ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សមត្ថកិច្ចនឹងចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ទោះជាវិលមកក្នុងថ្ងៃឈប់សម្រាក ៩វិច្ឆិកា ក៏ដោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សមត្ថកិច្ចនឹងចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ទោះជាវិលមកក្នុងថ្ងៃឈប់សម្រាក ៩វិច្ឆិកា ក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សមត្ថកិច្ចនឹងចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ទោះជាវិលមកក្នុងថ្ងៃឈប់សម្រាក ៩វិច្ឆិកា ក៏ដោយ

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះថា តាមច្បាប់ សមត្ថកិច្ចអាចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី បានបើទោះជាទណ្ឌិតនេះ វិលមកក្នុងថ្ងៃឈប់សម្រាក ៩វិច្ឆិកា ក៏ដោយ។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យោងតាមច្បាប់កម្ពុជា ការចាប់ខ្លួនទណ្ឌិតយកមកអនុវត្តទោសធ្វើបានបើទោះបីជាថ្ងៃឈប់សម្រាកក៏ដោយ ហើយអ្នកអមទណ្ឌិតគឺមានតែសមត្ថកិច្ចអនុវត្តច្បាប់តែប៉ុណ្ណោះ!»។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសអំពីកាលបរិច្ឆេទត្រឡប់មកកាន់ប្រទេសកម្ពុជា ជាថ្មីម្តងទៀត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ ដោយបញ្ជាក់ថា លោក និងថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ ដែលនៅក្រៅប្រទេស នឹងត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលចំនឹងថ្ងៃបុណ្យឯករាជ្យជាតិ។

នាពេលកន្លងទៅ ទណ្ឌិតរូបនេះ បានប្រកាសប្រាប់មហាជនជាតិ និងអន្តរជាតិថា ខ្លួននឹងវិលត្រឡប់មកប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០១៩ ទោះជាប្រឈមនឹងការចាប់ខ្លួន យកទៅអនុវត្តច្បាប់យ៉ាងណាក៏ដោយ ខណៈដែលសមត្ថកិច្ច បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងបានដាក់ចេញនូវវិធានការនានា ដើម្បីចាប់ទណ្ឌិតរូបនេះមកផ្តន្ទាទោសផងដែរ។

កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំរួមគ្នាមួយ ដើម្បីត្រៀមកម្លាំងអនុវត្តដីការបស់តុលាការ សម្រាប់ការចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បើសិនទណ្ឌិតរូបនេះហ៊ានចូលប្រទេសកម្ពុជា។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ធ្លាប់បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា «យើងឲ្យអស់លទ្ធភាពពាក់ព័ន្ធទាំងអស់ ទាំងនគរបាល ទាំងយោធា ទាំងប៉េអឹម ទាំងកម្លាំងអន្ដោប្រវេសន៍ទៀត […] យើងជាកងកម្លាំងទោះគាត់មក ឬមិនមក យើងត្រូវតែត្រៀមលក្ខណៈម្ចាស់ការ ហើយគាត់ចង់លលេងជាមួយរដ្ឋាភិបាលមិនបាននោះទេ។ គាត់ចង់មកផ្លូវទឹកក៏បាន ផ្លូវអាកាសក៏បាន ផ្លូវក្រោមដីក៏បានដែរឲ្យតែគាត់ចង់»។

លោក សម រង្ស៉ី កំពុងមានក្តីក្តាំនៅតុលាការជាច្រើនករណី ហើយក៏ត្រូវបានតុលាការកាត់ទោសជាបន្តបន្ទាប់រួចទៅហើយផងដែរ ក្នុងនោះមានសំណុំរឿងព្រហ្មទណ្ឌដូចជា ត្រូវតុលាការ ផ្ដន្ទាទោស ឱ្យ ជាប់ ពន្ធនាគារ ៥ ឆ្នាំ ពាក់ព័ន្ធ នឹង ករណី ក្លែង ឯកសារ ព្រំដែន កម្ពុជា – វៀតណាម និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ចំពោះករណីបរិហារកេរ្តិ៍ និងញុះញង់ចោទប្រកាន់ដោយគ្មានមូលដ្ឋានលើ សម្តេចតេជោ ហ៊ុន សែន រួមទាំងករណីផ្សេងៗជាច្រើនទៀត៕

អត្ថបទទាក់ទង