ខ្មែរប៉ុស្ដិ៍ Close

សឹង្ហបុរី៖ កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយសន្តិភាពដែលទទួលបាននេះគឺបានមកដោយពិបាកខ្លាំងណាស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 21
សឹង្ហបុរី៖ កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយសន្តិភាពដែលទទួលបាននេះគឺបានមកដោយពិបាកខ្លាំងណាស់ សឹង្ហបុរី៖ កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយសន្តិភាពដែលទទួលបាននេះគឺបានមកដោយពិបាកខ្លាំងណាស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ Goh Si Hou មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសឹង្ហបុរី នៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។​ ក្នុងជំនួបនោះ លោក Goh Si Hou បានជម្រាបជូនលោក ហ៊ុន សែន ថាលោកធ្លាប់បានមកកាន់ប្រទេសកម្ពុជា ហើយដំណើរទស្សនកិច្ចជាផ្លូវការនៅពេលនេះ លោកមានអារម្មណ៍ថាកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយការអភិវឌ្ឍនោះសោត គឺជាការអភិវឌ្ឍរយៈពេល២០ឆ្នាំជាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយ សន្តិភាពដែលទទួលបានមកនេះគឺបានដោយពិបាកហើយសន្តិភាពនេះស្ថិតនៅជាកត្តាដ៏សំខាន់របស់កម្ពុជាសម្រាប់រយៈពេលវែងថែមទៀត។

មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសឹង្ហបុរី បានបង្ហាញនូវក្តីរីករាយរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត ផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកមានប្រសាសន៍បន្តទៀតថា លោក រួមជាមួយនឹងលោក ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ រួមទាំងផលប្រយោជន៍អាស៊ានផងដែរ។ ជាមួយគ្នានេះផងដែរ លោកបានជម្រាបជូនផងដែរថា កងទ័ពទាំងពីរកន្លងមកមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អហើយ នឹងបន្តនូវទំនៀមទម្លាប់កិច្ចសហប្រតិបត្តិការល្អនេះជាបន្តទៀត។

លោក ហ៊ុន សែន បានទទួលការស្វាគមន៍ និងកិច្ចពិ​ភាក្សារវាងលោក​ Goh Si Hou និងលោក ហ៊ុន ម៉ាណែត ហើយលោកក៏បានមានប្រសាសន៍ផងដែរថា ជាការពិតណាស់កងទ័ពទាំងពីរចាំបាច់ត្រូវចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ក៏ដូចជាការហ្វឹកហាត់រួមគ្នាផងដែរ។ លោកបញ្ជាក់ថា នៅពេលនេះពិភពលោកមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀប​ធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរពិតជាមានសារៈ​សំខាន់។ លោកក៏បានជម្រាបជូនលោក Goh Si Hou អំពីនយោបាយរបស់កម្ពុជាគឺប្រជាពលរដ្ឋគឺជាខឿនការពារជាតិកម្ពុជា កងទ័ពមានតួនាទីសំខាន់ក្នុងការការពារជាតិ ក៏ប៉ុន្តែក្រៅពីនេះកងទ័ពកម្ពុជា ក៏មានតួនាទីចូលរួមក្នុងការជួយបង្កបង្កើនផល ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអន្តរាយ និងចូលរួមការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ទៀតថា លោកពុំមានការជឿជាក់ថាការប្រើកម្លាំងក្នុងការដោះស្រាយបញ្ហានោះបានទេ ផ្ទុយទៅវិញការចរចា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេ ដែលដោះស្រាយរាល់បញ្ហាទាំងឡាយបាន។ ក្នុងន័យនេះនាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថាកម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំប្រទល់កម្ពុជាជាមួយនឹងប្រទេស​ជិតខាងអាចក្លាយជាព្រំប្រទល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ លើសពីនោះទៅទៀតគឺការកែប្រែតំបន់ដែលធ្លាប់ជាអតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ៕

អត្ថបទទាក់ទង