មួយចិនដែលជាមិត្តល្អរបស់កម្ពុជា។ នេះជា ចំណុចគន្លឹះដ៏សំខាន់មួយទៀតក្នុងទំនាក់ទំនងការបរទេស។

ទី២. មកដល់ត្រង់នេះ គេ ពិតជាបានឃើញកាន់តែច្បាស់ថា លោក ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្លាតវៃដែលពិបាករកមនុស្សមកប្រដូច។ ចំណុចពិសេស មួយទៀតដែលខ្ញុំកត់សម្គាល់គឺ លោក ហ៊ុន សែន មិនមែនជាអ្នក នយោបាយប្រជាភិថុតិដូចអ្នកនយោបាយនៃក្រុមប្រឆាំងទាំងឡាយនោះឡើយ។ មិនប្រជាភិថុតិពីព្រោះក្នុងនាមអ្នកដឹកនាំ លោកនាយករដ្ឋមន្ត្រីត្រូវគិតដល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ បើទោះបីជាពេលខ្លះលោកត្រូវធ្វើការ សម្រេចចិត្តមួយដែលអ្នក មិនយល់សភាពការណ៍អាចមើលឃើញដោយភាន់ច្រឡំថា លោកហាក់ មិនស្រឡាញ់ពលរដ្ឋរបស់ខ្លួនក៏ដោយ ប៉ុន្តែ នៅពីក្រោយការសម្រេច នោះ គឺជាផលចំណេញ សម្រាប់ជាតិនិងប្រជាជន ដ៏ធំធេង។ មិនខុសអ្វីពី ទឹកចិត្តឪពុកម្តាយដែល ពេលខ្លះសុខចិត្តលួចស្រក់ទឹកភ្នែកដោយសារតែសេចក្តី សម្រេចមួយដែលធ្វើឲ្យកូនមិនសប្បាយចិត្ត។ ប៉ុន្តែ សេចក្តីសម្រេចចិត្តនោះគឺដើម្បីតែសេចក្តីសុខរបស់កូនទាំងស្រុង។ ជាក់ស្តែង ក្នុងករណីកូរ៉ូណាវីរុស បើសិនជាក្រុមប្រឆាំងវិញច្បាស់ជាប្រើនយោបាយប្រជាភិថុតិ ១០០% ដោយធ្វើពុតដូចជាស្រឡាញ់ពលរដ្ឋណាស់ ស្រឡាញ់ជាតិណាស់ដើម្បីបំពេញចិត្តប្រជាជនតែមួយគ្រា រួចហើយប្រយោជន៍ជាតិដ៏ធំធេងនឹងបាត់បង់តាមក្រោយ។ យ៉ាងណាមិញ ការ ប្រកាសបិទជើងហោះ ហើរពិតជាអាចធ្វើឲ្យមនុស្សមួយចំនួនយល់ថា រដ្ឋាភិបាលយកចិត្តទុកដាក់ពីពលរដ្ឋរបស់ខ្លួន ប៉ុន្តែនៅពីក្រោយការសម្រេចនេះ គឺមិនខុសអ្វីពីការសម្លាប់សេដ្ឋកិច្ចជាតិខ្លួនឯងនោះឡើយ។ មិនត្រឹមតែសេដ្ឋកិច្ចជាតិ ប៉ុន្តែ ការបន្លាច ឬការបិទខ្ទប់ទេសចរមិនឲ្យចូលស្រុកក៏ប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មរបស់ផ្នែកឯកជន និងរបស់ពលរដ្ឋដែលរកស៊ីក្នុងវិស័យទេសចរណ៍ផងដែរ។ សូមកុំភ្លេចថា ប្រសិនបើ សេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញ ប្រជាជន១៦ លាន នាក់នៅទូទាំងប្រទេសនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ រីឯទំនាក់ទំនងកម្ពុជា ចិន ក៏រងផលប៉ះពាល់ដែរ។ មិនត្រឹមតែមិនប្រើនយោបាយប្រជាភិថុតិ លោក ហ៊ុន សែន ក៏ជា មេដឹកនាំដ៏ឆ្លាតវៃមួយរូបដែលវិភាគសភាពកាណ៍ មិនសូវចេះខុស ទាំងសភាពការណ៍ក្នុងប្រទេសនិងក្រៅប្រទេស។

លោកហ៊ុន សែន ក៍ជាមេដឹកនាំដែលហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ជាក់ស្តែង ក្នុងការសម្រេចចិត្តមិនជម្លៀសពលរដ្ឋខ្មែរចេញពីក្រុងវូហាន លោកនាយករដ្ឋមន្ត្រី ប្រកាសទៅសួរសុខទុក្ខនិស្សិតនិងពលរដ្ឋខ្មែរដល់ក្រុងវូហានតែម្តងដើម្បីបង្ហាញថា លោក មិនមែនជាមេដឹកនាំដែលទុកឲ្យពលរដ្ឋរងារឯកា ហើយយករួចខ្លួនតែឯងដូចអ្នកនយោបាយខ្លះនោះឡើយ។ នេះគឺជាភាពក្លាហាន និងការទទួលខុសត្រូវ ហ៊ានថា ហ៊ានធ្វើដែលកម្រមានអ្នកណាអាចធ្វើបាន។

សរុបមកវិញ នៅពីក្រោយការ សម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសុទ្ធតែមានបង្កប់ដោយផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជនជានិច្ច។ នេះគឺជាចំណុចខ្លាំងបំផុតរបស់លោក ហ៊ុន សែន ដែលធ្វើឲ្យគាត់ ប្រយុទ្ធ ១០០ ដង ឈ្នះ១០០ ដង និងអាចឈរជើង ធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជាង៣៥ ឆ្នាំ យ៉ាងរឹងមាំហើយនិងបន្តតំណែងនេះយូរតទៅ ទៀត។ ចំណែកឯគូរប្រជែងនយោបាយដែលចង់ផ្តួលលោក ហ៊ុន សែន តាមវិធីធ្វើនយោបាយប្រជោនិយម ប្រជាភិថុត បដិវត្តន៍ពណ៌ និងដុតអោយខ្លោចរោជអោយឆៅដូចក្នុងករណីមេរោគកូរូណាជាដើមនេះ ទីបំផុត លទ្ធផលដែលពួកគេទទួលបានគឺ អ្នកខ្លះដួលងើបលែងរួច អ្នកខ្លះទៀតទោះនៅរស់តែមិនខ្លាំង រីឯជើងខ្លាំងខាងស្រែកក៏កាន់តែខ្សោយទៅៗដូចចង្កៀងអស់ប្រេងហៀបនឹងរលុត៕

ដោយ: អ្នកតាមដាន នយោបាយតុកាហ្វេ

អត្ថបទទាក់ទង