ខ្មែរប៉ុស្ដិ៍ Close

    លិខិត​មិត្ត​អ្នកអាន​៖​ កម្ពុជាមិនមែនវេណេហ្សូអេឡាទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1465
    លិខិត​មិត្ត​អ្នកអាន​៖​ កម្ពុជាមិនមែនវេណេហ្សូអេឡាទេលិខិត​មិត្ត​អ្នកអាន​៖​ កម្ពុជាមិនមែនវេណេហ្សូអេឡាទេ

    នៅលើទំព័រហ្វេសប៊ុករបស់ទណ្ឌិត សម រង្ស៊ី កាលថ្ងៃទី៣១ មករា ២០១៩ បានសរសេរអួតអាងអំពីអត្ថបទរបស់ខ្លួនមួយដែលមានចំណងជើងថា សហគមន៍អន្តរជាតិ ត្រូវចាត់ទុករបបខុសច្បាប់ ហ៊ុន សែន នៅកម្ពុជា ដូចរបបខុសច្បាប់ នីកូឡា ម៉ាឌូរ៉ូ នៅវេណេហ្សូអេឡា អញ្ចឹងដែរ។ ក្នុងអត្ថបទនេះ លោក សម រង្ស៊ី ស្នើសុំឲ្យសហគមន៍អន្តរជាតិ ប្រកាសថារបប ហ៊ុន សែន មិនមានភាពស្របច្បាប់ទេ ពីព្រោះការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០១៨ ក៏មិនមានភាពស្របច្បាប់ដែរ។ ករណីនេះ គឺដូចករណី វេណេហ្សូអេឡា អញ្ចឹងដែរ ដែលប្រទេសប្រជាធិបតេយ្យទាំងអស់ក្នុងពិភពលោក បានដកភាពស្របច្បាប់ពីរបប នីកូឡា ម៉ាឌូរ៉ូ ដែលបានរារាំងមិនឲ្យគណបក្សប្រឆាំងចូលរួមក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៨ ដូចនៅកម្ពុជាអញ្ចឹងដែរ។ តែលើសពីប្រទេសវេណេហ្សូអេឡាទៅទៀត ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលតម្រូវឲ្យមានការបោះឆ្នោតត្រឹមត្រូវ ដោយសេរី និងយុត្តិធម៌ ហើយឲ្យមានប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស គឺមិនមែនដូចរបបផ្តាច់ការ បក្សតែមួយ ដែលមានសព្វថ្ងៃនេះទេ។ តើពេលនេះ ប្រជាជនកម្ពុជាត្រូវការការរំលោភបំពានពីបរទេសចូលក្នុងដែនអធិតេយ្យជាតិកម្ពុជា និងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រមទាំងរំលោភទៅនឹងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា ដែលជាម្ចាស់ប្រទេសបានដែរឬទេ? តើអ្វីទៅជារបបខុសច្បាប់?

    ក្នុងរយៈពេលចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅប្រទេសវេណេហ្សូអេឡាបាននិងកំពុងដើរធ្លាក់ចូលក្នុងជ្រោះមហន្តរាយដោយលោកជូអាន ហ្គៃដូ មេដឹកនាំបក្សប្រឆាំង និងជាប្រធានសភាបានប្រកាសខ្លួនឯងជាប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា ដែលជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយបានបើកដៃឱ្យបរទេសជួយរៀបចំផែនការរដ្ឋប្រហារមួយ ដើម្បីបណ្តេញលោក នីកូឡាស ម៉ាឌូរ៉ូចេញពីអំណាចដែលជាទង្វើក្បត់នឹងឆន្ទៈប្រជាជនវេណេហ្សូអេឡាផង និងជាទង្វើរំលោភបំពានទាំងស្រុងចូលក្នុងដែនអធិបតេយ្យជាតិវេណេហ្សូអេឡាដ៏គួរឱ្យសោកស្តាយ និងខ្មាស់អៀនជាទីបំផុត។ ទោះបី ប្រទេសមួយនេះ កំពុងបានជួបវិបត្តិខាងសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ការដោះស្រាយវិបត្តិត្រូវដោះស្រាយតាមរដ្ឋធម្មនុញ្ញ និងស្មារតីផ្សះផ្សារជាតិ មិនមែនច្បាមដណ្តើមអំណាចក្រៅពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនោះទេ។

