ទីបំផុតអាល្លឺម៉ង់ប្រកាសពីករណីឆ្លងដំបូង នៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលមានប្រភពដើមពីចិន
អាជ្ញាធរអាល្លឺម៉ង់ទើបតែបានប្រកាសថា មនុស្សម្នាក់ស្ថិតនៅតំបន់ស្តានប៊ឺក (Starnberg) ទើបតែត្រូវបានធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (Coronavirus ឬ 2019-nCoV) ដែលមានប្រភពដើមពីទីក្រុងអ៊ូហា (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ដោយប្រការមួយនេះមានន័យថា អាល្លឺម៉ង់បានក្លាយជាប្រទេសទីពីរនៅទ្វីបអឺរ៉ុបបន្ទាប់ពីបារាំង ដែលមានករណីឆ្លងវីរុសកូរ៉ូណាថ្មីក៏កាចសាហាវ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីត្រូវបានរកឃើញ នៅក្នុងខ្លួនបុរសម្នាក់នៅទីក្រុង Starnberg ភាគខាងត្បូងប្រទេស ហើយពេលនេះអ្នកជំងឺ ត្រូវបានគេដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យ និងព្យាបាល។ អាជ្ញាធរអាល្លឺម៉ង់មិនបានបញ្ជាក់ថា តើអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីនៅតំបន់ Starnberg នោះជាជនជាតិអ្វី មានអាយុប៉ុន្មាន ក៏ធ្លាប់ធ្វើដំណើរការទៅណាខ្លះនោះឡើយ ដោយត្រឹមតែបញ្ជាក់ថា រូបគេស្ថិតនៅក្នុងស្ថានភាពល្អ។
ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោក៖
១. ប្រទេសចិន៖ ឆ្លងជាង ៤,០០០នាក់ ក្នុងនោះស្លាប់ ១០៦នាក់
២. ថៃ៖ ៨ករណី
៣. អូស្ត្រាលី៖ ៥ករណី
៤. សិង្ហបុរី៖ ៥ករណី
៥. សហរដ្ឋអាមេរិក ៥ករណី
៦. ជប៉ុន៖ ៤ករណី
៧. ម៉ាឡេស៊ី៖ ៤ករណី
៨. កូរ៉េខាងត្បូង៖ ៤ករណី
៩. បារាំង៖ ៣ករណី
១០. កាណាដា ២ករណី
១១. វៀតណាម៖ ២ករណី
១២. កម្ពុជា ១ករណី
១៣. អាល្លឺម៉ង់ ១ករណី
១៤. នេប៉ាល់៖ ១ករណី
១៥. ស្រីលង្កា ១ករណី
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួន ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ។ គិតពេលនេះប្រទេសសរុបចំនួន ១៥ហើយទូទាំងពិភពលោក ដែលបានកើតមានករណីឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី៕
Fresh News