លោក ប៉ាន សូរស័ក្ដិ៖ «ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យមក្នុងការជួបជាមួយនឹងអតិថិជន»
នៅថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្ដិ បានបន្តចូលរួមថ្ងៃទី២ នៃព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» ដែលរៀបចំដោយសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD)។
ដោយយោងលើចំណាប់អារម្មណ៍ខ្ពស់លើការប្រឹងប្រែង និងគំនិតផ្ដួចផ្ដើម របស់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមអេឡិចត្រូនិច ដើម្បីជាគំរូមួយដ៏ល្អសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត លោករដ្ឋមន្ត្រីតំណាងឲ្យកម្ពុជាត្រូវបានអញ្ជើញចូលរួមវគ្គពិភាក្សាចំនួនពីរទៀតនៅក្នុងព្រឹត្តិការណ៍នេះ។
វគ្គពិភាក្សាដំបូងគឺ «កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រី ស្ដីពីផលប៉ះពាល់របស់ប្រព័ន្ធឌីជីថលទៅលើការអភិវឌ្ឍដោយចេរភាព (Ministerial Roundtable: Digital Impacts on Sustainable Development)» ដោយមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីប្រទេសលីបេរីយ៉ា អូហ្គង់ដា និងសេណេហ្គាល់។ នៅក្នុងបទអន្តរាគមន៍ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយរបាំងសម្រាប់ការនាំចេញ ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យម អាចមានឱកាសចូលរួមធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារសកលលោកបាន ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួលដល់សហគ្រានធុនតូច និងមធ្យមទាំងនោះក្នុងការជួបជាមួយនឹងអតិថិជន និងធ្វើការផ្សព្វផ្សាយលក់ទំនិញរបស់ខ្លួន។
លើសពីនេះទៀត ការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលមានភាពទូលំទូលាយ នឹងជំរុញឲ្យមានគំនិតច្នៃប្រឌិត និងនវានុវត្តថ្មីៗសម្រាប់ធ្វើពាណិជ្ជកម្ម បង្កើនសហគ្រិនភាព និងបង្កើតការងារសម្រាប់ស្ត្រី យុវជន និងអ្នកជំនួញដទៃទៀត ដូចជាប្រជាពលរដ្ឋនៅតាមជនបទជាដើម។
លោកបញ្ចប់បទអន្តរាគមន៍ដោយគូសបញ្ជាក់ថា ទោះបីជាប្រព័ន្ធឌីជីថលមានផលប្រយោជន៍ច្រើនក៏ពិតមែន បញ្ហាប្រឈមទាំងឡាយដូចជា កង្វះខាតចំណេះដឹងលើប្រព័ន្ធព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់លិខិតបទដ្ឋានគតិយុត្តិ ត្រូវតែដោះស្រាយឲ្យបានរួចរាល់ មុននឹងអាចទាញយកផលប្រយោជន៍នេះបាន ហើយលោកក៏បានអំពាវនាវបន្ថែមទៀត ទៅកាន់សហគមន៍ដៃគូអភិវឌ្ឍដើម្បីជួយកម្ពុជាក្នុងការងារនេះ។
នៅរសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាលើ «បែបផែនអភិវឌ្ឍនៃផ្លាត់ហ្វមឌីជីថល (Development Dimensions of Digital Platforms)» ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗមកពីប្រព័ន្ធអង្គការសហប្រជាជាតិ និងលោក Roberto Azevedo អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
នៅក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រីក៏បានចូលរួមមតិផងដែរ ដោយលើកឡើងថាប្រព័ន្ធបច្ចេកវិទ្យាមានការផ្លាស់ប្ដូរជាលំដាប់ ហើយផ្លាត់ហ្វមឌីជីថលបានរួមចំណែកធំមួយដល់ការប្រែក្លាយគំរូធុរកិច្ច (Business Model) ដើម្បីស្វែងរកផលចំណេញអតិប្បរិមា។
លោកបន្ថែមទៀតថា ផ្លាត់ហ្វមឌីជីថលដែលមានទ្រង់ទ្រាយជាទីផ្សារពាណិជ្ជកម្មតាមអេឡិចត្រូនិច ជាកម្លាំងចលករមួយដើម្បីជំរុញឲ្យមានការគិតគូឡើងវិញអំពីរបៀបធ្វើពាណិជ្ជកម្មដើម្បីផ្ដល់ផលប្រយោជន៍ជាបរិយាប័ន្នដល់អ្នកពាក់ព័ន្ធ ដូចនេះកម្ពុជាត្រូវតែបន្តដំណើរទៅមុខទៀត និងប្រឹងប្រែងយល់ឲ្យបានច្បាស់លាស់អំពីផ្លាត់ហ្វមឌីជីថលនេះ ដើម្បីទាញយកផលប្រយោជន៍ពីផ្លាត់ហ្វមឌីជីថលដែលមានស្រាប់ ឬបង្កើតផ្លាត់ហ្វមឌីជីថលក្នុងស្រុកដែលស្របតាមបរិបទកម្ពុជា ដើម្បីជាច្រកមួយក្នុងការធ្វើពាណិជ្ជកម្មទៅលើទីផ្សារពិភពលោក។
ក្រៅពីបានចូលរួមវគ្គពិភាក្សាទាំងពីរខាងលើ លោករដ្ឋមន្ត្រី ក៏បានឆ្លៀតជួបពិភាក្សាការងារជាមួយ លោកស្រី ឆាមីកា ស៊ីរីម៉ានណេ (Shamika Sirimane) នាយកផ្នែកបច្ចេកវិទ្យា និងភស្ដុភារនៃអង្គការ UNCTAD។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការសិក្សាអំពីប្រព័ន្ធដឹកជញ្ជូនទំនិញ (delivery system) ដោយប្រើបច្ចេកវិទ្យា ពិនិត្យ និងបំពេញបន្ថែមកង្វះខាតរបស់សេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិច ជាពិសេសលើកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា ច្បាប់ប្រកួតប្រជែង ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមអេឡិចត្រូនិច និងការចូលរួមលើការធ្វើបច្ចុប្បន្នភាពឯកសារវិភាគសមាហរណកម្មពាណិជ្ចកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣៕