ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈវិភាគ៖ តើ សម រង្ស៊ី នៅតែជាប្រធានស្តីទីខ្មោចគណបក្សសង្រ្គោះជាតិដែរឬទេ?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 47
ទស្សនៈវិភាគ៖ តើ សម រង្ស៊ី នៅតែជាប្រធានស្តីទីខ្មោចគណបក្សសង្រ្គោះជាតិដែរឬទេ? ទស្សនៈវិភាគ៖ តើ សម រង្ស៊ី នៅតែជាប្រធានស្តីទីខ្មោចគណបក្សសង្រ្គោះជាតិដែរឬទេ?

ការសម្រេចរបស់តុលាការឱ្យ កឹម សុខា មានសេរីភាពក្នុងការធ្វើដំណើរនៅទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានក្លាយជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ និងមានការយកចិត្តទុកដាក់ច្រើនរហូតដល់អ្នកខ្លះ ស្ទើរភ្លេចលែងចាប់អារម្មណ៍អំពីវត្តមាន សម រង្ស៉ី នៅលើដីប្រទេសម៉ាឡេស៊ី។ ការសម្រេចរបស់តុលាការនេះបានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសក្រុមអ្នកគាំទ្ររបស់ខ្មោចគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមចោទសួរថា តើនរណាជាប្រធានពិតប្រាកដនៃខ្មោចគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ តាមច្បាប់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីបានរកឃើញថា មានការឃុបឃិតជាមួយបរទេសធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់? តើជា កឹម សុខា ឬក៏សម រង្ស៊ី? សាធារណមតិជាតិ និងអន្តរជាតិ ពិតជាចង់ដឹងចម្លើយច្បាស់លាស់ចំពោះសំណួរនេះ ជាពិសេសសកម្មជន កឹម សុខា និយម និងក្រុម សម រង្ស៊ី និយមដែលហាក់ដូចជាមិនច្បាស់ក្នុងចិត្ត។

ចៅចាក់ស្មុក មិនមែនអ្នកសម្រេចជំនួសក្រុមនយោបាយបែកបាក់ទាំង២ទេ ប៉ុន្តែសូមចូលរួមបង្ហាញទិដ្ឋភាពមួយចំនួនជុំវិញការដណ្តើមគ្នាគ្រប់គ្រងកម្លាំងប្រឆាំងនេះគឺ៖
ទី១៖ កឹម សុខា ត្រូវបានអង្គសមាជបោះឆ្នោតឱ្យធ្វើជាប្រធានគណបក្សសង្គ្រោះជាតិនៅអំឡុងខែមីនា ឆ្នាំ២០១៧ ក្រោយពី សម រង្ស៊ី បានលាលែងចេញពីតំណែង ជាប្រធានគណបក្សនិងចេញពីសមាជិកភាពនៃគណបក្សសង្គ្រោះជាតិ។ កឹម សុខា បន្តដឹកនាំគណបក្សសង្គ្រោះជាតិរហូតដល់គណបក្សនេះត្រូវបានរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងន័យច្បាប់ កឹម សុខា គឺជាប្រធានស្របច្បាប់នៃខ្មោចគណបក្សសង្គ្រោះជាតិ។ ចំណែក សម រង្ស៊ី ជាមនុស្សក្រៅបក្ស ហើយបានព្យាយាមក្នុងការឡើងមកគ្រប់គ្រងកម្លាំងប្រឆាំងឡើងវិញក្រោយពេល កឹម សុខា ត្រូវបានចាប់ខ្លួនពីបទសន្ទិដ្ឋភាពជាមួយបរទេសដោយ បានបង្កើតចលនាឧទ្ទាមសង្គ្រោះជាតិខុសច្បាប់ដែលរំពឹងថានឹងមានការគាំទ្រ ប៉ុន្តែខុសពីការរំពឹងទុកទាំងពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិមិនទទួលស្គាល់ ថែមទាំងថ្កោលទោសថែមទៀតផង។

