ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 58

នៅក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី ក្រៅពីដើម្បីដឹងអំពីការវិវឌ្ឍនៃរចនាសម្ពន្ធនិងទំនាក់ទំនងរបស់សំណង់នីមួយៗ រួមទាំងដឹងព័ត៌មានលម្អិតបន្ថែមពីការកំណាយនៅឆ្នាំ១៩៩៥និង១៩៩៦នោះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន ក៏បានផ្តោតសំខាន់លើការបណ្ដុះបណ្ដាលធនធានមនុស្សនិងការស្រាវជ្រាវដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងកិច្ចការកំណាយស្រាវជ្រាវបុរាណវិទ្យាដល់អ្នកជំនាន់ក្រោយនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យសូហ្វីយ៉ា។

កម្មសិក្សាការីដែលបានចូលរួមក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានេះមានចំនួន១១នាក់ មកពីមហាវិទ្យាល័យបុរាណវិទ្យានិងស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងនិស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យសូហ្វីប្រទេសជប៉ុន។ រីឯអ្នកស្រាវជ្រាវមានចំនួន៥នាក់ មកពីអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា។

 

លោក ថូ ថុន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ការធ្វើកំណាយនៅបន្ទាយក្តីគឺមានសារៈសំខាន់ណាស់សម្រាប់អាជ្ញាធរជាតិអប្សរាដែលមានតួនាទីជាអ្នកគ្រប់គ្រងប្រាសាទក្នុងតំបន់អង្គរដើម្បីចងក្រងឯកសារបោះពុម្ពរវាងតួប៉មនីមួយៗ ការសិក្សាជាស្រេចនៃទំនាក់ទំនងគ្រឹះប្រាសាទ ងាយស្រួលក្នុងការជួសជុលនៅពេលក្រោយ ការដឹងទិន្នន័យថ្មីៗសម្រាប់ផ្សព្វផ្សាយ និងការស្រាវជ្រាវបន្តនៅអនាគត។

បុរាណវិទូរូបនេះបន្តថា ចំពោះការបណ្តុះបណ្តាលក៏ជាផ្នែកសំខាន់ដែលអាជ្ញាធរជាតិអប្សរាតែងបង្រៀនទៅអ្នកជំនាន់ក្រោយ។ ជាក់ស្តែងពេលនេះ យើងបានបង្រៀនសិស្សក្នុងការធ្វើផែនទីក្នុងការដ្ឋានកំណាយ វិធីសាស្ត្រធ្វើកំណាយដើម្បីឱ្យពួកគេយល់ដឹងពីការប្រើប្រាស់ការចាប់ផ្តើមការដ្ឋានកំណាយបុរាណវិទ្យា ការចុះបញ្ជីវត្ថុសិល្បៈ ការគូរអំពីវត្ថុសិល្បៈដែលបានពីកំណាយ ការវាស់ស្ទង់។ល។ ទាំងនេះជាប្រយោជន៍សម្រាប់អ្នកជំនាន់ថ្មីអាចយកទៅពង្រឹងសមត្ថភាពក្នុងការបំពេញការងារ យល់ច្បាស់ពីវិធីសាស្ត្រកំណាយស្រាវជ្រាវបុរាណវិទ្យា ចេះចងក្រងឯកសារ បានដឹងពីព័ត៌មានថ្មី ហើយក៏ជាកិច្ចការដែលអ្នកជំនាន់មុនត្រូវធ្វើសម្រាប់អ្នកជំនាន់ក្រោយផងដែរ។

កញ្ញា អ៊ឹង មរកត អតីតនិស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ធ្លាប់ចូលរួមជាច្រើនលើកជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាបានឱ្យដឹងថា ការចូលរួមកំណាយយើងមានការលំបាកខ្លះដោយត្រូវដឹងច្បាស់ពីបច្ចេកទេសនៃការកំណាយ ការផ្លាស់ប្តូរឧបករណ៍ប្រើប្រាស់ក្នុងការកំណាយ និងជីកយកវត្ថុសិល្បៈដែលបានឃើញ ឯការអនុវត្តត្រូវធ្វើដោយថ្នមៗបំផុត ខ្លាចវាបង្កបញ្ហាឱ្យបាក់បែកដល់វត្ថុទាំងនោះ។

កញ្ញា មរកត បន្តថា ការចូលរួមក្នុងកិច្ចការកំណាយស្រាវជ្រាវគឺសំខាន់ណាស់ក្នុងនាមអ្នកបុរាណវិទ្យា ព្រោះយើងនឹងដឹងពីវិធីសាស្ត្រកំណាយ ដឹងពីព័ត៌មានទាក់ទងនឹងរបកគំហើញថ្មីៗក្នុងការស្រាវជ្រាវ ដែលអាចយកមកអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឱ្យបានកាន់តែប្រសើរក្នុងការបំពេញការងារ៕

 

អត្ថបទទាក់ទង