សេចក្តីថ្លែងការណ៍ចាត់ទុកឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក ជាក្រុមអ្នកនយោបាយក្រៅបក្ស ដែលមិនមែនតំណាងឲ្យអតីតគណបក្សសង្គ្រោះជាតិទេ
អតីតគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក កឹម សុខា បានគូសបញ្ជាក់សារជាថ្មី តាមសេចក្តីថ្លែងការណ៍ ដោយនៅតែរក្សាគោលការណ៍អហិង្សា និងសន្តិភាពនិយម។ នោះគឺក្រុមលោក កឹម សុខា បានបញ្ជាក់ថា គ្មានការជជែកគ្នា និងគ្មានការឯកភាពណាមួយ ឲ្យប្រើប្រាស់វប្បធម៌ហិង្សា និងការប៉ុនប៉ង ឈានទៅការគ្រប់គ្រងអំណាច តាមបែបបដិវត្តន៍ហិង្សា និងមិនតាមមធ្យោបាយប្រជាធិបតេយ្យ ដូចដែលក្រុមអ្នកនយោបាយក្រៅបក្សមួយចំនួន បាន និងកំពុងញុះញង់បង្កឡើយ។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់បន្ថែមថា «(អតីត) គណបក្សសង្គ្រោះជាតិ បានសង្កេតឃើញថា ក្រុមអ្នកនយោបាយមួយចំនួន រួមនឹងសមាជិកគណៈអចិន្ត្រៃយ៍មួយចំនួន បានសម្រេចជ្រើសរើសគោលជំហរហិង្សា ដោយបានប្រកាសពីការផ្តួលរំលំរដ្ឋាភិបាល និងការជេរប្រមាថព្រះមហាក្សត្រ ដែលផ្ទុយពីគោលការណ៍គណបក្សសង្គ្រោះជាតិ ដឹកនាំដោយឯកឧត្តម កឹម សុខា ទាំងស្រុង។ (អតីត)គណបក្សសង្គ្រោះជាតិ មិនទទួលខុសត្រូវចំពោះសកម្មជនមួយចំនួន ដែលបានលង់ខ្លួនចាញ់បោកប្រាស់ និងការអុជអាលរបស់ជនក្រៅបក្សឡើយ។ លទ្ធផលជាក់ស្តែង បានបង្ហាញយ៉ាងច្បាស់ថា អ្នកហិង្សានិយម ត្រូវប្រឈមមុខនឹងច្បាប់ អ្នកដែលរួមគំនិត ត្រូវបានចោទប្រកាន់ ត្រូវបានចាប់ខ្លួន និងដាក់ឃុំក្នុងពន្ធនាគារ រង់ចាំការជំនុំជម្រះក្តី»។
ក្នុងសេចក្តីថ្លែងការណ៍ ក្រុមលោក កឹម សុខា បានចាត់ទុកឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក គឺជាក្រុមអ្នកនយោបាយ ក្រៅបក្ស ដែលមិនមែនតំណាងឲ្យអតីតគណបក្សសង្គ្រោះជាតិទេ។ ស្ថាប័ន ដែលតំណាងឲ្យបក្សពិតប្រាកដ គឺជាគណៈកម្មការចំពោះកិច្ច ដែលត្រូវបានបង្កើតឡើង ក្រោយពេលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបច្ចុប្បន្ននេះ មានកញ្ញា កឹម មនោវិទ្យា ជាអ្នកដឹកនាំធ្វើសកម្មភាពការទូតតស៊ូមតិ នៅក្នុងសហគមន៍អន្តរជាតិ ហើយបន្តអនុវត្តយុទ្ធសាស្ត្រសកម្មភាព ដើម្បីស្វែងរកដំណោះស្រាយ មិនមែនកំណត់យុទ្ធសាស្ត្រ ដើម្បីឲ្យតែឃើញ គ្មានផែនការច្បាស់លាស់នោះទេ៕
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម៖