ចុងក្រោយនៅពេលដែលដឹងថា ខ្លួនគ្មានទីតាំងនយោបាយឈរជើង សម រង្ស៊ី ដោយមានការឃុបឃិតពីអេង ឆៃអ៊ាង និង មូរ សុខហួរ និងបក្ខពួកមួយចំនួនទៀតបានរៀបចំកិច្ចប្រជុំមួយនៅសហរដ្ឋអាមេរិកនៅខែធ្នូ ឆ្នាំ ២០១៨ ដណ្តើមខ្មោចគណបក្សសង្គ្រោះជាតិពី កឹម សុខា ដោយតែងតាំងខ្លួនឯងថា ជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ។ ការប្រកាសខ្លួនឯងដោយខុសលក្ខន្តិកៈខ្មោចបក្សសង្គ្រោះជាតិថា ជាប្រធានស្តីទីត្រូវបានក្រុមកឹម សុខានិយមក្នុងនោះដឹកនាំដោយកូនស្រី កឹម សុខា បរិហារ សម រង្ស៊ី និងគូកនថាបានធ្វើបក្សប្រហារ បំបែកបំបាក់កម្លាំងបក្ស និងបំពានលក្ខន្តិកៈ ខណៈគណៈកម្មការចំពោះកិច្ចមួយត្រូវបានបង្កើតឡើងដើម្បីជំនួសគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ។ សម្រាប់ក្រុម កឹម សុខា ដែលមានភាពស្របច្បាប់លើខ្មោចគណបក្សសង្គ្រោះជាតិគឺ កឹម សុខា នៅតែជាប្រធានខ្មោចគណបក្សសង្គ្រោះជាតិ និងមិនទទួលស្គាល់តួនាទីជាប្រធានស្តីទីឡើយ។ សូម្បីតែ កឹម សុខា ក៏បានបញ្ជាក់តាមមេធាវីរបស់គាត់ថាមិនគាំទ្រចំពោះកិច្ចប្រជុំនាខែធ្នូ តែងតាំងសម រង្ស៊ី ជាប្រធានស្តីទីឡើយ។ ទាំងការបង្កើតចលនាសង្គ្រោះជាតិ និងការប្រកាសជាប្រធានស្តីទីរបស់ សម រង្ស៊ី ត្រូវបានគេមើលឃើញថាជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរ។

ទី២៖ សហគមន៍អន្តរជាតិ មន្ត្រីការទូតនានាក្នុងប្រទេសកម្ពុជាមិនរំឭកឈ្មោះ សម រង្ស៊ី ឡើយនៅពេលជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែពួកគេបានរំឭកពីឈ្មោះ កឹម សុខា។ មន្ត្រីទូតខ្លះនៅកម្ពុជាបានលើកឡើងថាពួកគេនឹងសប្បាយចិត្ត ប្រសិនបើមិននិយាយពីឈ្មោះ សម រង្ស៊ី។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត បានជំទាស់ជាចំហចំពោះផែនការនៃការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តន៍ហិង្សា ខណៈទណ្ឌិតរូបនេះប្រកាសថា ខ្លួនជាអ្នកប្រជាធិបតេយ្យនិងអ្នកប្រយុទ្ធដើម្បីសេរីភាព ប៉ុន្តែទង្វើរបស់ខ្លួនប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស។

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិខ្លះក៏បានលើកឡើងថា សម រង្ស៊ី ភូតកុហកច្រើនពេក និងក្លាយជាអ្នកនយោបាយគ្មានតម្លៃដែលត្រូវលើកមកនិយាយឡើយ។ ប្រទេសនានាក៏មិនបាននិយាយពីឈ្មោះ សម រង្ស៊ី ឡើយព្រោះសកម្មភាពទាំងឡាយដែល សម រង្ស៊ី និងក្រុមខ្លួនបានធ្វើ គឺជាសកម្មភាពដែលប្រឆាំងនឹងច្បាប់។ ចុងក្រោយនេះ សម រង្ស៊ី បានប្រកាសធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ពលរដ្ឋខ្មែរ។ គេមិនអាចគាំទ្របានឡើយចំពោះជនចង្រៃជាតិរូបនេះ។ ចុងក្រោយនេះការមិនគោរពតាមការសន្យាថា វិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា បានធ្វើឱ្យតម្លៃរបស់ សម រង្ស៊ី ធ្លាក់ដល់សូន្យគ្មាននរណាជឿទៀតឡើយ។ សម រង្ស៊ី មិនមែនមិនបានជួយ កឹម សុខា ឡើយ ប៉ុន្តែបានធ្វើសកម្មភាពទាំងឡាយដើម្បីបំផ្លាញ កឹម សុខា រុញកឹម សុខា ឱ្យវណ្ឌកកាន់តែខ្លាំងនឹងច្បាប់ដូចជាថា ខ្លួនក៏ជាមេបដិវត្តន៍ពណ៌ម្នាក់ដូច កឹម សុខា ដែរ និងបំបែកព្រលឹងខ្មោចគណបក្សសង្គ្រោះជាតិជាចំរៀកៗ តាមរយៈការបង្កើតសាខាខ្មោចគ ណបក្សសង្គ្រោះជាតិនៅនាយសមុទ្រ បំបែកកម្លាំងយុវជននៅក្រៅប្រទេស និងបំបែកកម្លាំងក្នុងស្រុក។

