ខ្មែរប៉ុស្ដិ៍ Close

មេទ័ពជាន់ខ្ពស់កម្ពុជានាយឧត្តមសេនីយ៍ គន់ គីម៖ សូមផ្តាំទៅកូនក្បត់ជាតិទណ្ឌិត សម រង្ស៊ី កងទ័ពបង្កើតឡើងដោយសម្តេចតេជោ ទោះក្ស័យជីវិតក៏ស្មោះជាមួយសម្តេចជានិច្ច

ដោយ៖ ទេព សុបញ្ញា ​​ | ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 75
មេទ័ពជាន់ខ្ពស់កម្ពុជានាយឧត្តមសេនីយ៍ គន់ គីម៖ សូមផ្តាំទៅកូនក្បត់ជាតិទណ្ឌិត សម រង្ស៊ី កងទ័ពបង្កើតឡើងដោយសម្តេចតេជោ ទោះក្ស័យជីវិតក៏ស្មោះជាមួយសម្តេចជានិច្ច មេទ័ពជាន់ខ្ពស់កម្ពុជានាយឧត្តមសេនីយ៍ គន់ គីម៖ សូមផ្តាំទៅកូនក្បត់ជាតិទណ្ឌិត សម រង្ស៊ី កងទ័ពបង្កើតឡើងដោយសម្តេចតេជោ ទោះក្ស័យជីវិតក៏ស្មោះសម្តេចជានិច្ច

ជាមួយនឹងការប្រតិកម្មនេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានផ្តាំទៅលោក សម រង្ស៊ី ថា កងទ័ពទាំងអស់របស់កម្ពុជា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះកងទ័ពស្មោះស្ម័គ្រជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន ទោះពួកគេត្រូវពលីជីវិតក៏ដោយ។

ប្រតិកម្មរបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់សម្ងំនៅក្រៅប្រទេសនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញមកអុចអាលជាថ្មីម្តងឲ្យកងទ័ពបញ្ឈប់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។

នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ចេញ​ប្រតិកម្ម​ថា «ខ្ញុំសូមផ្តាំទៅអាកូនក្បត់ជាតិ អាទណ្ឌិត សម រង្ស៊ី ឯងត្រូវដឹងឲ្យច្បាស់ពីសារបានរបស់កងទ័ពកម្ពុជា។ កងទ័ពទាំងអស់ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្កើតឡើងដើម្បីតស៊ូរំដោះប្រទេសជាតិចេញពីរបបវាលពិឃាត គ្រប់កាលៈទេសៈសម្តេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការផុតលេខរបស់កម្ពុជា ដូច្នេះកងទ័ពទាំងអស់បានបូជាជីវិត ដើម្បីការពាររាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ទោះបីក្នុងកាលៈទេសៈក៏ដោយ»

នាយឧត្តមសេនីយ៍ គន់ គីម បានចាត់ទុកការចេញមកអំពាវនាវម្តងហើយម្តងទៀតរបស់ទណ្ឌិត សម រង្ស៊ី ឲ្យកងទ័ពក្រោកប្រឆាំងសម្តេចតេជោ ហ៊ុន សែន ថា ជាទង្វើញុះញង់ ដើម្បីបង្កចលាចលក្នុងប្រទេស និងនាំទៅរកភាពវឹកវរក្នុងប្រទេស ដែលជាទម្លាប់ក្រុមក្បត់ជាតិចូលចិត្តប្រើ។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់បន្ថែមថា «ទង្វើរបស់ទណ្ឌិតរូបនេះ [លោក សម រង្ស៊ី] មិនខុសពីឪពុករបស់ខ្លួននោះទេ។ នេះជាទង្វើដែលក្រុមជនក្បត់ជាតិចូលចិត្តប្រើ ដើម្បីឈានទៅសម្រេចមហិច្ឆតារបស់ខ្លួន។ តែជោគវាសនា របស់ សម រង្ស៊ី ក៏មិនខុសពីឪពុករបស់គេនោះឡើយ ទីបំផុតគេនឹងជួបមានវាសនាដូចឪពុករបស់ខ្លួន គឺរត់គេចពីសំណាញ់ច្បាប់ ហើយក៏ត្រូវចោលឆ្អឹងនៅស្រុកគេ»

នាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំបន្ថែមទៅលោក សម រង្ស៊ី បើក្លាហានខ្លាំងសូមអញ្ជើញចូលស្រុកមកទទួលទោសតាមច្បាប់សិនទៅ មុននឹងឈានទៅនិយាយដល់រឿងដទៃ។

ទន្ទឹមនឹងការប្រតិកម្មនាយឧត្តមសេនីយ៍ គន់ គីម ក៏បានឆ្លៀតបញ្ជាក់ដែរថា បច្ចុប្បន្នក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យជីវភាពរបស់កងទ័ពកាន់តែល្អប្រសើរ ហើយក្នុងនោះប្រាក់បៀវត្សរ៍របស់កងទ័ពក៏ត្រូវបានដំឡើងជារៀងរាល់ឆ្នាំផងដែរ។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម កងទ័ពបានយល់យ៉ាងច្បាស់ថា តើនរណាដែលពួកគេគួរគោរព និងការពារ?

«ជនដែលត្រូវការពារ គឺជនដែលមានគុណបំណាច់សម្រាប់ជាតិ និងប្រជាជន មិនមែនជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី នោះឡើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ គន់ គីម។

សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងទ័ពកម្ពុជាចេញមកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ៕