ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការជួសជុលប្រាសាទបាតជុំក្នុងដំណាក់កាលទី១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 19

ប្រាសាទបាតជុំកសាងឡើងដោយមន្រ្តីម្នាក់ឈ្មោះកវិន្រ្ទារីមថនក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាពាក់កណ្ដាលសតវត្សរ៍ទី១០ ប្រាសាទនេះសាងអំពីឥដ្ឋមានតួប៉មចំនួនបីស្ថិតនៅលើខឿនថ្មបាយក្រៀម ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ បច្ចុប្បន្នប្រាសាទនេះ កំពុងរងការខូចខាតច្រើនអន្លើដោយសារកត្តាធម្មជាតិ អាយុកាល និងគុណភាពសម្ភារៈសំណង់។

ក្នុងគោលបំណងពង្រឹង សង្រ្គោះប្រាសាទឱ្យជៀសផុតពីហានិភ័យ និងលើកតម្លៃប្រាសាទ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំណើរការជួសជុលតាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដែលគ្រោងនឹងបញ្ចប់នៅក្នុងខែមករា ឆ្នាំ២០២០នេះ។

កញ្ញា ដយ ពេជ្រជីរ៉ា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបានឱ្យដឹងថា ប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លាំង ឥដ្ឋរលុះធ្ងន់ធ្ងរនិងច្រើនកន្លែងដូចជានៅផ្នែកខាងលើផ្តែរនៃប៉មខាងជើង ក្បាលសសរផ្អោបនិងគល់សសរផ្អោបជ្រុងខាងកើតនៃប៉មខាងជើងរលុះបាក់ខ្លាំង។ ឥដ្ឋផ្នែកដំបូល ជ្រុងកែងនិងលើជញ្ជាំងមានស្នាមប្រេះ រលុះបាក់និងពុកផុយ មានរុក្ខជាតិដុះតាមស្រទាប់ឥដ្ឋនិងទឺកភ្លៀងជ្រាបតាមស្នាមប្រេះធ្វើឲ្យតួប៉មពុកផុយ។ ចំណែកថ្មខឿនរំកិលចេញពីទីតាំងដើម មិនតែប៉ុណ្ណោះសំបុកកណ្ដៀរមាននៅក្នុងស្នាមប្រេះទាំងនោះ។

ដើម្បីជួសជុលនិងកាត់បន្ថាយហានិភ័យនេះ កញ្ញា ពេជ្រជីរ៉ា បញ្ជាក់ថា ជាដំបូងក្រុមអ្នកជំនាញបានជួសជុលនូវផ្នែកខាងជើងដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ជាពិសេសទីតាំងឥដ្ឋក្រៀកហែកចេញពីគ្នារហូតដល់២១សង់ទីម៉ែត្រនៅជញ្ជាំងខាងជើង។ កញ្ញា បន្ថែមថា បន្ទាប់មកក្រុមអ្នកជំនាញបានជួសជុលបិតភ្ជាប់ស្នាមប្រេះផ្នែកខាងក្នុងនិងខាងក្រៅដើម្បីការពារការជ្រាបទឹក ជៀសវាងការខូតខាតណាមួយបន្ថែមទៀត។

ចំពោះបច្ចេកទេស កញ្ញាបានឱ្យដឹងថា ទីតាំងខូចខាតក្រុមការងារបានរុះរើឥដ្ឋដែលពុកផុយនិងជួសជុលពង្រឹងឡើងវិញជាផ្នែកៗដោយរក្សាទម្រង់ដើមរបស់ប្រាសាទនិងរក្សាបច្ចេកទេសបុរាណ ហើយរក្សាតម្លៃប្រវត្តិនៃស្ថាបត្យកម្មប្រាសាទ។ ម្យ៉ាងវិញទៀត យើងបានស្វែងរកឥដ្ឋចាស់ៗនិងប្រើឡើងវិញ រួមទាំងបន្ថែមឥដ្ឋថ្មីស្របតាមកម្រិតខូចខាតនៃសំណង់និងគោរពតាមទ្រឹស្តី និងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌( ធម្មនុញ្ញអង្គរ និង អាយស៊ីស៊ី អង្គរ)។ ចំពោះបច្ចេកទេសលាយបាយអរធ្វើតាមរូបមន្តបុរាណ នឹងមានកម្មករជំនាញមានបទពិសោធន៍ផ្នែកជួសជុលប្រាសាទឥដ្ឋជាច្រើនឆ្នាំចូលរួមផងដែរ៕

អត្ថបទទាក់ទង