    ការអំពាវរបស់ទណ្ឌិត សម រង្ស៊ី នាពេលនេះវាប្រាកដច្បាស់ណាស់ថា ទណ្ឌិតរូបនេះ បាននិងកំពុងញុះញង់ និងជំរុញឱ្យបរទេសចូលទៅបំផ្លាញសេចក្តីសុខសាន្ត និងស្ថេរភាពនយោបាយក្នុងប្រទេស ពិសេស ចូលទៅបំផ្លាញរដ្ឋធម្មនុញ្ញកម្ពុជាដែលបានអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំរដ្ឋ។ ជាការពិតក្នុងអតីតកាលកន្លងទៅប្រជាជនកម្ពុជាបានឆ្លងកាត់គ្រប់គ្រាន់ណាស់ហើយនូវការបំផ្លាញជាតិ ការបែកបាក់ជាតិ ការឈឺចាប់សព្វយ៉ាងពីសំណាក់ការរំលោភបំពានរបស់បរទេសចូលក្នុងដែនអធិតេយ្យជាតិកម្ពុជា និងបានលូកលាន់ចូលក្នុងកិច្ចផ្ទៃក្នុងកម្ពុជា ដែលជាបុព្វហេតុបានរុញច្រានកម្ពុជាអោយធ្លាក់ចូលក្នុងភ្លើងសង្រ្គាមដ៏អោយសោកស្តាយជាទីបំផុតក្នុងអតីតកាល។ តើពេលនេះ ប្រជាជនកម្ពុជាត្រូវការការរំលោភបំពានពីបរទេសចូលក្នុងដែនអធិតេយ្យជាតិកម្ពុជា និងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រមទាំងរំលោភទៅនឹងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ប្រទេសបានដែរឬទេ?
    ការអំពាវនាវខាងរបស់ទណ្ឌិតសម រង្ស៊ី គឺពិតជាទង្វើដើរលើផ្លូវឆ្ពោះទៅរកការប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់នឹងរដ្ឋធម្មនុញ្ញកម្ពុជា ដោយបានប្រឆាំងនឹងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនជាម្ចាស់ឆ្នោត ម្ចាស់ដែនអធិបតេយ្យ ដែលរដ្ឋាភិបាលរបស់លោកហ៊ុន សែនបានប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យខាងតែបាន។ ជាការពិតកម្ពុជាគ្មានរបបខុសច្បាប់ដូចការលើកឡើងដោយល្ងង់ខ្លៅរបស់ទណ្ឌិតរូបនេះទេ គឺរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានកើតចេញពីការបោះឆ្នោតជ្រើសតាំងពីឆន្ទៈរបស់ប្រជាជនដ៏ច្រើនលើសលុបដែលប្រជាជន បានអនុវត្តសិទ្ធិស្វ័យសម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត បានបោះឆ្នោតភ្លូកទឹកភ្លូកដី បន្តគាំទ្រគណបក្សប្រជាជនដឹកនាំរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីស្របច្បាប់។ តើស្អីទៅជារបបខុសច្បាប់? ការដឹកនាំរដ្ឋត្រូវបានគ្រប់គ្រងតាមរដ្ឋធម្មនុញ្ញជាច្បាប់កំពូល។ រដ្ឋាភិបាលបានអនុវត្តយ៉ាងត្រឹមត្រូវលើមាគ៌ាប្រជាធិបតេយ្យសេរីពហុបក្ស និងការពារបបរាជានិយម ព្រមទាំងការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ហើយប្រឆាំងដាច់ខាតនូវផែនបង្កើតបដិវត្តព៌ណនាំឆ្ពោះទៅរកការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដោយខុសពីគន្លងប្រជាធិបតេយ្យ ឬរដ្ឋប្រហារដណ្តើមអំណាចបានឡើយ។

    ជាការពិត កម្ពុជាមិនមែនវេណេហ្សូអេឡាទេ កម្ពុជាជារដ្ឋអធិបតេយ្យ ប្រជាជនមានសិទ្ធិស្វ័យសម្រេចលើជោគវាសនារបស់ប្រទេសដែលគេជាម្ចាស់នៃអំណាច គ្មានបរទេសណាអាចមកប្រាប់ឱ្យធ្វើនេះ ធ្វើនោះដូចនៅវេណេហ្សូអេឡាបានឡើយ។ កម្ពុជាបាននិងកំពុងរស់ក្នុងយុគ្គសម័យមាស គឺរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាបាននិងកំពុងបោះជំហ៊ានលើផ្លូវត្រូវ។ អ្នកណាឱ្យបរទេសលូកដៃចូលក្នុងដែនអធិប​តេយ្យ​ជាតិ ស្មើនឹងកំពុងប្រព្រឹត្តអំពើក្បត់ជាតិ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា។

    ជារួម នេះមិនមែនលើកទី១ទេ ដែលទណ្ឌិត សម រង្ស៊ី បានអំពាវនាវឱ្យបរទេសជួយផ្តួលរំលំរដ្ឋភិបាលស្របច្បាប់របស់លោក ហ៊ុន សែន តាមរយៈការលូកដៃជួយជ្រោមជ្រែងពីបរទេស ដោយកន្លងទៅ ទណ្ឌិតរូបនេះបានទៅរៀនសូត្រដកស្រង់បទពិសោពន៍ការធ្វើបដិវត្តពណ៌នៅប្រទេសទុយណេស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏ប៉ុន្តែ ផែនការនេះ ត្រូវបានរដ្ឋាភិបាល ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងត្រឹមត្រូវ ដើម្បីការពារសង្គមជាតិមិនឱ្យធ្លាក់ចូលក្នុងកលយុគ អស្ថិរភាព ការបែកបែក និងសង្រ្គាមសាជាថ្មីបានឡើយ។ ការអំពាវនារបស់ទណ្ឌិត សម រង្ស៊ី ខាងលើនេះ ត្រូវបានមហាជនទូទៅមើលឃើញថា ជាអំពើបំផ្លាញលទ្ធិប្រជា​ធិបតេយ្យនៅកម្ពុជា ជាអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញ បើកដៃឱ្យបរទេសរំលោភដែនអធិបតេយ្យកម្ពុជា និង​សិទ្ធិស្រ័យសម្រេចរបស់ប្រជាជន តាមរយៈការជំរុញឱ្យបរទេសធ្វើរដ្ឋប្រហារផ្តួលរលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជាតាមគំរូនៅប្រទេសវេណេហ្សូអេឡាយ៉ាងប្រាកដ។ ដូច្នេះ អ្នកណាឱ្យបរទេសលូកដៃចូលក្នុងដែនអធិប​តេយ្យជាតិ ស្មើនឹងកំពុងប្រព្រឹត្តអំពើក្បត់ជាតិ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា ប្រឆាំងនឹងសិទ្ធិស្វ័យសម្រេចរ​បស់ប្រជាជនជាម្ចាស់ឆ្នោត ម្ចាស់អធិបតេយ្យយ៉ាងប្រាកដ៕

    ដោយ ឡុង បូរិតា

    អត្ថបទទាក់ទង