ទី៣៖ សម រង្ស៊ី ខ្លួនឯងក៏បានដឹងដែរថា ខ្លួនត្រូវបានគេចាប់ផ្តើមបំភ្លេចចោល មិនចាប់អារម្មណ៍និង មិនផ្តល់តម្លៃ បើប្រៀបធៀបនឹង កឹម សុខា។ កឹម សុខា ដែលក្រោយពីទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ត្រូវបានឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនានានៃបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកស្នើសុំជួបដើម្បីសាកសួរសុខទុក្ខ។ នេះបង្ហាញថាសហគមន៍អន្តរជាតិទទួលស្គាល់ កឹម សុខា ជាប្រធានខ្មោចគណបក្សសង្គ្រោះជាតិស្របច្បាប់ មិនមែន សម រង្ស៊ី ឡើយ។ សម រង្ស៊ី ដែលបានសម្លាប់ទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនទាំងក្នុង និងក្រៅប្រទេសដែលបានដាក់សេចក្តីរំពឹងយ៉ាងខ្ពស់ថា ទណ្ឌិតក្បត់ជាតិ រូបនេះ នឹងមានភាពក្លាហានហ៊ានវិលត្រឡប់មកកម្ពុជាវិញ។ ការវិលត្រឡប់វិញមកកម្ពុជា ដែលត្រូវបាន សម រង្ស៊ី ប្រើជាលេសដើម្បីចូលមកដឹកនាំផ្តួលរំលំរាជរដ្ឋាភិបាល។ សហគមន៍អន្តរជាតិ និងសង្គមស៊ីវិលមិនគាំទ្រ សម រង្ស៊ី ឡើយ ព្រោះវាជាទង្វើខុសច្បាប់។ ដូច្នេះគេមិនអាចមកប្រឡូកប្រឡាក់ជាមួយទណ្ឌិតក្បត់ជាតិ និងជាមេគំនិតរដ្ឋប្រហារនោះឡើយ។

ដូច្នេះតើ សម រង្ស៊ី ពេលនេះជាអ្វីទៅបើ កឹម សុខា មានសិទ្ធិដើរពេញផ្ទៃប្រទេសហើយនោះ? អ្នកវិភាគមួយចំនួនដែលប្រកាន់ក្រុមប្រឆាំងបានលើកឡើងថា តំណែងដែល សម រង្ស៊ី ប្រកាសខ្លួនឯងថា ជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិបានបញ្ចប់តាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង១០ នៅពេលដែលតុលាការ បានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌក្នុងការត្រួតពិនិត្យតាមផ្លូវតុលាការដល់ កឹម សុខា មកម៉្លេះ។ កឹម សុខា ដែលទទួលជួបមន្ត្រីទូតនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាប្រធានខ្មោចគណបក្សសង្គ្រោះជាតិ ចុះហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី នៅតែបន្តប្រើប្រាស់តួនាទីជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិបោកប្រាស់គេឯងទៀត? សម្រាប់ក្រុម កឹម សុខានិយម គឺគ្មានឡើយតំណែងប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិ ព្រោះតំណែងដែលកើតឡើងនេះ មិនស្របតាមលក្ខខណ្ឌខ្មោចបក្សសង្គ្រោះជាតិ ហើយ កឹម សុខា នៅតែទទួលស្គាល់ពីសហគមន៍អន្តរជាតិ និងសកម្មជនខ្លួនថាជាប្រធានខ្មោចគណបក្សសង្គ្រោះជាតិដដែល។ ជាមួយគ្នានេះចរន្តផ្ទៃក្នុងក្រុមប្រឆាំងក៏បាននិងកំពុងទាមទារឱ្យ សម រង្ស៊ី ដកខ្លួនចេញពីខ្មោចគណបក្សសង្គ្រោះជាតិ និងបញ្ឈប់ជាបន្ទាន់ការយកឈ្មោះខ្មោចគណបក្សសង្គ្រោះជាតិនិងឈ្មោះ កឹម សុខា ទៅប្រើប្រាស់បោកប្រាស់សកម្មជនតាមខ្សែញាក់របស់អាមាត្រមួយចំនួនដូចជា អេង ឆៃអ៊ាង និង មូរ សុខហួរ ជាដើមដែលនាំឱ្យសកម្មជនប្រឈមមុខនឹងច្បាប់ និងរត់ចោលស្រុក ព្រោះសម រង្ស៊ី មិនមែនជាសមាជិកខ្មោចគណបក្សសង្គ្រោះជាតិទៀតទេ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩

អត្ថបទទាក់ទង