ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបជាមួយសមាគមផលិតករ LA MAISON DU GRUYÈRE ដើម្បីពង្រីកការប្រើប្រាស់ និងស្វែងរកដៃគូនាំចេញ “ម្រេចកំពត”ឲ្យបានកាន់តែទូលំទូលាយថែមទៀត LA MAISON DU GRUYÈRE

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបជាមួយសមាគមផលិតករ LA MAISON DU GRUYÈRE ដើម្បីពង្រីកការប្រើប្រាស់ និងស្វែងរកដៃគូនាំចេញ “ម្រេចកំពត”ឲ្យបានកាន់តែទូលំទូលាយថែមទៀត LA MAISON DU GRUYÈRE ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបជាមួយសមាគមផលិតករ LA MAISON DU GRUYÈRE ដើម្បីពង្រីកការប្រើប្រាស់ និងស្វែងរកដៃគូនាំចេញ “ម្រេចកំពត”ឲ្យបានកាន់តែទូលំទូលាយថែមទៀត LA MAISON DU GRUYÈRE

(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ឆ្លៀតឱកាសក្នុងពេល​តម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាជាមួយសមាគមផលិតករ LA MAISON DU GRUYÈRE លោក M. Eric Thevenod ទីប្រឹក្សាផ្នែកម៉ាកសម្គាល់ភូមិ​សាស្ត្រទំនិញនៃវិទ្យាស្ថានកម្មសិទ្ធិបញ្ញា លោក Georges Magnin តំណាងភោជនីយដ្ឋាន នៃសហព័ន្ធស្វីស ដើម្បីពង្រីកការប្រើប្រាស់ និងស្វែងរកទីផ្សារនាំចេញ “ម្រេចកំពត” ឲ្យបានកាន់តែទូលំទូលាយថែមទៀត និងអញ្ជើញទស្សនាខ្សែចង្វាក់ផលិតកម្មឈីស LA GRUYÈRE ដែលជាឈ្មោះប្រភពដើមទំនិញបានការពារ និងមានកិត្តិនាមល្បីល្បាញ ដើម្បីស្វែងយល់ពីការអនុវត្ត និងស្រង់យកបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍភូមិមួយផលិតផលមួយ ការបង្កើតការងារ ការទាក់ទាញភ្ញៀវទេសចរ និងការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក តាមរយៈការប្រើប្រាស់ឈ្មោះប្រភពដើមទំនិញ ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៃសហព័ន្ធស្វីសផងដែរ។

សូមបញ្ជាក់ថា ប្រវត្តិនៃឈ្មោះប្រភពដើមទំនិញ “LA GRUYÈRE” នេះ បានកកើតឡើងតាំងពីឆ្នាំ ១១១៥ រហូតមក ដែលមានកិត្តិនាមល្បីល្បាញប្រកបដោយសក្តានុពល​ក្នុងការផលិតឈីស (Cheese) ចេញពីទឹកដោះគោ ក្នុងបរិមាណ ២៩០០០​តោន ក្នុងមួយឆ្នាំ ដែលការសម្ងាត់ និងវិធីសាស្ត្រក្នុងការផលិតបានផ្ទេរពីជំនាន់មួយ​មក​ជំនាន់មួយក្នុងស្រុក LA GRUYÈRE នៃសហព័ន្ធស្វីសឈីស។ ផលិតឈីសឈ្មោះ LA GRUYÈRE នេះ បានផលិតឡើងដោយប្រើប្រាស់ទស្សនទាន និងប្រព័ន្ធវិញ្ញាតកម្មនៃឈ្មោះប្រភពដើមទំនិញ ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលផ្សារភ្ជាប់នឹងតំបន់ភូមិសាស្ត្រទំនិញ ទឹកដី ធាតុអាកាស កត្តាមនុស្ស និងចំណេះជំនាញជាលក្ខណៈប្រពៃណី ព្រមទាំងបានធ្វើទំនើបកម្មជាមួយបច្ចេកវិទ្យាសម័យទំនើបខ្លះៗប៉ុណ្ណោះ ទើប​ផលិតផលឈីសឈ្មោះ LA GRUYÈRE នេះមានលក្ខណៈពិសេស និងកិត្តិនាមល្បីល្បាញដែលអតិថិជនទទួលស្គាល់ និងនិយមបរិភោគរហូតមក។

ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ការជំរុញ និងកែច្នៃផលិតផលដែលមានលក្ខណៈពិសេស និងមានរសជាតិប្លែកៗ ដោយមានប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់លើគុណភាពផលិតផលក្នុងកម្រិតស្តង់ដារជាក់លាក់ណាមួយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារអន្តរជាតិ ដែលអតិថិជនមានជីវភាពកាន់តែប្រសើរឡើងចង់បានអ្វីដែលប្លែកៗមកប្រើប្រាស់ និងបរិភាគនោះ សមាគមផលិតករ LA MAISON DU GRUYÈRE ទើបតែកែច្នៃបង្កើតផលិតផលឈីសប្រភេទថ្មី ដោយប្រើប្រាស់ម្រេចជាធាតុផ្សំមួយសំខាន់ក្នុងការផលិតរបស់ខ្លួន ដែលមានរសជាតិប្លែកថ្មីមួយទៀត”។

ឆ្លៀតយកឱកាសនៃការកែច្នៃបង្កើតផលិតផលឈីសប្រភេទថ្មីរបស់សមាគមផលិតករ LA MAISON DU GRUYÈRE ខាងលើ ឯកឧត្តម ប៉ាន សូរស័ក្តិ បានពិភាក្សាជាមួយអ្នកពាក់ព័ន្ធខាងលើ ដើម្បីបញ្ចុះបញ្ចូលឲ្យសមាគមបែរមកប្រើប្រាស់ “ម្រេចកំពត” ជាធាតុផ្សំក្នុងការផលិតឈីសប្រភេទថ្មីនេះវិញ ហើយជាការឆ្លើយតបសមាគមបានសន្យា​ធ្វើការពិចារណា និងឆ្លៀតពេលមកទស្សនាចំការម្រេចកំពត ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងលក្ខណៈពិសេសរបស់ម្រេចកំពតទៀតផង។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា បើ “ម្រេចកំពត” ត្រូវជ្រើសរើសជាធាតុផ្សំក្នុងការផលិតឈីសប្រភេទថ្មីបន្ថែមទៀតនោះ ទីផ្សារនាំចេញ “ម្រេចកំពត” នឹងកាន់តែរីកធំធាត់ថែមទៀត ដែលនឹងចូលរួមចំណែកលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរឡើងបានមួយកម្រិតទៀត។

អត្ថបទ៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួង​ពាណិជ្ជកម្មកម្ពុជា​

អត្ថបទទាក់ទង