ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 44
អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ» អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ»

នៅសាលសន្និសីទអង្គរនៃអាជ្ញាជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី«បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ» ជូនដល់មន្ត្រី-បុគ្គលិក មកពីនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ រួមទាំងនិស្សិតមហាវិទ្យាស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ សរុបចំនួន១០០នាក់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា និងនិស្សិត លើការងារពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់នៃការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងនិតិវិធីក្នុងការចុះសម្របសម្រួលការងារប្រកបដោយប្រសិទ្ធិភាព ស្របតាមទិសដៅរបស់អាជ្ញាធរជាតិអប្សរា ជាពិសេសដើម្បីអប់រំ និងផ្សព្វផ្សាយចំណេះដឹងដល់និស្សិតលើកិច្ចការរបស់អាជ្ញាធរជាតិអប្សរា និងការគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។

វាគ្មិនលោក ស៊ឹម ប៊ុនធឿន និងជាអនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានធ្វើបទបង្ហាញ៤ចំណុចសំខាន់ៗដល់សិក្ខាកាម រួមមាន៖

  1. ច្បាប់គតិយុត្ត (ការគ្រប់គ្រង និងប្រើប្រាស់ដី ការបដិសេធច្បាប់សាងសង់ ការអនុញ្ញាតច្បាប់សាងសង់)
  2. សំណង់លំនៅដ្ឋានខ្មែរ (លក្ខណៈទូទៅនៃផ្ទះខ្មែរ ប្រភេទសំណង់នៃផ្ទះខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ផ្ទះខ្មែរ និងការតុបតែងកែលម្អ)
  3. ការផ្លាស់ប្ដូរសំណង់ផ្ទះខ្មែរ
  4. គោលការណ៍របស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រងលំនៅដ្ឋានប្រពៃណីក្នុងឧទ្យានអង្គរ។

ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធិភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវបទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា

អត្ថបទទាក់ទង