ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី៣នាក់ទៀត ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងអ្នកជាសះស្បើយ ៣នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 62
ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី៣នាក់ទៀត ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងអ្នកជាសះស្បើយ ៣នាក់ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី៣នាក់ទៀត ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងអ្នកជាសះស្បើយ ៣នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»។

ជាមួយគ្នានេះ នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៣នាក់ថ្មីនេះរួមមាន៖

* ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ មានអាសយដ្ឋាននៅស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ត្រូវជាម្ដាយអ្នកជំងឺស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់ស្ត្រីខាងលើ ដែលផ្តល់ដោយវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

* ស្ត្រីជនជាតិខ្មែរអាយុ ២៥ឆ្នាំ និងទារក (ជនជាតិខ្មែរ) អាយុ៧ខែ មានអាសយដ្ឋាននៅស្នាក់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់បុគ្គលទាំងពីរខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបបានចំនួន ២,៦២១នាក់ (ក្នុងចំនួននេះមានរាជធានីភ្នំពេញ ២,១៣១នាក់) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ដូច្នេះចំនួនសរុបដែលបានធ្វើតេស្ត នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤,៨៦៩នាក់ ដែលនៅក្នុងចំនួននេះ លទ្ធផលតេស្តបានបង្ហាញ ថាមានអ្នក វិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៧នាក់ (ក្នុងចំនួននេះ មានទាំងករណីវិជ្ជមានវីរុសកូវីដ- ១៩ ថ្មី ចំនួន០៣នាក់ខាងលើនេះដែរ) ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា!។ រីឯចំនួននៅសល់ ៤.៨៥២នាក់ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។

ដោយឡែកសម្រាប់អ្នកជាសះស្បើយចំនួន ៣នាក់វិញរួមមាន៖

១) បុរសជនជាតិខ្មែរអាយុ ៥១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមន្ត្រី ផ្នែកប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ប្រចាំបេសកកម្មនៅ ប្រទេសស៊ូដង់ខាងត្បូង (UNMISS) បន្តជើងហោះហើរនៅប្រទេសគុយបា មកបន្តជើងហោះហើរនៅប្រទេសអេត្យូពី (Ethiopia) រួចបានបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបាន អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

២) បុរសជនជាតិហុងគ្រីអាយុ ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា មានអាសយដ្ឋានស្នាក់ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបាន អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

៣) បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើ ដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់ ៕